កម្ពុជា​រក​ឃើញ​កូវីដ-១៩​ប្រភេទ​«អូមីក្រុង»​ឆ្លង​ចូល​សហគមន៍​កើន​ឡើង​ជិត​៨០០​ករណី

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅផ្សារលើធំថ្មី តាមរយៈតេស្តសំណាក (តេស្តរហ័ស) បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាច្រើននាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall)

ក្រសួងសុខាភិបាលបានប្រកាសរកឃើញ​​ជំងឺកូវីដ-១៩ ​ប្រភេទបំប្លែងខ្លួន​ថ្មី «អូមីក្រុង» បានឆ្លងចូលក្នុងសហគមន៍សរុបមានចំនួនកើនឡើងជិត ៨០០ករណីហើយ បន្ទាប់ពីរកឃើញករណីឆ្លងជំងឺប្រភេទថ្មីនេះចូលសហគមន៍​ចំនួនជិត ១០០ករណីបន្ថែមទៀតកាលពីម្សិលមិញ។ ​

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ​អ្នក​ជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួន «អូមីក្រុង»ដែលរកឃើញឆ្លងថ្មីកាលពីម្សិលមិញមានចំនួន ​១១១​នាក់។ អ្នកជំងឺទាំងនោះ មាន ៩៥ករណី ​ជាការរកឃើញឆ្លងចូល​ក្នុងសហគមន៍ និង១៦ករណីទៀត ​ជាការនាំចូលពីក្រៅប្រទេស​។ ដោយឡែក ករណីស្លាប់ថ្មីគ្មានឡើយ ​ហើយ​អ្នកជំងឺព្យាបាលជាសះស្បើយថ្មី​​ចំនួន ៩៩នាក់បន្ថែមទៀតផងដែរ​​។

ក្រសួងបញ្ជាក់ថា មកទល់ព្រឹកថ្ងៃអាទិត្យនេះ កម្ពុជារកឃើញករណីជំងឺកូវីដ-១៩​ប្រភេទបំប្លែងខ្លួន «អូមីក្រុង» បានឆ្លងចូលទៅក្នុងសហគមន៍មានចំនួនសរុប ៧៨៨ករណី ប៉ុន្តែមិនមានសេចក្តីរាយការណ៍បញ្ជាក់ពីករណីស្លាប់ដោយសារវីរុសបំប្លែងថ្មីមួយនេះឡើយ​។

​កម្ពុជាបាន​រកឃើញ​អ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួន​ «អូមីក្រុង» ​ ​ជាលើកដំបូង កាលពីថ្ងៃទី ១៤ខែធ្នូ លើ​ស្ត្រី​ខ្មែរ​​ម្នាក់ ដែល​ធ្វើ​ដំណើ​រពីប្រទេស​ហ្គាណា នៃតំបន់អាហ្វ្រិក​ខាង​លិច​ មកកម្ពុជា។ 

គិតត្រឹមព្រឹកថ្ងៃដដែលនេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១២១ ៧៧៣នាក់ ក្នុង​នោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១១៨ ១២២នាក់ អ្នកស្លាប់​​ចំនួន​៣ ០១៥នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន ២០ ៤០១នាក់៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ