ស្ត្រីថ្ងៃសុក្រ​ស្នើ​ស្ថានទូត​២​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ពេទ្យ​ចូល​ព្យាបាល​ជំងឺ​អ្នកជាប់ឃុំ

ក្រុមស្ត្រីថ្ងៃសុក្រ ប្រមូលផ្ដុំគ្នាជាថ្មីនៅមុខស្ថានទូតបារាំងប្រចាំកម្ពុជា ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីស្ថានទូតបរទេសមួយនេះឱ្យជំរុញរដ្ឋាភិបាលដោះលែងស្វាមីនិងសាច់ញាតិជាសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។ (ជន ចាន់រ៉ែន)

ភរិយា​សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ឬ «ក្រុម​ស្ត្រីថ្ងៃសុក្រ​» ជាង១០​នាក់ បាននាំគ្នាដាក់​ញត្តិ​នៅ​​​​ស្ថានទូតបារាំង និង​​សហភាព​អឺរ៉ុប ដើម្បី​​​​​ស្នើ​ដល់​​ប្រទេស​​​ទាំង​​នោះជួយ​​​អន្តរាគមន៍​ទៅរ​ដ្ឋាភិបាល​កម្ពុជា​ អនុញ្ញាត​​​ឱ្យ​​ក្រុម​គ្រូ​ពេទ្យ​​អង្គ​ការ​​លីកា​ដូ​​អាច​ចូល​ពិនិត្យនិង​ព្យាបាល​ជំងឺ​អ្នក​ជាប់​ឃុំនៅក្នុងពន្ធនាគារឡើង​វិញ។

ការស្នើនេះធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានពន្ធនាគារ​នៃក្រសួងមហាផ្ទៃ មិនអនុញ្ញាតឱ្យក្រុមគ្រូពេទ្យអង្គការលីកាដូចូលពិនិត្យនិងព្យាបាលអ្នកជាប់ឃុំ ចាប់​​តាំងពី​មានករណី​​ឆ្លង​រាលដាល​ជំងឺកូវីដ-១៩។

ភរិយាលោក ស៊ុន ធន់ អតីត​មន្ត្រីគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ​ គឺអ្នកស្រី សេង ចាន់ថន មានប្រសាសន៍​​​ថា ការដែល​ពួក​គាត់​នាំគ្នាស្លៀក​ពាក់​ឯកសណ្ឋានគ្រូពេទ្យទៅ​ដាក់ញត្តិនៅស្ថាប័ន​ទាំង២ នៅថ្ងៃសុក្រនេះ គឺធ្វើឡើង​​ក្នុងគោលបំណងចង់​បង្ហាញទៅរដ្ឋាភិបាល​​ថា គ្រួសារពួកគាត់ដែលកំពុងជាប់ពន្ធនាគារ និង​អ្នកជាប់ឃុំ​ផ្សេងៗទៀត ត្រូវការ​គ្រូពេទ្យ។

ក្រុមស្ត្រីថ្ងៃសុក្រ ប្រមូលផ្ដុំគ្នាជាថ្មីនៅមុខស្ថានទូតបារាំងប្រចាំកម្ពុជា ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីស្ថានទូតបរទេសមួយនេះឱ្យជំរុញរដ្ឋាភិបាលដោះលែងស្វាមីនិងសាច់ញាតិជាសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។
ក្រុមស្ត្រីថ្ងៃសុក្រ ប្រមូលផ្ដុំគ្នាជាថ្មីនៅមុខស្ថានទូតបារាំងប្រចាំកម្ពុជា ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីស្ថានទូតបរទេសមួយនេះឱ្យជំរុញរដ្ឋាភិបាលដោះលែងស្វាមីនិងសាច់ញាតិជាសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។ (ជន ចាន់រ៉ែន)

អ្នកស្រីបន្តថា ស្វាមីរបស់ពួកគាត់ដែលជាប់ពន្ធនាគារ​ជិត២ឆ្នាំមក​នេះសុទ្ធតែមានជំងឺប្រចាំកាយ ត្រូវការ​គ្រូពេទ្យដើម្បីពិនិត្យនិង​ព្យាបាល ខណៈគ្រូពេទ្យនៅក្នុង​ពន្ធនាគារ​មិនមានថ្នាំនិងឧកបករណ៍គ្រប់គ្រាន់ក្នុងការពិនិត្យព្យាបាលឡើយ។

លោកថា៖ «ពួកគាត់នៅក្នុងនោះមានជំងឺខ្លះឡើងឈាម ខ្លះឈឺដៃ ឈឺជើង ​ខ្លះបេះដូង និយាយទៅសុខភាពពួកគាត់ខ្សោយមែនទែន ហើយជួបបញ្ហាឈឺទៀត។ ​អ៊ីចឹងចង់ឱ្យមានពេទ្យទៅព្យាបាលគាត់ ​ព្រោះមួយរយៈចុងក្រោយនេះ ពេទ្យលីកាដូចូលអត់បានទេ គេ​ឃាត់​គាត់ ព្រោះគាត់តេមកក្រុមគ្រួសារ ឈឺនេះ ឈឺនោះ អត់មានថ្នាំពេទ្យអ៊ីចឹង។ មួយទៀតចង់ឱ្យដោះលែងឱ្យគាត់បាននៅក្រៅឃុំ»។ ​

ចំណែកភរិយាលោក កាក់ កុម្ភារ ជាអតីត​ក្រុមប្រឹក្សារាជធានីភ្នំពេញ​មក​ពីគណបក្សសង្គ្រោះជាតិ​ដែលត្រូវតុលាការរំលាយ គឺអ្នកស្រី ព្រុំ ចាន់ថា មានប្រសាសន៍ថា សមត្ថកិច្ចបានចាប់ស្វាមីពួកគាត់ដាក់​ពន្ធនាគារទាំងគ្មានកំហុសហើយ បែរជាបិទមិនឱ្យគ្រូពេទ្យចូលទៅពិនិត្យនិងព្យាបាលថែមទៀត។ អ្នកស្រីថា គ្រួសាររបស់គាត់ដែលកំពុងជាប់ពន្ធនាគារបានត្អូញត្អែរប្រាប់ពួកគាត់ពីបញ្ហាសុខភាព និងគ្មានគ្រូពេទ្យពិនិត្យ ខណៈពេលឈឺ ​គ្រូពេទ្យក្នុងពន្ធនាគារ​​ឱ្យ​តែ​ថ្នាំ​ប៉ារ៉ា​ដល់​ពួក​គាត់។

អ្នកស្រី ព្រុំ ចាន់ថា បន្តទៀត​ថា បច្ចុប្បន្ន ពួកគាត់បារម្ភពីសុខភាពរបស់គ្រួសារ ដោយសារ​នៅក្នុង​ពន្ធនាគារមានភាពចង្អៀតណែន​ គ្មានអនាម័យ ហើយទឹកប្រើប្រាស់ក៏មិនគ្រប់គ្រាន់ ខណៈគ្រួសាររបស់ពួកគាត់ទាំងអស់​មាន​វ័យ​ចំណាស់និង​មានជំងឺប្រចាំកាយ​ជាដើម។

អ្នកស្រីថា៖ «សំខាន់គាត់មិនយកចិត្តទុកដាក់តែម្ដង ឈឺអីក៏ប៉ារ៉ាៗ ជួនណា​​គាត់សន្លប់ គាត់មានបញ្ហា​សុខភាព ​អត់​មានអីត្រូវព្យាបាលបានទេ។ ហើយគាត់ទាល់តែដាក់​សំណើដាក់ពាក្យដើម្បីទៅពេទ្យ ​​មិនងាយយកទៅពេទ្យតែម្ដង មន្ត្រីពន្ធនាគារមិន​យកចិត្តទុកតែម្ដង។ គាត់ហាក់បីដូចជាយកមនុស្សទៅដាក់ចោលតែម្ដង ​ដើម្បីធ្វើបាប​លើរាយកាយតែម្ដង និងយកទៅ​គាបសង្កត់តែម្ដង»។

ក្នុងចំណោមស្ត្រីជាង១០​នាក់ដែល​ទៅ​ដាក់​ញត្តិនៅថ្ងៃ​នេះ ​មាន​ស្ត្រី៣​នាក់ត្រូវ​បានអនុ​ញ្ញាត​ឱ្យ​ចូល​ទៅ​ដាក់​ញត្តិនិងជួប​តំណាងស្ថាន​ទូត។

អ្នកស្រី សេង ចាន់ថន ដែលបានចូលទៅដាក់ញត្តិនោះ អះអាងថា មន្ត្រីរបស់ស្ថានទូតសន្យានឹង​យក​សំណើរបស់ពួកគាត់​ទៅជជែកជាមួយភាគីរដ្ឋាភិបាល។

យ៉ាងណា ការដាក់ញត្តិនេះក៏មានការរុញច្រានគ្នារវាងក្រុម​ស្ត្រីថ្ងៃសុក្រ​និង​អាជ្ញាធរ​ប្រមាណ៥០នាក់ផងដែរ​ ខណៈអាជ្ញាធរ​​​​​មិនឱ្យពួកគេលើកបដាដោយភ្ជាប់ពាក្យ «យុត្តិធម៌ត្រូវតែមានដល់អ្នកស្នេហាជាតិដាច់ខាត» ក្រោមហេតុផលថា «ពួកគាត់មិនបានសុំច្បាប់អនុញ្ញាត»

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ លោក នុត សវនា ចាត់ទុកការរកកិច្ចអន្តរាគមន៍ពីស្ថានទូតផ្សេងៗនេះ ថាជាការដាក់សម្ពាធមកលើរដ្ឋាភិបាលនិងតុលាការ ខណៈសុខភាពគ្រួសាររបស់ពួកគាត់ដែលកំពុងនៅពន្ធនាគារនោះធម្មតា។ ផ្ទុយទៅវិញ លោកថា  បច្ចុប្បន្ន ខាងមន្ត្រីពន្ធនាគារបានយកចិត្តទុកដាក់ចំពោះ​អ្នកជាប់ឃុំ ដោយ​បាន​ដាក់​ប៉ុស្តិ៍​សុខ​ភាពនិង​មាន​គ្រូពេទ្យជាប្រចាំនៅទីនោះ។

លោកថា៖ «ការយកចិត្តទុកដាក់ហ្នឹង វាលើសពីប្រជាជននៅខាងក្រៅផង ខ្ញុំមិនមែននិយាយដើម្បីសម្រាលបន្ទុកឬ​អួតពីមន្ត្រីខ្ញុំទេ។ តែខ្ញុំឃើញជាក់ស្ដែង ពិបាកមែន! ហើយបើគាត់ទាមទារៗ គឺឱ្យពេទ្យនៅខាងក្រៅទៅព្យាបាល​អី​ណាណី​ ទាំងដែល​មនុស្ស​មិន​ទាំង​ឈឺផង ហើយ​យក​លេស​ហ្នឹងជា​ហេតុ​ផល ដើម្បីដាក់​សម្ពាធ​ឱ្យ​ដោះ​លែង​ជន​ជាប់​ឃុំ​ អាហ្នឹង​ខ្ញុំគិតថា វាជារឿងមួយដែលត្រូវពិចារណាដែរ ថាគាត់មានចេតនាយ៉ាងម៉េច»។

នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ការស្វែងរកកិច្ចអន្តរាគមន៍​របស់​ក្រុម​ស្ត្រីថ្ងៃ​សុក្រ អាច​បណ្ដាលមកពីពួកគាត់បារម្ភ ខណៈគ្រួសារ​ពួក​គាត់កំពុង​ជាប់​ពន្ធនាគារ។ ​លោកបន្តថា ក្រុមគ្រូពេទ្យអង្គការលីកាដូបានចូលព្យាបាលអ្នកជំងឺនៅក្នុង​ពន្ធនាគារមួយចំនួនហើយ។

លោកថា៖ «ប៉ុន្តែទោះជាយ៉ាងណា យើងកំពុងធ្វើកិច្ចសហការជាមួយអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ​ ដើម្បីឱ្យក្រុមគ្រូពេទ្យយើងអាចដំណើរការគ្រប់ពន្ធនាគារទាំង១១ ដែលក្រុមគ្រូពេទ្យលីកាដូយើងបានសហការក្នុងការព្យាបាលសម្រាប់ជនជាប់ឃុំ។ អានេះវាជាប្រយោជន៍សុខភាពសម្រាប់អ្នកជាប់ឃុំ អានេះវាជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអគ្គនាយកដ្ឋានពន្ធនាគារ»។

កាលពីពេលកន្លងមក ក្រុមស្ត្រីថ្ងៃសុក្រ ក៏នាំគ្នារកកិច្ចអន្តរាគមន៍ពីប្រទេសលោកសេរីមួយចំនួនប្រចាំកម្ពុជា ឱ្យជួយជំរុញទៅរដ្ឋាភិបាលនិងតុលាការទម្លាក់ចោលបទចោទប្រកាន់ទាំងអស់ និងដោះលែងគ្រួសាររបស់ពួកគេឱ្យមានសេរីភាពវិញ។

សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយកាលពីឆ្នាំ២០១៧ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ «ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងការគាំទ្រដំណើរវិលត្រលប់របស់លោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំងផ្សេងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ