ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ចាត់ទុកការប៉ុនប៉ងចាប់ខ្លួនកម្មករចំនួន ៤នាក់បន្ថែមទៀត ជាការគំរាមកំហែងមិនឱ្យពួកគេបន្តជួបជុំគ្នាដោយអហិង្សា ដើម្បីទាមទារឱ្យក្រុមហ៊ុនដោះស្រាយវិវាទការងារនោះឡើយ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីតុលាការបានចេញដីកាបង្គាប់ឱ្យកូដករក្រុមហ៊ុនណាហ្គាវើលដ៍ ចំនួន៤នាក់បន្ថែមទៀត ចូលខ្លួនបំភ្លឺពាក់ព័ន្ធរឿងរារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។
កូដករទាំង៤នាក់ជាស្ត្រី ដែលព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក សេង ហៀង ចេញដីកាកាលពីម្សិលមិញបញ្ជាឱ្យចូលខ្លួននោះ រួមមាន ឈ្មោះ ម៉េង កាក់នីកា, ឈ្មោះ អេង ស្រីបូ, ឈ្មោះ អ៊ុក សុភ័ក្រម៉ូលីកា និងឈ្មោះ ខេង ចិន្តា ដែលជាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវចូលមកបង្ហាញខ្លួននៅ ការិយាល័យប្រឆាំងភារវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី១៩ ខែកុម្ភៈ ពាក់ព័ន្ធសំណុំរឿងរារាំងដល់ការអនុវត្តវិធានការ។
កូដករក្រុមហ៊ុនណាហ្គាវើលដ៍អ្នកស្រី សំ រដ្ឋា ប្រាប់វីអូឌីនៅកន្លែងធ្វើចត្តាឡីស័កនារសៀលថ្ងៃអាទិត្យនេះថា ពួកគាត់ប្រមូលផ្តុំគ្នាតស៊ូមតិបែបអហិង្សា និងទាមទារឱ្យក្រុមហ៊ុនដោះស្រាយប្រាក់អតីតភាពការងារជូនពួកគាត់ជិត ៥០ថ្ងៃមកហើយ ប៉ុន្តែមិនទាន់មានដំណោះស្រាយឡើយ។
អ្នកស្រីបន្តថា កំឡុងពេលក្រសួងប្រាប់ឱ្យពួកគាត់ដែលជាកូដករចូលធ្វើតេស្តកាលពីថ្ងៃម្សិលមិញ គឺពួកគាត់មិនប្រឆាំងនិងការសំណូមពររបស់ក្រសួងទេ គ្រាន់តែពួកគាត់ស្នើសុំធ្វើតេស្តនៅថ្ងៃអាទិត្យនេះ ស្រាប់តែសមត្ថកិច្ចចោទ និងចាប់ក្រុមកូដករប្រមាណ១០នាក់ថា «រារាំងដល់ការអនុវត្តវិធានការប្រយុទ្ធនឹងជំងឺកូវីដ-១៩» ខណៈ៣នាក់ដោះលែងវិញ និង៣នាក់ទៀតកំពុងសួរនាំនៅស្នងការដ្ឋានក្រុងភ្នំពេញនៅឡើយ។ ដោយឡែកកូដករ ៤នាក់ទៀត ប្រឈមការចាប់ខ្លួន តាមដីកាបង្គាប់ឱ្យចូលខ្លួនកាលពីម្សិលមិញថែមទៀតផង។
អ្នកស្រី សំ រដ្ឋា ចាត់ទុកការចាប់ខ្លួនកូដករ៣នាក់ និងការប៉ុនប៉នចាប់ខ្លួនកូដករចំនួន៤នាក់បន្ថែមទៀតនេះ ជាការរឹតត្បិតសេរីភាពតស៊ូមតិបែបអហិង្សា និងជាសារគំរាមកំហែងការជួបជុំដោយសន្តិវិធីជាដើម។
អ្នកនាងមានប្រសាសន៍ថា៖ «ពួកខ្ញុំសោកស្តាយដែលក្រុមហ៊ុនមិនដោះស្រាយរឿងតូចជូនកម្មករ បែរជាប្រើអាជ្ញាធរស្ទើរតែគ្រប់ស្ថាប័នមកគំរាមកំហែងតាមអ្វីដែលពួកគេចង់បំបែកក្រុមកូដករពួកយើង។ ទោះបីមានការគំរាមកំហែង ក៏ពួកយើងអត់បាក់ទឹកចិត្តដែរ ពួកយើងនៅតែតស៊ូមតិទៅមុខទៀត»។
កូដករមួយរូបទៀតកញ្ញា អ៊ុក ផារី អំពាវនាវទៅតុលាការ និងស្ថាប័នពាក់ព័ន្ធទម្លាក់ការចោទប្រកាន់ និងដោះលែងកូដករដែលត្រូវបានចាប់ខ្លួនទាំងអស់ឱ្យមានសេរីភាពវិញ ត្បិតពួកគេមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។
អ្នកនាងអំពាវនាវដូចនេះថា៖ «ខ្ញុំចង់ឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់មកលើពួកគាត់ [កម្មករ] ព្រោះគាត់អត់ធ្វើខុសច្បាប់ទេ គឺពួកខ្ញុំអត់មានអ្នកតំណាង អត់មានអ្នកបញ្ចុះបញ្ចូល អត់ពាក់ព័ន្ធនឹងរឿងនយោបាយទេ។ សុទ្ធតែតស៊ូដើម្បីឆ្នាំងបាយខ្លួនឯងទាំងអស់»។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា មានប្រសាសន៍ថា សមត្ថកិច្ចត្រៀមរួចជាស្រេចក្នុងការអនុវត្តតាមដីកាបង្គាប់ ដើម្បីឱ្យអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ៤នាក់ចូលខ្លួនបំភ្លឺ ដោយសារពួកគេ «រារាំងដល់អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩» ដែលល្មើសនិងមាត្រា១១ នៃច្បាប់ប្រឆាំងកូវីដ។
លោកមានប្រសាសន៍ថា៖ «ម្សិលមិញយើងអនុវត្តតាមដីកា គឺនាំគ្នាបាន៣នាក់។ ឥឡូវហ្នឹង សមត្ថិកិច្ចកំពុងតែស្វែងរកជនទាំង៤នាក់ទៀត ព្រោះយើងមានដីកាក្នុងដៃហើយ ដើម្បីអនុវត្តតាមច្បាប់ »។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត មានប្រសាសន៍ថា ការចាប់ខ្លួនកម្មករ៣នាក់ និងបង្គាប់ឱ្យកម្មករ ៤នាក់ចូលខ្លួនបន្ថែមទៀតនេះ ក្រោយហេតុផលថាពួកគេ «រារាំងដល់អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩» មិនសមហេតុផលនោះទេ ដោយថាកម្មករទាំងនោះធ្វើកូដកម្ម ក៏បានអនុវត្តតាមវិធានសុខាភិបាលផងដែរ ។
មន្ត្រីសិទ្ធិមនុស្សរូបនោះ ចាត់ទុកការចោទប្រកាន់ ការចាប់ខ្លួន និងបង្គាប់ឱ្យចូលខ្លួនបំភ្លឺ ជាសញ្ញាបង្ហាញឱ្យឃើញពីការគំរាមកំហែង និងបំបិទសិទ្ធិសេរីភាពក្នុងការជួបជុំរបស់កម្មករដោយសន្តិវិធី ព្រមទាំងជាការបំពានច្បាប់ផងដែរ។
លោកមានប្រសាសន៍ថា៖ «ពួកគាត់ចូលរួមក្នុងការយកសំណាកតាមវិធានការសុខាភិបាល ប៉ុន្តែដីកាបែរជាចោទប្រកាន់ថា ពួកគាត់រារាំងវិធានការសុខាភិបាលទៅវិញ។ កន្លែងហ្នឹងហើយដែលនាំឱ្យគេរិះគន់ ហើយនាំឱ្យគេផ្សារភ្ជាប់ជាមួយការគំរាមកំហែង ការបំភិតបំភ័យទៅលើក្រុមកូដករ »។
បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ជិត១ ០០០នាក់ បាននាំគ្នាធ្វើកូដកម្មអហិង្សាអស់រយៈពេលជិត៥០ថ្ងៃមកហើយ ដើម្បីទាមទារឱ្យដោះលែងតំណាងសហជីពរបស់ពួកគេ ៨នាក់ ពីពន្ធនាគារ និងទាមទារឱ្យដោះស្រាយវិវាទការងារនៅក្នុងក្រុមហ៊ុនល្បែងមួយនេះ ដែលបានអូសបន្លាយអស់រយៈពេលជិតមួយឆ្នាំមកហើយ។
ក្នុងពិធីមួយកាលពីថ្ងៃទី២៥ ខែមករា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជំរុញទៅភាគីពាក់ព័ន្ធឱ្យដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យបានឆាប់ ដោយលោកចាត់ទុកការតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ ដោយសារវិវាទការងារ។ លោកបន្ថែមថា ក្រសួងការងារ និងអាជ្ញាធរពាក់ព័ន្ធ ភាគីក្រុមហ៊ុន រួមទាំងកូដករដែលកំពុងតវ៉ាត្រូវរក្សាភាពអត់ធ្មត់ និងប្រកាន់ជំហរសម្របសម្រួល ដើម្បីដោះស្រាយវិវាទការងារនេះឱ្យបានឆាប់។
កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ សហសហជីពអន្តរជាតិបានផ្ញើលិខិតមួយទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយលើកឡើងថា វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ បានកើតចេញពីការបរាជ័យជាយូរណាស់មកហើយរបស់ភាគីក្រុមហ៊ុន ក្នុងការគោរពសិទ្ធិកម្មករ និងសហជីព ចំពោះកិច្ចចរចាដោយសមូហភាព ដើម្បីទទួលបានប្រាក់ឈ្នួល និងលក្ខខណ្ឌការងារកាន់តែល្អប្រសើរ។
លិខិតនោះបន្តថា ក្រុមហ៊ុនណាហ្គាវើលដ៍ មិនបានគោរពតាមគោលការណ៍របស់រដ្ឋាភិបាលលើការងារ សុវត្ថិភាព និងការការពារសុខភាពក្នុងអំឡុងពេលមានជំងឺកូវីដ-១៩នោះទេ។
ផ្ទុយទៅវិញ បុគ្គលិកនិយោជិតចំនួន១ ៣២៩នាក់ត្រូវបានបញ្ឈប់ពីការងារ ដោយមិនបានពិគ្រោះយោបល់ក្រោមច្បាប់ការងារកម្ពុជាឡើយ ដោយក្នុងចំណោមនោះ មានបុគ្គលិក១ ១០០នាក់ គឺជាសមាជិកសហជីព៕