អ្នកជំនាញ អ.ស.ប ស្នើ​ឱ្យ​កម្ពុជា​ផ្អាក​អនុវត្ត​អនុក្រឹត្យ​ស្ដីពី «ច្រកទ្វារអ៊ីនធឺណិតជាតិ»

បុរស​ម្នាក់​កាន់​ទូរសព្ទ​របស់​ខ្លួន​ដែល​កំពុងតែ​ដំណើរការ​ចូល​ទៅ​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ (ហេង វិចិត្រ​)

ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិជំរុញឱ្យអាជ្ញាធរកម្ពុជាផ្អាកផែនការអនុវត្តអនុក្រឹត្យស្ដីពី «ច្រកទ្វារអ៊ីនធឺណិត» ដោយអះអាងថា អនុក្រឹត្យនេះមានការរឹតត្បិត ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិឯកជន និងសេរីភាពបែបប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកជំនាញអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សបានលើកឡើងថា អនុក្រឹត្យដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី១៦ ខែកុម្ភៈ ខាងមុខនេះ នឹងជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរលើសេរីភាពប្រព័ន្ធអ៊ីនធឺណិត អ្នកការពារសិទ្ធិមនុស្ស និងសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ដែលនឹងធ្វើឱ្យលំហស៊ីវិលដែលមានលក្ខណៈរឹតត្បិតរួចទៅហើយនោះ កាន់តែរួមតូចទៅៗ។

បើតាមអ្នកជំនាញ អនុក្រឹត្យនេះនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលកម្ពុជាអាចតាមដានសកម្មភាពលើប្រព័ន្ធអ៊ីធឺណិត ស្កាត់ចាប់យក និងត្រួតពិនិត្យការប្រាស្រ័យទាក់ទងតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងប្រមូល រក្សាទុក និងចែករំលែកព័ត៌មានបុគ្គលរបស់អ្នកប្រើប្រាស់នីមួយៗ។

អ្នកជំនាញបានមានប្រសាសន៍បន្ថែមថា៖ «អនុក្រឹត្យដែលមានលក្ខណៈរឹតត្បិតនេះអាចនឹងមានផលប៉ះពាល់យ៉ាងអាក្រក់លើសិទ្ធិឯកជនភាព និងបង្កើតបានជាហានិភ័យគ្រោះថ្នាក់មួយ ប្រសិនបើព័ត៌មានទាំងនោះត្រូវបានគេប្រើខុស»។

សេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី៣១ ខែមករា បានបន្តថា អនុក្រឹត្យនេះបានផ្ដល់អំណាចលើសលុបដល់ប្រតិបត្តិករច្រកទ្វារអ៊ីនធឺណិតជាតិ ក្នុងការតាមដានគេហទំព័រដែលមនុស្សទូទៅចូលមើល ក៏ដូចជាបណ្ដុំទិន្នន័យលម្អិតទាក់ទងនឹងរាល់ការចូលមើលគេហទំព័រ។ អនុក្រឹត្យនេះក៏នឹងអនុញ្ញាតឱ្យអាជ្ញាធរអាចបិទការចូលប្រើអ៊ីនធឺណិត ឬបិទគេហទំព័រ ឬដែនអ៊ិនធឺណិតជាក់លាក់ណាមួយតាមអំពើចិត្ត។

អ្នកជំនាញអះអាងថា អនុក្រឹត្យដែលស្ថិតក្នុងទម្រង់បច្ចុប្បន្ននេះ ហួសពីការរឹតត្បិតដែលត្រូវបានអនុញ្ញាតក្នុងការកម្រិតសេរីភាពនៃការបញ្ចេញមតិ ដែលមានចែងក្នុងមាត្រា១៧ និង ១៩ (៣) នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលជាសន្ធិសញ្ញាសិទ្ធិមនុស្សដ៏សំខាន់មួយដែលកម្ពុជាជាភាគី។ អ្នកជំនាញស្នើឱ្យអាជ្ញាធរកម្ពុជាផ្អាកការអនុវត្ត និងធ្វើការជាមួយយន្តការសិទ្ធិមនុស្សអន្តរជាតិ និងក្រុមភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំប្រទេស ដើម្បីធ្វើឱ្យអនុក្រឹត្យនេះស្របទៅនឹងកិច្ចការពារសិទ្ធិមនុស្ស។

អ្នកជំនាញលើកឡើងទៀតថា៖ «ដើម្បីបញ្ជាក់ភាពត្រឹមត្រូវតាមផ្លូវច្បាប់ ការរឹតត្បិតសេរីភាពបុគ្គលបែបនេះទាមទារឱ្យអនុលោមតាមការកម្រិតយ៉ាងតឹងរ៉ឹងតាមផ្លូវច្បាប់ មានភាពចាំបាច់ និងមានសមាមាត្រ រួមទាំងបញ្ហាសន្តិសុខជាតិ ឬសីលធម៌សាធារណៈផងដែរ។ មើលទៅហាក់ដូចជាលំបាកខ្លាំងណាស់ក្នុងការស្រមៃមើលថាតើយុត្តិកម្មផ្លូវច្បាប់យ៉ាងតឹងតែងបែបនេះអាចអនុវត្តបាននៅក្នុងករណីអនុក្រឹត្យនេះដោយរបៀបណា»។

កាលពីឆ្នាំមុន ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិបានផ្ញើលិខិតមួយច្បាប់ជូនដល់អាជ្ញាធរកម្ពុជា ដោយបានស្នើកុំឱ្យបន្តអនុវត្តអនុក្រឹត្យនេះ រហូតដល់ការការពារសិទ្ធិមនុស្សយ៉ាងហ្មត់ចត់ត្រូវបានអនុវត្តជាមុន។

អ្នកជំនាញលើកឡើងថា ការបើកឱ្យមានការត្រួតត្រាយយ៉ាងទូលំទូលាយបែបនេះអាចបណ្ដាលឱ្យមានដំណើរថយក្រោយនៃការការពារ និងការធានាសិទ្ធិមនុស្សយ៉ាងច្រើន ដែលសម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ហើយនៅពេលដែលមានការផ្ដល់សិទ្ធិអំណាចទូលំទូលាយដែលជាការរឹតត្បិតសិទ្ធិបែបនេះ វានឹងពិបាកក្នុងការគ្រប់គ្រងម្ដងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ