អតីត​​គ្រូពេទ្យ​​នៅ​​ប៉ៃលិន​​ថា សេចក្តី​​សម្រេច​​របស់​​ក្រសួង​​មុខងារ​​សាធារណៈ​ អយុត្តិធម៌​​សម្រាប់​​លោក​

លោក ខឹម មុនីកុសល មកដាក់ពាក្យបណ្ដឹងជាថ្មីទៅកាន់ក្រសួងមុខងារសាធារណៈ ដើម្បីឱ្យជួយអន្តរា​គមន៍​ឱ្យលោក​បានចូលបម្រើការងារឡើងវិញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Monykosal Khem)

លោក ខឹម មុនីកុសល អតីត​មន្ត្រី​ជាន់ខ្ពស់​នៅ​មន្ទីរ​សុខាភិបាល​ខេត្តប៉ៃលិន បាន​ចាត់​ទុកសេចក្តី​សម្រេច​របស់​ក្រសួង​មុខងារ​សាធារណៈ ថា​ជា​រឿង​អយុត្តិធម៌ និង​ធ្វើឡើង​ដោយមិន​ផ្អែក​លើ​ច្បាប់ និង​នីតិវិធី​នោះ​ឡើយ។

ការលើកឡើងរបស់អតីតគ្រូពេទ្យនៅខេត្តប៉ៃលិននេះ គឺបន្ទាប់ពីក្រសួងមុខងារសាធារណៈ បានចេញសេចក្តីប្រកាសព័ត៌មានមួយ​កាលពី​ថ្ងៃទី៤ ខែកុម្ភៈម្សិលមិញ ដោយបានចាត់ទុកថា សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តប៉ៃលិន ស្តីពី ការលុបឈ្មោះលោក ខឹម មុនីកុសល ចេញពីក្របខណ្ឌរដ្ឋបាលថ្នាក់ក្រោមជាតិ គឺស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

សេចក្តី​ប្រកាស​របស់​ក្រសួង​មុខងារ​សាធារណៈបាន​បញ្ជាក់​ថា៖ «ក្រោយពី​បាន​ពិនិត្យ​លើ​ដំណើរការ​នៃ​ការ​ស្រាវជ្រាវ និង​ផ្ទៀងផ្ទាត់​យ៉ាងហ្មត់ចត់​ពី​នីតិវិធី​អធិការកិច្ច​ដែល​មាន​ចែង​ក្នុង​ច្បាប់ និង​លិខិត​បទដ្ឋានគតិយុត្ត​ជាធរមាន ក្រសួង​មុខងារ​សាធារណៈ សម្រេច​ថា ការ​ចេញដីកា​ចុះ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ២០២១ របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន ស្តីពី​ ការ​អនុវត្ត​ទណ្ឌកម្ម ខាង​វិន័យ​ថ្នាក់​ទី​២ ចំពោះ​លោក ខឹម មុនីកុសល គឺ​ស្រប​តាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជាធរមាន»

ប៉ុន្តែលោក ខឹម មុនីកុសល បានចាត់ទុកថា សេចក្តីសម្រេចនេះ គឺអយុត្តិធម៌សម្រាប់លោក ហើយតាមរយៈករណីនេះវាបានឆ្លុះបញ្ចាំងថា មន្ត្រីរាជការតូចតាច មិនមានយន្តការណាមួយដើម្បីការពារនោះទេ។ លោកថា ការធ្វើបែបនេះ នឹងធ្វើឱ្យមន្ត្រីរាជការចុះខ្សោយ បាក់ទឹកចិត្ត និងអសកម្ម ដោយសារមិនហ៊ានរិះគន់បញ្ហាអសកម្មរបស់ថ្នាក់លើទៀតនោះទេ។

លោកថា៖ «ការសម្រេចរបស់ក្រសួងមុខងារសាធារណៈនេះ គឺវាអត់មានអ្វីទេ មានតែធ្វើឱ្យភាពអសកម្មរបស់មន្ត្រីរាជការហ្នឹងវាកាន់​តែ​អសកម្ម ព្រោះអ្វី គឺគ្មានអ្នកណាគេហ៊ានធ្វើការងារដោយមនសិការវិជ្ជាជីវៈទេ ព្រោះអីធ្វើតែតាមមេ អោនលំទោនតែប៉ុណ្ណឹង ដើម្បីយករួចខ្លួន ហើយមួយទៀត វាបង្ហាញឱ្យឃើញថា មន្ត្រីរាជការហ្នឹងគ្មានយន្តការណាមួយដើម្បីការពារមន្ត្រីរាជការតូចតាច យន្តការដែលគេធ្វើរាល់ថ្ងៃហ្នឹង គឺការពារតែមន្ត្រីខិលខូច ធំៗ និងការពារតែគណបក្សដូចនិយាយខាងដើមចឹង»។

លោក ខឹម មុនីកុសល ក៏បានរិះគន់ទៅលើគណៈកម្មការអន្តរក្រសួងដែលចុះមកដោះស្រាយករណីរបស់លោកនាពេលកន្លងមកថា មិនបាន​ផ្តល់​ឱកាសគ្រប់គ្រាន់ឱ្យលោកបកស្រាយនោះទេ គឺគ្រាន់តែកោះហៅលោកទៅឆ្លើយបំភ្លឺដើម្បីតែបង្គ្រប់កិច្ចតែប៉ុណ្ណោះ។

លោក ខឹម មុនីកុសល ត្រូវបានអភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ ​លុប​​ឈ្មោះ​ ចេញ​ពី​ក្រប​ខ័ណ្ឌ​រដ្ឋ ក្រោមការចោទប្រកាន់ថា បានប្រព្រឹត្ត​កំហុស​ និងការឆ្គាំឆ្គង​ក្នុង​វិជ្ជាជីវៈ។ ករណីនេះបាន​កើតឡើង​ ក្រោយពេលដែលលោក ខឹម មុនីកុសល បាន​បង្ហោះហ្វេសប៊ុក​ដោយសរសេរថា «​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ចុះ​ប្រចាំការ​នៅ​មណ្ឌល​ចត្តាឡីស័ក​នៅ​មន្ទីរ​បក្ស​ខេត្ត​ប៉ៃលិន មិន​ជួយ​ធ្វើ​ការងារ​គ្រូពេទ្យ​ខ្លះ​នោះទេ ប៉ុន្តែ​នាំគ្នា​អង្គុយលេង Facebook ក្នុង​តង់ និង​ថតរូប​បង្អួត​គេឯង​ទៅវិញ​»​។ លោកបានប្តឹងចំនួនពីរ​លើកមកក្រសួង​មុខងារ​សាធារណៈ​ និង​ក្រសួង​សុខាភិបាលផងដែរ ដើម្បីឱ្យដោះស្រាយករណីនេះ។

លោក ខឹម មុនីកុសល នៅថ្ងៃសៅរ៍នេះនៅតែអះអាងថា ការរិះគន់របស់លោក គឺជារឿងត្រឹមត្រូវ ដើម្បីបង្ហាញពីភាពអសកម្ម​របស់​មន្ត្រី​រាជការ។

យ៉ាងណាក្តី អតីតគ្រូពេទ្យជាន់ខ្ពស់នៅខេត្តប៉ៃលិនរូបនេះ មិនទាន់បោះបង់ចោលការតស៊ូទាមទារក្របខណ្ឌរដ្ឋរបស់លោកមកវិញនៅឡើយទេ ដោយលោកកំពុងពិចារណាប្តឹងទៅកាន់តុលាការថែមទៀត។ លោកថា ពេលនេះ យុត្តិធម៌ ឬ អយុត្តិធម៌សម្រាប់លោក វាលែងសំខាន់ទៀត​ហើយ តែអ្វីដែលសំខាន់ នោះគឺការវាយតម្លៃរបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការផ្សេងទៀតមកលើសកម្មភាពរបស់លោកតែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ