មន្ត្រីក្រសួងសុខាភិបាល បានចុះទៅយកសំណាកក្រុមកូដករណាហ្គាវើលដ៍ដល់កន្លែងតវ៉ា ក្បែរក្រុមហ៊ុនណាហ្គាវើលដ៍ នៅល្ងាចថ្ងៃទី៤ ខែកុម្ភៈនេះ ក៏ប៉ុន្តែតំណាងកូដករបានស្នើទៅមន្ត្រីក្រសួងសុខាភិបាលឱ្យលើកពេលទៅថ្ងៃស្អែកវិញ។
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃសុក្រនេះ ចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយតម្រូវឱ្យក្រុមកូដករទាំងអស់ទៅយកសំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃនេះតទៅ។ សេចក្ដីបង្គាប់នេះ គឺបន្ទាប់ពីក្រសួងបានរកឃើញស្ត្រីមានផ្ទៃពោះម្នាក់ដែលជាកូដករវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។
ក្រសួងសុខាភិបាលបានព្រមានថា៖ «បើបុគ្គលទាំងឡាយណាដែលមិនបានអនុវត្តវិធានការសុខាភិបាលនិងវិធានការរដ្ឋបាលនេះ នឹងត្រូវទទួលទោសតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតជាធរមាន»។
ប៉ុន្តែស្ត្រីដែលក្រសួងសុខាភិបាលថាបានឆ្លងជំងឺកូវីដ-១៩ បានចេញមកអះអាងថា អ្នកស្រីមិនបានឆ្លងជំងឺកូវីដ-១៩នេះពីកន្លែងធ្វើកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដូចការប្រកាសរបស់ក្រសួងសុខាភិបាលឡើយ។
ប្រតិកម្មភ្លាមៗ ស្ត្រីដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Sam Arn Chhuon បានអះអាងថា អ្វីដែលក្រសួងបានប្រកាសសំដៅមកលើខ្លួន ទំនងជាក្រសួងយល់ច្រឡំថានាងបានឆ្លងជំងឺនេះពីកន្លែងធ្វើកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍។ ស្ត្រីរូបនេះបន្តអះអាងថា នាងបានខកខានទៅចូលរួមធ្វើកូដកម្មជាមួយបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ចាប់តាំងពីថ្ងៃទី១៥ ខែមករា មកម្ល៉េះ ហើយទាល់តែថ្ងៃទី២៨ ខែមករា ទើបអ្នកស្រីធ្វើតេស្តរកឃើញជំងឺកូវីដ-១៩៕












