គណៈ​រដ្ឋមន្ត្រី​អនុម័ត​ច្បាប់​ស្ដីពី «ការ​ការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ»

ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី របៀបវារៈសេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

គណៈរដ្ឋមន្រ្តី នៅព្រឹកមិញនេះ បានអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្ដីពី «ការការ​ពារ​​រុក្ខ​ជាតិ និង​ភូត​គាម​អនាម័យ» បន្ទាប់​ពីបើក​កិច្ច​ពិភាក្សាដែល​មាន​ការ​ចូល​រួម​ពី​លោកនាយករ​ដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។

ប្រធានក្រុមអ្នកនាំពាក្យអង្គភាពរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានសរសេរនៅលើទំព័រហ្វេស​ប៊ុក​របស់​លោក​ថា គោលបំណងនៃការបង្កើតសេចក្ដីព្រាងច្បាប់នេះ គឺដើម្បីកំណត់អំពីការគ្រប់គ្រងសុខភាពរុក្ខជាតិ ការអនុវត្តវិធានការការពាររុក្ខជាតិ និងវិធានការភូតគាមអនាម័យ ការពារធនធានរុក្ខជាតិគ្រប់ប្រភេទ ការទប់ស្កាត់ការបង្ក ការរាលដាលឆ្លង និងការរាត​ត្បាត​ពី​សំណាក់​សមាស​ភាព​ចង្រៃ ការលើកកម្ពស់ផលិតភាពកសិកម្ម សន្តិសុខស្បៀងអនាម័យគុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ជាដើម។

បើតាមប្រភពដដែលថា៖ «សេចក្ដីព្រាងច្បាប់នេះនឹងរួមចំណែកផ្ដល់នូវសារៈប្រយោជន៍ក្នុង​ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ដូចជា ការពារផលប្រយោជន៍របស់ប្រជាកសិករ គាំទ្រគោលនយោបាយ និងយុទ្ធសាស្រ្តជំរុញផលិតកម្មកសិកម្ម ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ជួយកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាកសិករ»។

សេចក្ដីព្រាងច្បាប់នេះត្រូវបានរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយ​ផ្អែក​លើគោ​លន​យោបាយនិង​យុទ្ធសាស្រ្តរបស់រ​ដ្ឋាភិបាល និង​អនុលោមតាម​មូល​ដ្ឋាន​គតិយុត្តពាក់ព័ន្ធ​ជាធរមានរបស់កម្ពុជា ព្រមទាំងកិច្ចព្រមព្រៀងនិងអនុសញ្ញាក្នុង​តំបន់​និង​អន្តរ​ជាតិ ស្ដីពី «ការការពាររុក្ខជាតិ និងភូតគាមអនាម័យ»។

បើតាមលោក ផៃ ស៊ីផាន សេចក្ដីព្រាង​ច្បាប់នេះ គឺដើម្បីឆ្លើយតបទៅនឹងនិន្នាការរីកចម្រើនរបស់វិស័យកសិកម្មក្នុងក្របខណ្ឌសុវត្ថិភាពស្បៀង ការលើកកម្ពស់គុណភាពផលិតផលកសិកម្ម ការបង្កើនការនាំចេញកសិផល និងធានាចីរភាពអភិវឌ្ឍន៍ក្នុងបរិការណ៍សមាហរណកម្មសេដ្ឋកិច្ចពិភពលោកប្រកបដោយការប្រកួតប្រជែងដ៏ស្រួចស្រាវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ