មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម គ្រោងជួបពិភាក្សាជាមួយភាគីជប៉ុននៅសប្ដាហ៍ក្រោយនេះ ដើម្បីសិក្សាពីការបញ្ចៀសទឹកជំនន់ស្ទឹងព្រែកត្នោត ក្រោយពីទឹកស្ទឹងមួយនេះបានគំរាមកំហែងដល់ផ្នែកខ្លះនៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងកំពង់ស្ពឺជាបន្តបន្ទាប់ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ ថ្លែងប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា ប្រធានសមាគមជប៉ុន-កម្ពុជា លោក Takahashi Fumaiki កាលពីថ្ងៃម្សិលមិញ បានចូលជួបសម្ដែងការគួរសមជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព ដោយក្នុងជំនួបនោះ សមាគមជប៉ុនបានស្នើសុំឱ្យមានការផ្ដល់លទ្ធភាពដល់ក្រុមហ៊ុនរបស់ជប៉ុនសិក្សាពីការរកវិធីបញ្ចៀសទឹកជំនន់ស្ទឹងព្រែកត្នោត។
លោក លឹម គានហោ បន្តថា ក្រោយការស្នើនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឱ្យលោក Takahashi Fumaiki ជួបពិភាក្សាជាមួយក្រសួងធនធានទឹក និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីបង្ហាញគម្រោងសិក្សាការបញ្ចៀសទឹកជំនន់ស្ទឹងព្រែកត្នោត និងសម្រេចធ្វើការងារនេះរួមគ្នា។
លោករដ្ឋមន្ត្រីបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ មិនទាន់មានលទ្ធផលឬការសម្រេចណាមួយនៅឡើយ ដោយក្រសួងគ្រោងនឹងជួបពិភាក្សាគ្នាជាមួយខាងភាគីជប៉ុននៅដើមសប្ដាហ៍ក្រោយទៀត។
លោកបន្ថែមថា៖ «គាត់ [ភាគីជប៉ុន] លើកក្នុងហ្នឹងមានបញ្ហារឿងព្រែកត្នោតផង និងកំណាត់ផ្លូវជាតិលេខ៦ និងលេខ៧ផង ដែលលិចដោយទឹកទន្លេមេគង្គ។ អ៊ីចឹងនៅសប្ដាហ៍ក្រោយនេះ យើងជួបគ្នាម្ដងទៀត ដើម្បីឱ្យភាគីជប៉ុនគាត់លើកមតិយោបល់របស់គាត់ [ថាតើ]មានចំណុចអីខ្លះ»។
លោក ចន ជឿន អាយុ៤៣ឆ្នាំ រស់នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ សាទររាល់គម្រោងដែលធ្វើឱ្យប្រជាពលរដ្ឋរួចផុតពីការជន់លិចដោយទឹកជំនន់ស្ទឹងព្រែកត្នោត។ ពលរដ្ឋរូបនេះឱ្យដឹងថា ពេលដែលជំនន់ស្ទឹងព្រែកត្នោតជន់លិចម្ដងៗ បានធ្វើឱ្យគ្រួសារលោក ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀតនៅតំបន់នោះជួបការលំបាកក្នុងការធ្វើដំណើរ ខូចខាតទ្រព្យសម្បត្តិ ផលដំណាំផ្សេងៗ និងរបស់របរប្រើប្រាស់ក្នុងផ្ទះអស់រាប់ពាន់ដុល្លារ។

លោកបន្ថែមថា៖ «ពេលដែលលិច ដូចជា គោ មាន់ ទា វាស្រួល មិនត្រូវយកវាមករកកន្លែងទីទួល! [ប៉ុន្តែ] ដូចម៉ូតូឡានអី មិនដឹងយកទៅទុកនៅណា បើលិចត្រឹមចង្កេះត្រឹមក។ បើបាក់ទំនប់ ធ្លាក់ទៅស្រែ វាខូចស្រូវអស់ហើយ យើងបានអីហូប? ដូចស្រូវធ្វើអស់រាប់ពាន់ដុល្លារដល់ពេលលិច វាមិនខូចអស់?»
ពាក់ព័ន្ធករណីនេះ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងអ្នកជំនាញកសិកម្ម លោក យ៉ង សាំងកុមារ បានលើកឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា រឿងបញ្ចៀសទឹកជំនន់ស្ទឹងព្រែកត្នោត កម្ពុជាអាចធ្វើបានដោយខ្លួនឯង និងត្រូវធ្វើឱ្យខានតែបាន ដោយមិនគួររង់ចាំជំនួយពីភាគីណាមួយនោះទេ។
លោកបន្តថា ពន្ធអាករដែលរដ្ឋាភិបាលប្រមូលបានលើសផែនការជាង២៤ភាគរយនៅឆ្នាំ២០២១នោះ អាចយកទៅធ្វើទំនប់ ដើម្បីការពារជំនន់ស្ទឹងព្រែកត្នោតដោយមិនបាច់ខ្ចីលុយពីចិន និងសម្រាប់សាងសង់គម្រោងសាងសង់ផ្សេងៗទៀត។
លោកបន្ថែមថា៖ «ពីមុន មានគម្រោងខ្ចីលុយចិន! ពេលនេះមានគម្រោងជប៉ុនសុំជួយ! រឿងបញ្ចៀសទឹកជំនន់ព្រែកត្នោត ដូចជាមិនចាំបាច់រង់ចាំគេមកជួយទេ គឺខ្មែរយើងពិតជាអាចធ្វើបាន ហើយក៏ត្រូវតែធ្វើដែរ ដើម្បីកុំឱ្យបញ្ហាដដែលកើតមានឡើងកាន់តែធ្ងន់ធ្ងរថែមទៀត»។
ប្រធានកម្មវិធីនៃអង្គការសមាគមធាងត្នោត លោក ឯម ខេមរា គាំទ្រចំពោះគម្រោងដែលជប៉ុនស្នើសិក្សាពីការបញ្ចៀសទឹកជំនន់ស្ទឹងព្រែកត្នោតនេះ ប៉ុន្តែចំពោះការសិក្សាស្រាវជ្រាវនោះ លោកស្នើឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសពលរដ្ឋរស់នៅតាមបណ្ដោយដងស្ទឹង ដើម្បីធានាពីតម្លាភាព គណនេយ្យភាព ហើយកង្វល់របស់ប្រជាពលរដ្ឋត្រូវបានដាក់បញ្ចូលការសិក្សានិងអភិវឌ្ឍន៍ជាក់ស្ដែង។
យ៉ាងណា លោកថា ការអភិវឌ្ឍស្ទឹងព្រែកត្នោតនេះមិនទាន់អាចធានាបានថា រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល រួចផុតពីការជន់លិចដោយទឹកជំនន់នោះទេ ខណៈរដ្ឋាភិបាលបាននិងកំពុងអនុញ្ញាតឱ្យមានការលុបបឹងជាច្រើនក្នុងរាជធានីភ្នំពេញ ដែលជាកន្លែងស្តុកទឹកឬរំដោះទឹក ដើម្បីអភិវឌ្ឍលំនៅឋាននិងសំណង់ផ្សេងៗ។
លោកបន្ថែមថា៖ «ការអភិវឌ្ឍស្ទឹងតែមួយមុខ ប្រហែលមិនទាន់គ្រប់គ្រាន់ទេ ដោយសារតែតំបន់ដីសើម និងបឹងក្នុងរាជធានីភ្នំពេញ និងតំបន់ជាយក្រុងជាច្រើន ត្រូវបាននិងកំពុងចាក់លុបដើម្បីអភិវឌ្ឍជាតំបន់លំនៅឋាន និងបុរីជាដើម ដែលនេះបានធ្វើឱ្យបាត់បង់កន្លែងស្តុកឬរំដោះទឹកចេញពីរាជធានីបានលឿន ឬជាពិសេសការជន់លិចនៅក្នុងរដូវវស្សា។ ហេតុដូច្នេះ យើងសូមអំពាវនាវឱ្យភាគីអ្នកស្រាវជ្រាវ និងរាជរដ្ឋាភិបាល យកបញ្ហាពាក់ព័ន្ធនានា រួមទាំងបញ្ហាការលុបបឹង និងតំបន់ដីសើម បញ្ចូលទៅក្នុងការសិក្សាជ្រាវជ្រាវ មុននឹងចាប់ផ្ដើមអភិវឌ្ឍស្ទឹងព្រែកត្នោតនាពេលខាងមុខ»។
បើតាមមន្ត្រីសង្គមស៊ីវិលរូបនេះ គឺរយៈពេល២ទៅ៣ឆ្នាំចុងក្រោយនេះ ទឹកជំនន់ស្ទឹងព្រែកត្នោតបានប៉ះពាល់ច្រើនដល់ផ្នែកសង្គមនិងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅជាប់ឬក្បែរស្ទឹង ដោយសារតែពួកគេបានរងការជន់លិច និងបានខូចខាតទ្រព្យសម្បត្តិក្នុងចំនួនច្រើន។
ស្ទឹងព្រែកត្នោត ដែលហូរធ្លាក់ពីជួរភ្នំឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺ កាត់តាមខេត្តកណ្ដាល និងរាជធានីភ្នំពេញ បានជន់លិចខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ និងតំបន់ខ្លះដែលនៅជាប់់សណ្ដស្ទឹងក្នុងខេត្តកណ្ដាល កាលពីអំឡុងខែតុលា ឆ្នាំ២០២១ បង្កឱ្យប៉ះពាល់ដល់ពលរដ្ឋប្រមាណជាង៣ ០០០គ្រួសារ។
ក្នុងអំឡុងពេលនោះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចេញសេចក្ដីថ្លែងការណ៍មួយជំរុញទៅរដ្ឋាភិបាលឱ្យបង្ហាញវិធានការជាក់លាក់ក្នុងការរំដោះទឹកជំនន់ពីស្ទឹងព្រែកត្នោត។ គណបក្សនេះបន្តថា ដើម្បីដោះស្រាយបញ្ហាទឹកជំនន់នៅស្ទឹងព្រែកត្នោតបាន រដ្ឋាភិបាលចាំបាច់ត្រូវធ្វើទំនប់ ប្រឡាយរំដោះទឹក និងអាងស្តុកទឹកផ្នែកខាងលើ ត្រូវធ្វើផ្លូវរំដោះទឹកនៅផ្នែកខាងក្រោម ជាពិសេសនៅខណ្ឌដង្កោ និងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រួមទាំងផ្អាកលុបបឹង ជាពិសេសនៅក្នុងខណ្ឌដង្កោជាដើម ដើម្បីអាចមានសមត្ថភាពទប់ទឹកជំនន់ក្នុងរដូវវស្សា៕