មន្ត្រី​ជំនាញ​រក​ឃើញ​កូដករ​ណា​ហ្គាវើលដ៍​ចំនួន​២៩​នាក់​បន្ថែម​ទៀត​ឆ្លង​កូវីដ-១៩​

សកម្មភាពមន្ត្រីសុខាភិបាល និងកូដករក្រុមហ៊ុនណាហ្គាវើលដ៍មួយចំនួនដែលនឹងត្រូវបញ្ជូនទៅកន្លែងព្យាបាលជំងឺកូវីដ-១៩ បន្ទាប់ពីធ្វើតេស្តសំណាកនៅបរិវេណមជ្ឈមណ្ឌលកម្សាន្តកោះពេជ្ររួច នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២។ (Michael Dickison/VOD)

មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានអះអាងថា កូដករចំនួន ២៩នាក់​ ត្រូវបានរកឃើញវិជ្ជមាន​មេរោគកូវីដ-១៩ បន្ទាប់ពីធ្វើតេស្តសំណាកលើកម្មករជាច្រើននាក់នៅថ្ងៃអាទិត្យនេះ​​។

សេចក្តីប្រកាសព័ត៌មានរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់ថា ​លទ្ធផល​ធ្វើតេស្តយកសំណាកដើម្បីស្វែងរកមេរោគកូវីដ-១៩ លើក្រុមកូដករបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ​គិតត្រឹមម៉ោងជិត៧ យប់ថ្ងៃអាទិត្យនេះ ​មានកូដករចំនួន ២៩នាក់បន្ថែមទៀត ត្រូវបានរកឃើញថាវិជ្ជមាន​កូវីដ-១៩​។

បញ្ហានេះ មន្ទីរសុខាភិបាល​រាជធានីភ្នំពេញ បានណែនាំក្រុមកូដករទាំងអស់ដែល​ប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័ករយៈពេល ​៧ថ្ងៃ ដោយគោរពឱ្យបានម៉ឺងម៉ាត់​តាមវិធានសុខាភិបាល។

សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា បន្ទាប់ពីការធ្វើចត្តាឡីស័កចប់ត្រូវយកសំណាកនៅតាមកន្លែងដែលបានកំណត់ និងរាយការណ៍អំពីលទ្ធផលមកអាជ្ញាធរមូលដ្ឋាន និងមន្ទីរសុខាភិបាលជាកំហិត។

ប្រភពដដែល ក៏បានស្នើដល់អ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយក្រុមកូដករ ហើយសម្រាប់អ្នកមិនទាន់​បានធ្វើតេស្ត​កូវីដ-១៩ ត្រូវទៅធ្វើតេស្ត ​តាមកន្លែងកំណត់នៅរាជធានីភ្នំពេញ។

ស្របពេលកូដករក្រុមហ៊ុនណាហ្គាវើលដ៍នាំគ្នាចូលរួមធ្វើតេស្តសំណាក់រកមេរោគកូវីដ-១៩ តាមការចង់បានរបស់មន្ត្រីជំនាញ និងអាជ្ញាធររាជធានីភ្នំពេញ យ៉ាងហោចណាស់មានកូដករ ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមិនទាន់ដោះលែងនៅឡើយ និង៤នាក់ទៀតប្រឈមការចាប់ខ្លួន ក្រោមការចោទប្រកាន់ថា បានរារាំងការអនុវត្តវិធានការ​ទប់ស្កាត់ជំងឺកូវីដ-១៩​។ ការចោទប្រកាន់នោះ កម្មករអះអាងថា ពួកគាត់មិនបានប្រឆាំងឬញុះញង់មិនឱ្យអនុវត្តវិធានាការសុខាភិបាលនោះទេ  ដោយពួកគាត់គ្រាន់តែ​ស្នើឱ្យពន្យារពេលធ្វើតេស្តសំណាកមកធ្វើនៅថ្ងៃទី៥ ខែកុម្ភៈ តែប៉ុណ្ណោះ។

វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍បានកើតឡើង ក្រោយពេលបុគ្គលិកនិយោជិតចំនួន១ ៣២៩ ដោយក្នុងនោះប្រមាណ ១ ១០០នាក់ ជាសមាជិកសហជីពទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​​ណាហ្គាវើលដ៍ ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ។

ក្រុមកម្មករនិយោជិតបាននាំគ្នាធ្វើកូដកម្មនៅខាងមុខ និងក្បែរក្រុមហ៊ុនល្បែងដែលមានម្ចាស់ជាជនជាតិម៉ាឡេស៊ីមួយនេះតាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែចំណុចដែលពួកគេទាមទារទាំង៩​នោះ នៅតែគ្មានដំណោះ​ស្រាយ។

ក្រៅពីមិនមានដំណោះស្រាយសម្រាប់បុគ្គលិកទាំងនោះ សមត្ថកិច្ចក៏ថែមទាំងបានចាប់ខ្លួនមនុស្សរាប់សិបនាក់ ប៉ុន្តែដោះលែងពួកគេមួយចំនួនធំទៅវិញ ដោយទុកតែថ្នាក់ដឹកនាំសហជីព ៨នាក់តែប៉ុណ្ណោះ។  ​ដឹកនាំសហជីព ៨នាក់ ដែលមានទាំងប្រធានសហជីពទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ផងនោះ​ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសរ ដោយចោទពីបទ ញុះញង់ បើទោះពីជាសង្គមស៊ីវិលជាតិ និងអន្តរជាតិចាត់ទុកសកម្មភាពតវ៉ាអហិង្សារបស់ពួកគេថា ដើម្បីប្រយោជន៍កម្មករ និងសេរីសហជីព ព្រមទាំងជាសកម្មភាពស្របច្បាប់ក៏ដោយ។

ត្បិតតែថ្នាក់ដឹកនាំសហជីពត្រូវបានចាប់និងឃុំខ្លួនក្តី ប៉ុន្តែសកម្មភាពធ្វើកូដកម្មរបស់កូដករណាហ្គាវើលដ៍ក៏និងសកម្មភាពតស៊ូមតិផ្សេងទៀតនៅតែបន្តដដែល ដោយពួកគេក្រៅពីទាមទារដំណោះស្រាយការងារហើយនោះ ការដោះលែងតំណាងរបស់ខ្លួនទាំង ៨នាក់ឱ្យមានសេរីវិញ គឺជាកម្មវត្ថុសំខាន់ក្នុងការធ្វើកូដកម្មប្រចាំថ្ងៃរបស់ខ្លួន។ ​

វិធានការសុខាភិបាលក៏ត្រូវបានគេមើលឃើញថា យកមកប្រើទៅលើកូដករណាហ្គាវើលដ៍វិញម្តង ខណៈការបំបែកការជួបជុំរបស់កូដករកន្លងមកមិនបានសម្រេច។  វិធានការសុខាភិបាលធ្វើឡើង ក្រោយពេលមន្ត្រីជំនាញរកឃើញថា ស្ត្រីមានផ្ទៃពោះម្នាក់ដែលជាកូដករដែរនោះ បានឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុង បើទោះពីជាស្ត្រីរូបនោះចេញមុខអះអាងថា ​ការឆ្លងជំងឺសកលនេះលើរូបគាត់មិនពាក់ព័ន្ធក្រុមកូដករទេ ម្យ៉ាងគាត់ក៏មិនមានវត្តមានធ្វើកូដកម្មតាំងពីថ្ងៃទី១៥ ខែមករា មកម្លេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ