ដំណើរការធ្វើតេស្តរករកកូវីដ-១៩ លើកូដករក្រុមហ៊ុនណាហ្គាវើលដ៍ នៅមជ្ឈមណ្ឌលកោះពេជ្រនាព្រឹកថ្ងៃអាទិត្យនេះ ធ្វើឡើងក្នុងសភាពស្ងប់ស្ងាត់ ដោយសារមិនឃើញមានពួកគាត់មកធ្វើតេស្តនោះទេ ខណៈកម្មករខ្លះអះអាងថា អ្នកដែលត្រូវមកធ្វើតេស្តទំនងជាពួកគេជាប់រវល់ និងមានធុរៈផ្ទាល់ខ្លួន។
គ្រូពេទ្យម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់វីអូឌីនៅមជ្ឈមណ្ឌលកោះពេជ្រនាព្រឹកថ្ងៃអាទិត្យនេះថា តាមការជូនដំណឹងរបស់ក្រសួងប្រាប់ទៅកម្មករក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យមកធ្វើតេស្តរកកូវីដ-១៩ ចាប់ពីម៉ោង៩ព្រឹកនេះ ប៉ុន្តែនៅព្រឹកនេះ មិនឃើញក្រុមកម្មករទាំងនោះមកធ្វើតេស្តនោះទេ ។
នៅពេលសួរថា តើមានកម្មករក្រុមហ៊ុនណាហ្គាវើលដ៍ប៉ុន្មាននាក់ហើយ ដែលមកធ្វើតេស្តរកកូវីដ-១៩ គ្រូពេទ្ររូបនោះឱ្យទៅសួរក្រសួងសុខាភិបាលវិញ ។
វីអូឌីមិនអាចសុំការបំភ្លឺពីអគ្គនាយកបច្ចេកទេសសុខាភិបាលលោក ហុក គឹមចេង បានទេនៅព្រឹកថ្ងៃអាទិត្យនេះ ។
បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍អ្នកស្រី ម៉ៅ គឹមឡាយ មានប្រសាសន៍ប្រាប់វីអូឌីនៅថ្ងៃនេះថា គាត់បានទៅធ្វើតេស្តរកកូវីដ-១៩ កាលពីថ្ងៃសៅរិ៍ម្សិលមិញរួចហើយ ប៉ុន្តែអ្នកស្រីថា នៅសល់កម្មករមួយចំនួនធំទៀតដែលមិនទាន់ទៅធ្វើតេស្តនៅឡើយ។
អ្នកស្រី គឹមឡាយ មានប្រសាសន៍បន្តថា កម្មករមួយចំនួនដែលមិនទាន់ទៅធ្វើតេស្តរកកូវីដ-១៩ ទំនងជាពួកគេជាប់រវល់ និងខ្លះទៀតចុះទៅតាមខេត្ត ។
អ្នកស្រីមានប្រសាសន៍ថា៖ «ពេលថ្ងៃហ្នឹងមានអ្នកទៅធ្វើតេស្តទៀត ព្រោះអីអត់ទាន់មានអ្នកទៅតេស្តនៅសល់ច្រើន ហើយអ្នកដែលពួកគាត់មិនទាន់ទៅតេស្ត ដោយសារពួកគាត់រវល់មានធុរៈ មើលកូន មើលចៅ និងខ្លះទៀតជាប់រវល់ចុះទៅខេត្តជួបជុំគ្រួសារនៅចុងសប្តាហ៍ »។
បន្ថែមពីនេះ អ្នកស្រី ម៉ៅ គឹមឡាយ ក៏បង្ហាញការខកចិត្តនៅពេលដែលសមត្ថកិច្ចបន្តចាប់ខ្លួនកម្មករចំនួន៦នាក់កាលពីម្សិលមិញ ដោយចោទពីបទ «រារាំងដល់ការអនុវត្តវិធានការប្រយុទ្ធនឹងជំងឺកូវីដ-១៩»។ យ៉ាងណា កម្មករ៣នាក់ ក្នុងចំណោម៦នាក់ ត្រូវបានដោះលែងវិញ តែ៣នាក់ទៀតត្រូវបានឃុំខ្លួននៅស្នងការដ្ឋានរាជធានីភ្នំពេញនៅឡើយ។
ក្រសួងសុខាភិបាលបានរកឃើញស្ត្រីមានផ្ទៃពោះជាកូដករម្នាក់បានឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មី «អូមីក្រុង» កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។ លើសពីនេះទៀត កាលពីថ្ងៃទី៣ និងទី៤ ខែកុម្ភៈ អាជ្ញាធរបានអះអាងថា ក្រសួងសុខាភិបាលបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង លើកូដករជាបន្តបន្ទាប់បន្ថែមទៀត។
ប៉ុន្តែស្ត្រីដែលក្រសួងសុខាភិបាលថា បានឆ្លងជំងឺកូវីដ-១៩ នោះ បានចេញមកអះអាងថា អ្នកស្រីមិនបានឆ្លងជំងឺកូវីដ-១៩នេះពីកន្លែងធ្វើកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដូចការប្រកាសរបស់ក្រសួងសុខាភិបាលឡើយ។ ស្ត្រីរូបនេះ បានអះអាងថា អ្នកស្រីបានខកខានទៅចូលរួមធ្វើកូដកម្មជាមួយបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ចាប់តាំងពីថ្ងៃទី១៥ ខែមករាមក ហើយនៅថ្ងៃទី២៨ ខែមករា ទើបអ្នកស្រីធ្វើតេស្តរកឃើញជំងឺកូវីដ-១៩។
ក្រោយមកនៅថ្ងៃទី៤ ខែកុម្ភៈ អាជ្ញាធររាជធានីភ្នំពេញបានសេចក្តីប្រកាសព័ត៌មានឱ្យគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញ បញ្ជាឱ្យបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ទាំងអស់ បញ្ឈប់ការប្រមូលផ្តុំធ្វើកូដកម្មនេះជាបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ឬប្រភេទផ្សេងទៀត ចូលទៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ តាមរយៈការប្រមូលផ្តុំធ្វើកូដកម្មនេះ។
គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញ បានអំពាវនាវដល់ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធជាមួយកូដករត្រូវទៅយកសំណាកនៅមជ្ឈមណ្ឌលកោះពេជ្រ ខណៈក្រសួងសុខាភិបាលបានទុកពេល៣ថ្ងៃសម្រាប់ការយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩នេះផងដែរ។
បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ជិត១ ០០០នាក់ បានធ្វើកូដកម្មអស់រយៈពេលជិត៥០ថ្ងៃមកហើយ ដើម្បីទាមទារឱ្យដោះលែងតំណាងរបស់ពួកគេ ៨នាក់ ពីពន្ធនាគារ និងទាមទារឱ្យដោះស្រាយវិវាទការងារនៅក្នុងក្រុមហ៊ុនល្បែងមួយនេះដែលបានអូសបន្លាយអស់រយៈពេលជិតមួយឆ្នាំមកហើយ៕












