លោក ហ៊ុន សែន៖ ជាង៦ខែ កម្ពុជា​ផលិត​មាស​នៅ​ខេត្ត​មណ្ឌលគិរី​បាន​ជាង​១៧០០​គីឡូក្រាម

សំណាករ៉ែមាសក្រោយជីកយកបាននិងចម្រាញ់ដោយក្រុមហ៊ុន Renaissance Minerals ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ (ហ្វេសប៊ុក៖ Australian Embassy, Cambodia)

ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន អះអាងថា រយៈពេលប្រមាណជាង៦ខែ កម្ពុជាផលិតមាសបាន១ ៧៥១គីឡូក្រាម នៅ​ខេត្តមណ្ឌលគិរី។

ការថ្លែងនេះធ្វើឡើងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ប្រវែង​ជិត​១០០គីឡូ​ម៉ែត្រ ក្នុង​ខេត្ត​ក្រចេះ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​​បន្តថា៖ «ជាទូទៅ ​ក្នុងមួយ​សប្ដាហ៍ ​យើង​ផលិត​បាន​ជិត​១០០​គីឡូ អាច​ថា​ពី​៨០ទៅ​១០០​​គីឡូ​ កាន់​តែច្រើនទៅៗ។ អ៊ីចឹងបានជាខ្ញុំដាក់គោលដៅប៉ូលសេដ្ឋកិច្ចនៅទិសឦសាន គឺកសិ-ឧស្សាហកម្ម និង​ធនធានរ៉ែរ​បស់យើង»។

យ៉ាងណា លោក ហ៊ុន សែន ថាកម្ពុជាមិនទាន់ស្រាវជ្រាវធនធានអស់នៅឡើយ ពោលគឺ​នៅមាន​ប្រភេទ​រ៉ែ ធ្យូង​ថ្ម និង​កន្លែង​ផលិត​មាសដទៃទៀត ខណៈ​​កម្ពុជា​ទើប​នឹង​ចាប់​ផ្ដើម​ស្រាវ​ជ្រាវ​​បា​ន​ជាង​កន្លះ​​ឆ្នាំ ខណៈ​មា​​ស​ទាំ​ង១ ៧៥១គីឡូក្រាមនោះនៅមិនទាន់កែច្នៃ​ទៅ​ជា​មាស​ទឹក​១​០​នៅ​​ឡើយ​។

លោកនាយករដ្ឋមន្ត្រី បន្តថា នៅពេលដែលកម្ពុជាផលិតមាសឱ្យទៅជាមាសដុំៗ ដូចជា ដុំទម្ងន់ ២០គីឡូ​ក្រាម ៣០​គីឡូក្រាម និងជាង១០គីឡូក្រាម រួចទើបកម្ពុជាដឹកពីខេត្តមណ្ឌលគិរីទៅចម្រាញ់​ទៅជាមាស​ទឹក១០នៅឯប្រទេសអូស្រ្តាលី។

កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្ម ឈ្មោះ Renaissance Minerals (Cambodia) Limited បានបើកដំណើរការរុករក​មាស​ នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រោយ​ពីក្រុមហ៊ុនមួយនេះបាន​ស្រាវ​ជ្រាវ​រុក​រក​នៅតំ​បន់​នោះ​អស់​រយៈ​ពេល​​១៤​ឆ្នាំមក​​ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ