ជនជាតិដើមភាគតិចនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានតវ៉ាទាមទារឱ្យស្ថាប័នពាក់ព័ន្ធពន្លឿនដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនចិនដែលបានអូសបន្លាយពេលជាង១០ឆ្នាំមកហើយ ខណៈពួកគេកំពុងជួបការលំបាកក្នុងជីវភាព។
ជនជាតិដើមភាគតិចមួយរូបរស់នៅស្រុកត្បែងមានជ័យដែលមានបញ្ហាដីធ្លី អ្នកស្រី រឿង ខាន់ បានអះអាងថា ដីធ្លីរបស់ពួកគាត់ត្រូវបានក្រុមហ៊ុនចិនឈ្មោះ «ឡានហ្វេង» ឈូសឆាយរំលោភយកតាំងពីឆ្នាំ២០១២ ហើយពួកគាត់តវ៉ាច្រើនលើកឡើងសារហើយ តែនៅមិនមានដំណោះស្រាយ។
អ្នកស្រីបន្តថា នៅថ្ងៃទី១ ខែកុម្ភៈ ពួកគាត់បានប្រមូលផ្ដុំគ្នាជាង១០០នាក់ ដើម្បីតវ៉ានៅលើដីមានទំនាស់ម្ដងទៀត ដើម្បីទាមទាររកដំណោះស្រាយ។
អ្នកស្រីថា៖ «បងប្អូនប្រជាសហគមន៍យើងដែលជាអ្នកម្ចាស់ទឹក ម្ចាស់ដី គ្នាខ្វះ រហេមរហាម អ្នកខ្លះក៏ខ្ចីលុយអង្គការ អត់ហ៊ានទិញអង្ករ ទិញអីហូបទេ ហើយមានជំងឺឈឺថ្កាត់គ្រប់ប្រភេទ ហើយអាដីស្រែក៏គ្នាមិនបានធ្វើបន្តិចសោះ តើត្រូវរំពឹងអី?»
អ្នកស្រី រឿង ខាន់ បន្ថែមទៀតថា ប្រសិនបើក្រុមហ៊ុនមិនមានដំណោះស្រាយសមរម្យឱ្យប្រជាសហគមន៍នោះទេ ពួកគាត់នឹងបន្តការតវ៉ារហូតដល់ថ្នាក់ស្រុកខេត្ត និងអាចឈានរហូតដល់ថ្នាក់ជាតិ នៅពេលឆាប់ៗខាងមុខនេះ។
អ្នកស្រីនិយាយថា៖ «ខ្ញុំគិតថាចង់ឱ្យរាជរដ្ឋាភិបាល ទាំងអស់គ្នា ទាំងមន្រ្តីថ្នាក់ក្រោម មន្រ្តីថ្នាក់លើ ទាំងរដ្ឋមន្រ្តីអីហ្នឹង ឱ្យជួយដឹងឮថាជនជាតិដើមភាគតិចនៅភូមិព្រះម៉ែយើងខ្ញុំ មិនទាន់សុខស្រួលអីប៉ុន្មានទេ នៅខ្វះខាតរឿងស្បៀងអាហារ និងបញ្ហាដីធ្លីសឹងគ្រប់សព្វ»។
ស្រដៀងគ្នានេះដែរ ប្រជាសហគមន៍ម្នាក់ទៀត អ្នកស្រី ពឿន ជឿន និយាយថា ដីរបស់អ្នកស្រីជាង៥ហិកតាត្រូវបានក្រុមហ៊ុនស្ករអំពៅចិនរំលោភយក និងឈូសឆាយតាំងពីឆ្នាំ២០១២មកម្ល៉េះ។ អ្នកស្រីបញ្ជាក់ថា រូបគាត់និងអ្នកភូមិផ្សេងទៀតនៅតែបារម្ភខ្លាចក្រុមហ៊ុនបន្តបំពានយកដីរបស់ពួកគាត់ថែមទៀត ខណៈដីដែលរំលោភយកជាង១០ឆ្នាំមុន នៅមិនទាន់ដោះស្រាយ។
អ្នកស្រីថា៖ «រាល់ថ្ងៃនេះ ពួកខ្ញុំនៅតែដើរល្បាតតាមដីនៅជុំវិញដីក្រុមហ៊ុននេះ ឃ្លាំមើល ប្រសិនបើមានសកម្មភាពក្រុមហ៊ុនបន្តភ្ជួរដី យើងនឹងទាក់ទងមកអ្នកភូមិដើម្បីប្រមូលកម្លាំងមករារាំង មិនឱ្យឈូសឆាយបន្ត។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គួរជួយពន្លឿនក្នុងការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចកួយរបស់ពួកយើងឱ្យបានឆាប់ៗ»។
ក្រុមហ៊ុន ឡាន ហ្វេង គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយក្នុងចំណោមក្រុមហ៊ុនចំនួន៤ផ្សេងទៀតរបស់ក្រុមហ៊ុនមេឈ្មោះ ក្រុមហ៊ុន «ហេងហ្វូ» ដែលទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលលើផ្ទៃដីជាង៤ម៉ឺនហិកតា (៤២ ០០០) តាំងពីឆ្នាំ២០១១ សម្រាប់វិនិយោគដាំអំពៅនិងកៅស៊ូ។
លោក អ៊ី ហេង ជាអ្នកដែលពលរដ្ឋស្គាល់ថាជាមេការឱ្យក្រុមហ៊ុនចិនឡានហ្វេងនោះ បដិសេធមិនបកស្រាយចំពោះការចោទប្រកាន់ពីពលរដ្ឋនោះទេ ដោយអះអាងថា លោកឈប់ធ្វើការងារជាមួយក្រុមហ៊ុននោះហើយ។ នៅពេលដែលសួររកតំណាងក្រុមហ៊ុនផ្សេងទៀត ដើម្បីសាកសួរព័ត៌មានបន្ថែម លោកថាមិនដឹងទេ។
លោក អ៊ី ហេង៖ «ខ្ញុំឈប់ពីក្រុមហ៊ុនហ្នឹងយូរហើយ ឥលូវមកធ្វើការនៅខេត្តកំពង់ស្ពឺវិញហើយ ដូច្នេះខ្ញុំមិនដឹងទៀតទេ»។
អភិបាលស្រុកត្បែងមានជ័យ លោក ណុត សុភ័ណ ដែលបានចុះទៅជួបពលរដ្ឋធ្វើការតវ៉ានៅមុខក្រុមហ៊ុន កាលពីថ្ងៃទី០១ ខែកុម្ភៈ មានប្រសាសន៍យ៉ាងខ្លីថា៖ «សូមឱ្យពួកសហគមន៍ដាក់ពាក្យមកសាលាស្រុកមក ខ្ញុំមិនអាចបកស្រាយនៅពេលនេះបានទេ»។
ចំណែកអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ មិនអាចទាក់ទងបានទេ។
មន្រ្តីសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ ដែលតែងតាមដានបញ្ហានេះ មើលឃើញថា អាជ្ញាធរនិងក្រុមហ៊ុន ឡានហ្វេង នៅតែមិនព្រមរកដំណោះស្រាយជូនប្រជាពលរដ្ឋ។ លោកបន្តថា ក្រុមហ៊ុនចិននេះបានប្រកាសក្ស័យធុន ហើយបែរជាយកដីដែលមានជម្លោះជាមួយពលរដ្ឋទៅជួលឱ្យអ្នកផ្សេងទៅវិញ ដោយមិនព្រមចរចារកដំណោះស្រាយ។
លោកបន្តថា៖ «អាជ្ញាធរគួរណាហៅប្រជាពលរដ្ឋឬក៏ប្រជាសគមន៍ណាដែលរងផលប៉ះពាល់ដីធ្លីហ្នឹង ហើយហៅក្រុមហ៊ុនមួយទៀត ដើម្បីយកបញ្ហាមកដាក់លើតុពិភាក្សានិងជជែកទៅ។ ក្រុមហ៊ុនឥលូវវាយ៉ាងណាហើយ? ក្រុមហ៊ុនបានផ្អាកដំណើរការហើយ ចុះដីប្រជាពលរដ្ឋដែលមានផលប៉ះពាល់កន្លងមក? គួរតែដោះស្រាយជូនពួកគាត់ទៅ ដើម្បីទុកធ្វើស្រែចម្ការ»។
បើតាមលោក ឡោ ចាន់ កន្លងមក អាជ្ញាធរតែងតែទាមទាររកប្លង់រឹងពីប្រជាពលរដ្ឋ ដើម្បីធ្វើការដោះស្រាយ ប៉ុន្តែនៅតំបន់នោះ អាជ្ញាធរនៅមិនទាន់ធ្វើប្លង់រឹងជូនប្រជាពលរដ្ឋនៅឡើយ។
ក្រុមជនជាតិដើមភាគតិច ឱ្យដឹងថា ជម្លោះដីធ្លីនេះបានកើតឡើងតាំងពីឆ្នាំ២០១២ លើផ្ទៃដី៦ ០០០ហិកតា ដែលពួកគាត់អះអាងថាជាកម្មសិទ្ធិរបស់ពលរដ្ឋចំនួន២៥០គ្រួសារ៕