វិភាគ៖ រដ្ឋ​មាន​ទំនួល​ខុសត្រូវ​បែបណា​ពី​បញ្ហា​គ្រឿងញៀន?

មន្ត្រី​នគរបាល​និយាយ​តាម​វិទ្យុ​ទាក់ទងនឹងករណីគ្រឿងញៀន ​ក្រោយ​ការ​បង្ក្រាប​លើ​មនុស្ស​ជាង ៣០០​នាក់ នៅ​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ក់ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ រូបថត៖ ទំព័រ​ហ្វេសប៊ុក​ស្នងការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ

បញ្ហាគ្រឿង​ញៀន ហាក់បានក្លាយជាវិញ្ញាសាចាស់មួយដែលរដ្ឋាភិបាលមិនទាន់បានផ្ដល់ចម្លើយ​ជា​ក់​លាក់ ដើម្បីលុប​​បំបាត់​បញ្ហា​នេះ​នៅ​ឡើយ​ទេ បើទោះបីជារដ្ឋាភិបាល​បាន​បង្ហាញ​ការ​ខំប្រឹង​ប្រែងអស់​ររយៈ​ពេល​​ជាង​៥ឆ្នាំ​មក​ហើយ​ក្ដី។

រដ្ឋាភិបាលបាន​ចាប់ផ្ដើមធ្វើយុទ្ធនាការប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀនចាប់ពីឆ្នាំ២០១៧មក ប៉ុន្តែក្រោយពីយុទ្ធនាការ​នេះ បញ្ហាគ្រឿងញៀន​​នៅមិនទាន់​​អាច​លុបបំបាត់ទាំងស្រុងបានតាមការគ្រោងទុកនៅឡើយ។ នៅ​ថ្ងៃ​ទី១៦ ខែ​សីហា ឆ្នាំ​២០២០ រដ្ឋា​ភិ​បាលបានចេញសារាចរណែនាំ​ថ្មី​មួយ​ទៀតឱ្យ​ក្រសួង​មហា​ផ្ទៃ ដែល​​ដឹក​​នាំ​ដោយ​លោក ស ខេង បន្តពង្រឹងការអ​នុ​វត្តវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នេះ ដើម្បី​បង្រួម​​ទីផ្សារ និង​ឈាន​ទៅលុបបំបាត់​​ទាំង​ស្រុង តាម​រយៈ​ការកាត់​ផ្ដាច់​ខ្សែបណ្ដាញ​ឧក្រិដ្ឋ​ជន។

តែយ៉ាងណា បើតាមប្រសាសន៍រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ប៉ុន្មាន​សប្ដាហ៍មកនេះ កម្ពុជានៅ​បន្ត​​រក​ឃើញ​កន្លែង​​ផលិត​​គ្រឿង​​ញៀន​​មួយ​​ចំនួន​នៅ​ក្នុង​រាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទៀតនៅជាប់​​ព្រំដែន​វៀតណាម ឡាវ និងថៃ។

លោក ស ខេង កាលពីថ្ងៃ២៥ ខែមករា ឆ្នាំ២០២២ បានទម្លាយជាសាធារណៈ​ថា​​ សារធាតុ​គីមី​ជាង​១០០តោ​​​​​នដែលគេអាចផ្សំជាគ្រឿងញៀនបាន ត្រូវបាននាំចូលមក​កម្ពុជា​ដោយស្របច្បាប់ តែត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន ដែលការណ៍នេះ លោកបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធស្វែងរកអ្នកទទួលខុសត្រូវ ដើម្បីទប់ស្កាត់ការ​បំផ្លាញ​សុខភាព​សាធារណៈ។

៣ថ្ងៃក្រោយ​មក អគ្គស្នង​ការរងនគរបាលជាតិ​ទទួល​ផែនប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ ប្រាប់ ​VOD​​​ ថាក្រុមហ៊ុនដែលនាំចូលសារធាតុគីមីទាំងនោះជាក្រុមហ៊ុនចិន ដោយក្រុមហ៊ុននេះបាននាំចូល​សារធាតុគីមីចំនួន៨ប្រភេទ ក្នុងនោះ​មាន៤ប្រភេទគ្មានអាជ្ញាបណ្ណនាំចូលទេ។ 

ប៉ុន្តែមន្ត្រីរូបនេះមិនទាន់អាចបញ្ជាក់បានទេ​ថាតើភាគីណាមួយជាអ្នកទទួលខុសត្រូវ​ចំពោះមុខច្បាប់លើបញ្ហានេះនៅឡើយ​ទេ ដោយសម្អាងថា ត្រូវការពេលដើម្បីស្រាវស្រាវបន្ថែម។

បន្ទាប់មកទៀត នៅថ្ងៃទី៣១ ខែមករា ឆ្នាំនេះ លោក ស ខេង បានបន្តអំពាវនាវទៅកងកម្លាំងអនុវត្តច្បាប់ ឱ្យ​ពង្រឹងវិធានការឱ្យបានម៉ឺងម៉ាត់ ដោយបង្ហា​ញក្ដីបារម្ភថា បញ្ហាគ្រឿងញៀននឹងមិនអាចបិទបញ្ចប់បានទេ បើខ្វះការចូលរួម

លោក ស ខេង បានគូសបញ្ជាក់ថា ប​ច្ចុប្ប​ន្ន ក្រុមឧក្រិដ្ឋជនគ្រឿងញៀននៅតែបន្តរិះរកវិធី​សាស្ត្រថ្មីៗ ដើម្បី​ផលិត និង​ចែ​ក​ចាយ។

យោងទៅលើ​របាយការណ៍​បង្ក្រាបគ្រឿងញៀន​ពេញមួយឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ បានបង្ហាញថា គ្រឿង​ញៀនសរុបប្រមាណ៨០តោន រួមទាំងម៉ាស៊ីនផលិតកែច្នៃស្វ័​យប្រវត្តិឈុត​​ធំៗដ៏គ្រោះថ្នាក់ជាច្រើនទៀត ត្រូវបានរឹបអូសបាន​នៅ​រាជធានីភ្នំពេញ និងបណ្ដាខេត្ត ជាប់ព្រំដែនឡាវ ថៃ និងវៀតណាម។

តាមរយៈរបាយការណ៍នេះ លោក ស ខេង បានបង្ហាញក្ដីបារម្ភ​ថា កម្ពុជា​នៅ​តែ​​ទទួល​រងឥទ្ធិពល​អាក្រក់ពីស្ថានភាពប្រែប្រួលជាអវិជ្ជមាន​ប្រកបដោយហានិភ័យខ្ពស់។

ដោយឡែក អគ្គ​លេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ លោក​ មាស​ វីរិទ្ធ អះអាងថា ស្ថាប័នជំនាញមួយនេះនឹង​ពិនិត្យឡើងវិញទៅលើគោលការណ៍ចាស់ និង​ធ្វើបច្ចុប្បន្នភាព បន្តទប់ស្កាត់ការគំរាមកំហែ​ងពីបញ្ហាគ្រឿង​ញៀន​នេះ។ ប៉ុន្តែលោក វីរិទ្ធ នៅតែមិនអាចប្រាប់ថា ក្រុមហ៊ុនដែលនាំចូល រួមទាំងស្ថាប័នពាក់ព័ន្ធណាខ្លះ ត្រូវបញ្ជូនទៅតុលាការ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់នោះទេ។

លោកថា៖ «យើងកំពុងតែធ្វើការស៊ើបអង្កេតនិងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយពាក់ព័ន្ធនឹងការ​ងារ​នេះ ពីព្រោះការងារនេះជាការងារផ្លូវច្បាប់​ពាក់​ព័ន្ធ​តាម​ផ្លូវតុលាការ អ៊ីចឹង​វាត្រូវមានឯកសារគ្រប់ជ្រុងជ្រោយដែលអាចប្រើប្រាស់នៅក្នុងផ្លូវតុលាការបាន»។

បញ្ហានេះបង្កើតជាសំណួរថា តើរដ្ឋាភិបាលគួរមានទំនួលខុសត្រូវបែបណាពីបញ្ហាគ្រឿងញៀន?

ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា មានប្រសាសន៍ថា តាមរដ្ឋធ​ម្មនុ​ញ្ញ​ រដ្ឋាភិបាល​ត្រូ​​វទទួលខុសត្រូវ​បញ្ហា​សុខ​ភាព​សាធារណៈ ហើយថា​គ្រឿងញៀន​នឹង​បង្ក​ហានិភ័​​យ​សុខភាព​ពលរដ្ឋ សេដ្ឋកិច្ច និង​សង្គមជាតិ។

មួយវិញទៀត លោកមើលឃើញ​ថា គ្រឿងញៀនដែលអាចឆ្លងប្រទេសបាន ទាល់តែឧក្រិដ្ឋជន​មាន​ទំ​នាក់ទំន​ងឬខ្នងបង្អែក​ជាមួយមន្ត្រីខិលខូចណាមួយ ទើបអាចនាំចូលបាន ដែល​បញ្ហានេះ លោ​ក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រូវវះកាត់មន្ត្រីពុករលួយ ទើបអាចទប់ស្កាត់លំហូរគ្រឿងញៀន​បាន។

លោកថា៖ «សម្រាប់ប្រជាជន ប្រជាពលរដ្ឋ​សាមញ្ញហ្នឹង គឺមិនងាយនឹងមានសមត្ថភាពឬលទ្ធភាពច​រា​ចរ​គ្រឿងញៀន​ចូលប្រទេសមួយឬតំបន់មួយទេ ​[…] អ៊ីចឹងរឿងចរាចរណ៍​គ្រឿងញៀនធំៗនេះ បើមិនមា​នពាក់​ព័ន្ធជាមួយមន្ត្រីធំៗ ឬគ្មានអំពើពុករលួយ​ចែក​ភាគ​ហ៊ុន​ទេ អាហ្នឹងគឺមិនអាចកើតមានទេ»។

ជាជ្រុងមួយនៃបញ្ហាសង្គម លោក មឿន តុលា កត់សម្គាល់ថា បញ្ហាគ្រឿងញៀននេះហាក់បានអូសបន្លាយច្រើ​នឆ្នាំមកហើយ ដែលក្នុង​អំឡុង​ទសវត្សរ៍​៩០ អ្នក​ពាក់ព័ន្ធមួយចំនួនមិនត្រូវបានគេនាំខ្លួនមកផ្ដន្ទា​​ទោសទេ មានទាំង​ឧកញ៉ា និងមន្ត្រីថ្នាក់ឧត្ដម​សេនីយ៍នៅ​ក្រសួងការពារជាតិ លោក ដុម ហាក់ ជាដើម ។

បន្ថែមពីនេះ លោកថា ការដែលលោក ស ខេង ទម្លាយពីបញ្ហាគ្រឿងញៀន​ថ្មីៗនេះ វាច្បាស់​ណាស់ថា បញ្ហាគ្រឿង​ញៀន​ស្ថិត​នៅ​ក្នុង​ស្ថានភាពស្មុគស្មាញ និង​រឹតតែពិបាកវះកាត់​ ដើម្បី​កាត់​ផ្ដាច់​ឫស​គល់​ឧក្រិដ្ឋ​ជន និង​មន្ត្រី​នៅពីក្រោយបទឧក្រិដ្ឋនេះ។

មួយវិញទៀត លោកថា ចំណាត់ការចាប់ខ្លួនអ្នកពាក់ព័ន្ធគ្រឿងញៀនហាក់ដំណើរ​ការ​យឺត បើធៀបនឹងចំណាត់ការ​ចាប់ខ្លួនអ្នកធ្វើការងារ​សង្គម។ យ៉ាងណា លោក តុលា ផ្ដល់ជាយោបល់ថា ជោគជ័យនៃវិធានការប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន គឺ​អាស្រ័​យ​​លើ​​ឆន្ទៈនយោបាយ ថាតើ​រដ្ឋាភិបាលចង់បង្ហាញទំនួលខុស​ត្រូវចំពោះសង្គមកម្រិតណាប៉ុ​ណ្ណោះ។

លោកថា៖ «បើសិនជាអ្នកជួញដូរគ្រឿងញៀននៅតែមានសេរីភាព គោលនយោបាយនៃការលុបបំបាត់ ទប់​ស្កាត់គ្រឿងញៀន ដុតគ្រឿងញៀនចោលហ្នឹង វាគ្រាន់តែជាល្ខោនមួយបង្ហាញៗគេទេ វាអត់មានប្រ​សិទ្ធភាពទេ! ចង់មានប្រសិទ្ធភាព ទាល់តែកាត់ផ្ដាច់ឫសគល់មេខ្លោងនាំគ្រឿងញៀនចូលឬចរាចរគ្រឿ​ងញៀនចូល»។

នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍ថា សាររដ្ឋមន្ត្រីក្រ​សួ​ង​​មហាផ្ទៃ​បង្ហាញ​ថា លំហូរគ្រឿងញៀននៅកម្ពុជាហួសពីកម្រិតប្រកាសអាសន្ន ហើយអាច​នឹង​ឈា​​ន​ទៅ​បង្កជា​អសន្តិសុខសង្គម បើបញ្ហានេះមិនត្រូវបានវះកាត់មន្ត្រីខិលខូចទាន់ពេល។

លោក ចន្ទរឿន ចាត់​ទុក​ថា ការធ្វើសង្គ្រាមប្រឆាំងគ្រឿងញៀនជាតួនាទីចម្បងររបស់រដ្ឋាភិបាល ហើយ​ភាព​ជោគ​​ជ័យអាចប្រព្រឹត្តទៅបាន ទាល់​​តែរដ្ឋាភិបាលធ្វើឱ្យមានប្រព័ន្ធអភិបាលកិច្ចល្អ​ និងមិនពុករលួយ។

លោកថា៖ «ការសិក្សាមួយចំនួនក៏បានរកឃើញដែរ នៅពេលដែលអភិបាលកិច្ចនៅក្នុងសង្គមហ្នឹង​វា​ទន់ខ្សោយ​ នៅក្នុងប្រព័ន្ធសង្គម​ហ្នឹង​វាទន់ខ្សោយ អំពើពុករលួយហ្នឹងវាក្រាស់ក្រែល ទោះបីជាមន្ត្រី​ខំ​ប្រឹងស្រែក​យ៉ាង​ណា ​ដូចជា​សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃអី ខំប្រឹងអំពាវនាវយ៉ាង​ណា ក៏មិនអាចទៅរួចដែរ»។

អង្គការតម្លាភាពអន្តរជាតិ (TI) ដែលមានមូលដ្ឋាននៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ បានចេញរបាយការណ៍​ថ្មីមួយ​នៅដើម​ឆ្នាំ២០២២​នេះ បង្ហាញថា អំពើពុករលួយនៅកម្ពុជានៅតែស្ថិតក្នុងលំដាប់ខ្ព​ស់​​ជាងគេ បើធៀបនឹងប្រទេសជាសមាជិកអាស៊ាន៩​ផ្សេងទៀត ខណៈប្រទេស​​សិង្ហបុរីមានស្ថានភាព​​ល្អជាង​គេ។

បញ្ហានេះ លោក ប៉ា ចន្ទរឿន កត់សម្គាល់ថា ប្រទេសសិង្ហបុរី ឬសាំងហ្គាពួរ មានអភិបាលកិច្ចល្អរឹ​ង​​មាំ គ្មាន​អំពើ​ពុក​រលួយ និងគ្មានលំហូរគ្រឿងញៀន ​ដូចបណ្ដាប្រទេសមួយចំនួន​ដែលមានចំណាត់ថ្នាក់អំពើពុករ​​លួយ​ខ្ពស់​​នោះ​ទេ ដែល​ការណ៍នេះ លោកថា មន្ត្រីដែលមានតួនាទី មិនគួរសម្អាងលើ​ភាពប៉ិនប្រសប់វរបស់​​ឧក្រិដ្ឋជន​គ្រឿង​ញៀន មកធ្វើជាឧបសគ្គក្នុងការបង្ក្រាបដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀននោះឡើយ។

លោកថា៖ «រឿងគ្រឿងញៀននេះ វាមិនមែនជារឿងប្រជាជនទេ ជាការទទួលខុសត្រូវទាំងស្រុង​របស់​រដ្ឋា​ភិបាល។ ជាការពិតហើយ ប្រជាពលរដ្ឋត្រូវតែមានការចូលចំណែកណាមួយ ដើម្បីទប់ស្កាត់ប្រយុទ្ធប្រ​​ឆាំ​ងបញ្ហានេះ ប៉ុន្តែទំនួលខុសត្រូវធំបំផុតដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ហ្នឹង ត្រូវធានា​សុខុមា​លភា​ពសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ រួមទាំងប្រយុទ្ធប្រឆាំងទប់ស្កាត់ចរាចរណ៍​គ្រឿងញៀននេះផ​​​ងដែរ»។ 

ប្រហាក់ប្រហែលនេះដែរ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មើលឃើញថា សាររប​​ស់មេដឹកនាំ​ក្រសួងមហាផ្ទៃ ហាក់បង្ហាញថា វិធានការទប់ស្កាត់លំហូរគ្រឿងញៀនចូលកម្ពុជាស្ថិ​​តក្នុងរូបភាពស្មុគស្មាញ ពិបាកក្នុងការវះកាត់។ ប៉ុន្តែ​លោកថា មាន​តែការវះកាត់​មន្ត្រីខិ​ល​ខូច​ទេ ទើបអាចធានា​បាន​នូ​​វ​ទំនួល​​ខុសត្រូវសង្គមតបតាមស្មារតីនៃច្បាប់។

លោកថា៖ «អំពើពុករលួយនោះត្រូវបានជនឧក្រិដ្ឋទាំងនោះប្រើប្រាស់ជាមធ្យោបាយក្នុងការប្រតិបត្តិកា​​រ​ធ្វើអាជីវកម្មគ្រឿញៀនហ្នឹង អ៊ីចឹងស្មុគស្មាញណាស់រឿងហ្នឹង! អ៊ីចឹងទាល់តែយើងអនុវត្តច្បាប់ឱ្យត្រឹ​ម​ត្រូ​វ ហើយលុបបំបាត់អំពើពុករលួយ ទើប​អាចដោះស្រាយបញ្ហាធំៗហ្នឹងបាន»។

មា​ត្រា៥២ នៃរដ្ឋធម្មនុញ្ញចែងថា «រាជរដ្ឋាភិបាលកម្ពុជាត្រូវការពារ និត្យានុកូលភាព ធានាសណ្ដាប់ធ្លាប់ និង​សន្តិសុខ​សាធារណៈ។ រដ្ឋាភិបាលត្រូវ​យកចិត្តទុកដាក់ជាអាទិភាពចំពោះជីវភាពរស់នៅនិង​សុ​ខុមា​លភាពរបស់ប្រជាពលរដ្ឋ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ