សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) បានអះអាងថា មានជនរងគ្រោះដោយសារជម្លោះដីធ្លីចំនួន១៧ ០៣៣គ្រួសារ ស្មើ៦១ ៤៦៩នាក់ នៅក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ។
របាយការណ៍ដែលមានចំណងជើងថា «ការបន្តចោទប្រកាន់-ការចាប់ឃុំខ្លួនពលរដ្ឋ ក្នុងរឿងវិវាទដីធ្លី» ចេញផ្សាយនៅរសៀលថ្ងៃអង្គារនេះ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២១កន្លងទៅ មានករណីវិវាទដីធ្លីចំនួន ៦៩ករណី លើដីទំហំជាង៥០ ០០០ហិកតា (៥២ ៦០១,៨៧) ដោយបានធ្វើឱ្យប៉ះពាល់ដល់ជនរងគ្រោះចំនួន១៧ ០៣៣គ្រួសារ ស្មើ៦១ ៤៦៩នាក់ ក្នុងនោះមានជនជាតិដើមភាគតិចចំនួន១ ៣៤៧គ្រួសារ។
ប្រភពដដែលបន្តថា ក្នុងចំណោមជម្លោះដីធ្លីលេចធ្លោជាងគេ គឺការរំលោភដោយបុគ្គលមានអំណាចចំនួន៦៦ករណី និងបុគ្គលអ្នកមានទ្រព្យចំនួន២៧ករណី។
របាយការណ៍ដែលមានកម្រាស់៣៤ទំព័រនេះ ក៏បានបង្ហាញអំពីករណីប្រជាសហគមន៍វិវាទដីធ្លីជាប់បណ្ដឹងអាជ្ញា និងដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ដែលមានច្រើននៅខេត្តមួយចំនួន ដូចជា ខេត្តត្បូងឃ្មុំចំនួន៤៤នាក់ ខេត្តឧត្តរមានជ័យចំនួន២៨នាក់ ខេត្តកណ្ដាលចំនួន២១នាក់ ខេត្តក្រចេះចំនួន១៨នាក់ និងខេត្តកំពង់ស្ពឺចំនួន១៥នាក់។
របាយការណ៍ដដែលបានរកឃើញទៀតថា កត្តាចម្បងដែលនាំឱ្យមានការចាប់ខ្លួន-ចោទប្រកាន់-ឃុំខ្លួន ប្រជាពលរដ្ឋក្នុងរឿងវិវាទដីធ្លី គឺដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋម្ចាស់ដី ឱ្យពួកគាត់លែងហ៊ានប្រើសិទ្ធិក្នុងការទាមទារតវ៉ាស្វែងរកយុត្តិធម៌។
របាយការណ៍បានលើកឡើងនូវករណីដីធ្លីមួយចំនួន ដូចជា ករណីវិវាទដីធ្លីនៅភូមិស្រែប្រាំង ខេត្តត្បូងឃ្មុំ មានការប្រើប្រាស់គ្រឿងចក្រឈូសឆាយស្រែដំណាំ បាញ់គំរាមកំហែង ចោទប្រជាសហគមន៍ជាច្រើននាក់ និងឃុំខ្លួន០៣នាក់។ វិវាទនៅភូមិថ្នល់បត់ ខេត្តបន្ទាយមានជ័យ បានចោទប្រកាន់ប្រជាសហគមន៍ ព្រមទាំងចាប់ដាក់ខ្នោះ។ វិវាទនៅតំបន់ឧទ្យាជាតិរាម ខេត្តព្រះសីហនុ បានប្រើកម្លាំងប្រដាប់អាវុធចម្រុះជាមួយគ្រឿងចក្ររុះរើលំនៅឋានប្រជាពលរដ្ឋ ចោទប្រកាន់ និងឃុំខ្លួនជាច្រើននាក់។ វិវាទនៅស្រុកឱរ៉ាល់ ស្រុកស្ទឹងច្រាល ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ វិវាទដីធ្លីនៅឃុំជីខលើ ខេត្តកោះកុង ជាមួយក្រុមហ៊ុនហេងហ៊ុយអភិវឌ្ឍន៍ ជាដើម។
វីអូឌី នៅពុំទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជុំវិញរបាយការណ៍នេះបាននៅឡើយ៕