រដ្ឋាភិបាល​ប្ដេជ្ញា​ថា​នឹង​ខិតខំ​បញ្ចៀស​មិន​ឱ្យ​មាន​ពលរដ្ឋ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩

ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី របៀបវារៈសេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

រដ្ឋាភិបាលប្ដេជ្ញាចិត្តថានឹងខិតខំបញ្ចៀសមិនឱ្យមានករណីប្រជាជនស្លាប់ដោយ​សារ​ជំងឺកូវីដ-១៩ជាបន្តទៀត ដោយធានាថា កម្ពុជាមិនខ្វះវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋនៅពេលដែលបញ្ហាជំងឺកូវីដ-១៩មិនទាន់ចប់នៅឡើយ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជា ស្ដីពី «លទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី» នៅថ្ងៃទី៤ ខែកុម្ភៈនេះ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជំរុញឱ្យ​ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ ពន្លឿនការចាក់វ៉ាក់សាំងដូស​ជំរុញ (ដូសទី៣) និងដូសទី៤ ជូនដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការឱ្យបានគ្រប់ៗគ្នា។

អស់រយៈពេល៣១ថ្ងៃជាប់គ្នាមកហើយដែលសេចក្ដីប្រកាសរបស់ក្រសួងសុខា​ភិបាល​បញ្ជាក់ថា មិនមានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នោះទេ គិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៤ ខែកុម្ភៈនេះ ក៏បានឱ្យដឹងថា រដ្ឋាភិបាលបានកោតសរសើរចំពោះវឌ្ឍនភាពនៃការបើកសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា ហើយថា នៅថ្ងៃទី២៤ ខែកុម្ភៈ ខាងមុខនេះ កម្ពុជានឹងទទួលស្វាគមន៍នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី មកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។

កម្ពុជាក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ក៏បានគាំទ្រនិងលើកទឹកចិត្តប្រទេសជាសមាជិកអាស៊ាន ដើម្បីខិតខំជំរុញ​ការអនុវត្តទស្សនាទាន​អាស៊ាន​ ស្ដីពី «ឥណ្ឌូប៉ាស៊ីហ្វិក» អាច​ចេញជា​សកម្ម​ភាពជាក់ស្ដែង ព្រមទាំងបន្តខិតខំទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជំរុញ​ការបើកសេដ្ឋកិច្ចឡើងវិញ និងប្រកាន់ខ្ជាប់គោលការណ៍កុងសង់ស៊ីសរបស់អាស៊ាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ