កម្ពុជា​រកឃើញ​កូវីដ-១៩ប្រភេទ​«អូមីក្រុង»​ឆ្លង​ចូល​សហគមន៍​កើនឡើង​ជិត​៩០០​ករណី

មន្ត្រីក្រសួងសុខាភិបាល ចុះយកសំណាកក្រុមកូដករណាហ្គាវើលដ៍ដល់កន្លែងតវ៉ា ក្បែរក្រុមហ៊ុនណាហ្គាវើលដ៍ បន្ទាប់ពី ក្រសួងសុខាភិបាល តម្រូវឱ្យក្រុមកូដ​ករ​ទាំង​អស់យក​សំណាក​ដើម្បី​ធ្វើតេស្តរកវីរុសកូវីដ-១៩ នៅទីតាំងដែលបានកំណត់ ស្ថិតនៅក្នុងមជ្ឈ​មណ្ឌល​កោះ​ពេជ្រ។ (ហ៊ី ឆាយ)

ក្រសួងសុខាភិបាលបានប្រកាសរកឃើញ​​ជំងឺកូវីដ-១៩ ​ប្រភេទបំប្លែងខ្លួន​ថ្មី «អូមីក្រុង» បានឆ្លងចូលក្នុងសហគមន៍សរុបមានចំនួន​កើនឡើង​ដល់​ជិត៩០០ករណីហើយ បន្ទាប់ពីរកឃើញករណីឆ្លងជំងឺប្រភេទថ្មីនេះចូលសហគមន៍​ចំនួនជាង១០០ករណីបន្ថែម​ទៀត​កាលពីថ្ងៃម្សិលមិញ។ ​

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ​អ្នក​ជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួន «អូមីក្រុង» ដែលរកឃើញឆ្លងថ្មីកាលពីថ្ងៃ​ម្សិលមិញមានចំនួន ១០៣នាក់ ក្នុងនោះ​មាន៩៨ករណីជាការរកឃើញឆ្លងចូល​ក្នុង​សហគមន៍ និង៥ករណីទៀតជាការនាំចូលពីក្រៅប្រទេស​។ ដោយឡែក ករណីស្លាប់ថ្មី ក្រសួងថាគ្មានឡើយ ​ហើយ​​អ្នកជំងឺព្យាបាលជាសះស្បើយថ្មី​​មាន​ចំនួន៩០នាក់បន្ថែមទៀត​​។

ក្រសួងបញ្ជាក់ថា មកទល់ព្រឹកថ្ងៃចន្ទនេះ កម្ពុជា​រកឃើញករណីជំងឺកូវីដ-១៩​ប្រភេទបំប្លែងខ្លួន «អូមីក្រុង» បានឆ្លងចូលទៅក្នុងសហគមន៍មានចំនួនសរុប៨៩១ករណី ប៉ុន្តែមិនមានសេចក្ដីរាយការណ៍បញ្ជាក់ពីករណីស្លាប់ដោយសារវីរុសបំប្លែងថ្មីមួយនេះឡើយ​។

​កម្ពុជាបាន​រកឃើញ​អ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួន​ «អូមីក្រុង» ​​ជាលើកដំបូង កាលពីថ្ងៃទី១៤ ខែធ្នូ លើ​ស្ត្រីខ្មែរ​​ម្នាក់ដែល​ធ្វើ​ដំណើ​រពីប្រទេស​ហ្គាណា នៃតំបន់អាហ្វ្រិក​ខាង​លិច​ មកកម្ពុជា។ 

គិតត្រឹមព្រឹកថ្ងៃចន្ទនេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១២១ ៨៨១នាក់ ក្នុង​នោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​សរុបចំនួន១១៨ ២១២នាក់ អ្នកស្លាប់​​ចំនួន​៣ ០១៥នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន២០ ៤០៦នាក់៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ