កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ បំប្លែងថ្មី «អូមីក្រុង» ជាង​១០០​នាក់

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅផ្សារលើធំថ្មី តាមរយៈតេស្តសំណាក (តេស្តរហ័ស) បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាច្រើននាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall)

ក្រសួង​សុខាភិបាល​ឱ្យដឹង​ថា កម្ពុជា​បន្តរក​ឃើញ​អ្នក​ឆ្លង​ជំងឺកូវីដ-១៩ បំប្លែង​ថ្មី ប្រភេទ​ «អូមីក្រុង» ចំនួន ១១២នាក់ ក្នុង​នោះ​ករណី​ឆ្លង​ចូល​សហគមន៍​ចំនួន៨៧នាក់ ខណៈអ្នកស្លាប់ដោយ​សារជំងឺ​នេះ​មិន​មាន​ទេ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា យោង​តាម​លទ្ធ​ផល​បញ្ជាក់​ដោយ PCR test កាលពីម្សិលមិញ ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងចំនួន១១២នាក់ ក្នុងនោះ មានករណីនាំចូល ២៥ នាក់ និងឆ្លងចូលសហគមន៍៨៧នាក់។

ជាងនេះទៀត ក្រសួងថា កាលពីម្សិលមិញនេះ ក៏មានជំងឺកូវីដ-១៩ ចំនួន ១០៥នាក់បានជាសះស្បើយ ខណៈអ្នកស្លាប់ដោយសារ ជំងឺនេះ មិនមានឡើយ។

គិតត្រឹមថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុប១២១ ៦៦២នាក់ ក្នុងនោះ ករណី​នាំ​ចូល​សរុប​២០ ៣៨៥ នាក់ ខណៈអ្នកជាសះស្បើយសរុប១១៨ ០២៣នាក់ និងជំងឺដែលស្លាប់សរុប ៣០១៥នាក់។  ក្រសួងបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ ជំងឺកូវីដ-១៩ អូមីក្រុងឆ្លងចូលសហគមន៍ សរុប៦៩៣ នាក់ហើយ។

ប្រមុខរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃម្សិលមិញ បានប្ដេជ្ញាចិត្តថា នឹងខិតខំបញ្ចៀសមិនឱ្យមានករណីប្រជាជនស្លាប់ដោយ​សារ​ជំងឺកូវីដ-១៩ ជា​បន្ត​ទៀត​ទេ និងដោយធានាថា កម្ពុជាមិនខ្វះវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋនៅពេលដែលបញ្ហាជំងឺកូវីដ-១៩ មិនទាន់ចប់នៅឡើយ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជា ស្ដីពី «លទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី» នៅថ្ងៃទី៤ ខែកុម្ភៈនេះ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជំរុញឱ្យ​ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ ពន្លឿនការចាក់វ៉ាក់សាំងដូស​ជំរុញ (ដូសទី៣) និងដូសទី៤ ជូនដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការឱ្យបានគ្រប់ៗគ្នា។

គិតត្រឹមថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ អស់រយៈពេល៣២ថ្ងៃជាប់ៗគ្នាមកហើយ ដែលសេចក្ដីប្រកាសរបស់ក្រសួងសុខា​ភិបាល​បញ្ជាក់ថា មិនមានករណី​អ្នក​ស្លាប់​ដោយ​​សារ​ជំងឺកូវីដ-១៩នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ