អាដហុក​ស្នើ​រដ្ឋាភិបាល​បញ្ឈប់​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ចោទប្រកាន់​និង​ចាប់ឃុំខ្លួន​ពលរដ្ឋ​ក្នុង​រឿង​វិវាទ​ដីធ្លី

ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរខេត្តកណ្តាល ប៉ះទង្គិចជាមួយនឹងប្រជាពលរដ្ឋរងគ្រោះដីធ្លីក្រោមគម្រោងរបស់ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី (OCIC) ខណៈប្រជាពលរដ្ឋប្រមាណជាច្រើននាក់បានព្យាយាមបិទផ្លូវចេញចូលទៅទីតាំងដីមានទំនាស់ ដើម្បីទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហាជម្លោះដីធ្លី។ (ហ៊ី ឆាយ)

សមាគមការពារ​សិទ្ធិមនុស្សអាដហុក ស្នើរដ្ឋាភិបាល​បញ្ឈប់​កា​រ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ចោទ​ប្រកាន់និងចា​ប់​ឃុំខ្លួន​ប្រជាពលរដ្ឋ​ក្នុងរឿងវិវាទដីធ្លីនៅកម្ពុជា ដោយ​ថា ពួកគាត់គ្រាន់តែប្រើសិទ្ធិក្នុងការតវ៉ាដើម្បីទាម​ទារ​រក​យុត្តិធម៌​នោះ។

​សមាគមការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា​​ អាដហុក (ADHOC) នៅថ្ងៃអង្គារនេះ បាន​​ចេញ​ផ្សាយ​​នូវ​​របាយការណ៍​មួយដែលមាន​កម្រាស់​ចំនួន៣៤ទំព័រ ក្រោម​ចំណងជើង​ថា «ការបន្តចោទប្រកាន់-ការចាប់ឃុំខ្លួនពលរដ្ឋក្នុងរឿងវិវាទដីធ្លី ការចោទប្រកាន់-ការចាប់ឃុំខ្លួនក្នុងរឿងវិវាទដីធ្លី»

​របាយការណ៍នោះ​បានលើកឡើង​ថា ​ក្នុងឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួន​១៧ ០៣៣​គ្រួសារ ក្នុង​នោះមាន​ជន​ជាតិ​​ដើម​ភាគតិច ១ ៣៤៧​គ្រួសារ បាន​រង​ផល​ប៉ះ​ពាល់ដោយ​សារ​វិវាទ​ដីធ្លី​ដែល​មាន​ទំហំជាង៥០ ០០០​ហិកតា (៥២ ៦០១,៨៧ហិកតា)។ ​អាដ​ហុក​បន្ត​ថា ការរំលោភដីធ្លី​របស់​ប្រជាពលរដ្ឋដែលលេចធ្លោជាង​គេ​​នាពេលនេះ គឺពីសំណាក់​បុគ្គល​មានអំណាចចំនួន៦៦ករណី និងបុគ្គលអ្នក​មានទ្រព្យចំនួន២៧ករណី។

របាយការណ៍របស់អាដហុក រកឃើញ​ទៀត​ថា ក្នុងឆ្នាំ២០២១ វិវាទដីធ្លីធំៗបានកើនឡើងខ្ពស់មា​​នលក្ខណៈ​​​ធ្ងន់​​​ធ្ងរ ដោយមានការប្រើអំពើហិង្សា វាយបង្រ្កាប ចាប់​ខ្លួន ឃុំខ្លួន និងបាញ់ប្រហារទៅលើ​ប្រជាពលរដ្ឋ ខណៈពលរដ្ឋ​ដែលត្រូវបានចាប់ខ្លួន បាន​​ធ្លាក់ខ្លួនឈឺធ្ងន់ក្នុងពន្ធនាគារ ដូចជា ករណីវិវាទនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រវាងក្រុមហ៊ុន OCIC ដែលអភិវឌ្ឍ​ធ្វើព្រលានយន្តហោះថ្មី​ ខណៈករណីវិវាទនៅក្នុងស្រុកស្អាងក៏មានសកម្មជនម្នាក់ស្លាប់ ក្រោយ​ពេល​បញ្ជូនពីពន្ធនាគារដល់មន្ទីរពេទ្យ។

ចំណែក​ករណីវិវាទដីធ្លីនៅស្រុកអង្គស្នួល ខេត្តកណ្ដាល​វិញ ក៏មានកម្លាំងប្រដាប់អាវុធបាញ់រះដោយត្រូវប្រជា​ពលរដ្ឋម្នាក់​បណ្ដាល​ឱ្យ​របួសធ្ងន់ធ្លាយស្មាខាងឆ្វេង ខណៈវិវាទដីធ្លីនៅ​ខេត្តត្បូងឃ្មុំ បន្ទាយមានជ័យ ព្រះសីហនុ កំពង់ស្ពឺ កោះកុង សៀមរាប​ កំពង់ធំ និង​មណ្ឌលគិរី ជាដើម មានការ​​បាញ់គំរាម​​កំហែង និងចាប់វាយខ្នោះប្រជាពលរដ្ឋ​ម្ចាស់​ដី ក្រោយពីពួកគាត់បានតវ៉ា។

របាយ​ការណ៍​ដដែលនោះបាន​បញ្ជាក់ថា ការរំលោភ​បំពានដីធ្លីនេះក៏បានធ្វើឱ្យមានការចាប់ខ្លួន​ចោទប្រកាន់​លើប្រជាពលរដ្ឋជាម្ចាស់ដី ដោយក្នុងនោះ ជនរងគ្រោះ១៥៧​នាក់កំពុងជាប់បណ្ដឹងអាជ្ញា និងដាក់ឱ្យស្ថិតក្រោម​ការត្រួត​ពិនិត្យ​តុលាការ ខណៈជនរងគ្រោះ១៧នាក់ទៀត​​កំពុងត្រូវ​បានឃុំ​ខ្លួន​បណ្ដោះអាសន្ន ដោយ​ម្នាក់ធ្លាក់​ខ្លួនមាន​​ជំងឺធ្ងន់ធ្ងររហូតដល់​ស្លាប់ក្រោយ​​​ពេលបញ្ជូន​ដល់មន្ទីរពេទ្យ។

អាដហុក ឱ្យដឹងទៀត​ថា ករណី​ប្រជាសហគមន៍វិវាទដីធ្លីជាប់បណ្ដឹងអាជ្ញា និងដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការដែលមានច្រើនជាងគេ ក្នុងនោះ មានខេត្តត្បូងឃ្មុំ ៤៤នាក់, ខេត្តឧត្ដរមានជ័យ ២៨នាក់, ខេត្តកណ្ដាល ២១នាក់, ខេត្តក្រចេះ ១៨នាក់ និងខេត្តកំពង់ស្ពឺ ១៥នាក់ ខណៈកត្តាចម្បងដែលនាំឱ្យមានការ​ចោទប្រកាន់និងឃុំខ្លួន​ប្រជាពលរដ្ឋក្នុងរឿងវិវាទដីធ្លី ធ្វើឡើងដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋម្ចាស់ដី ធ្វើឱ្យពួកគាត់លែងហ៊ានប្រើសិទ្ធិក្នុងការទាមទារតវ៉ាស្វែងរកយុត្តិធម៌នោះ។

អាដហុកបញ្ជាក់ទៀត​ថា បទចោទប្រកាន់​​ដែលតុលាការចោទប្រជាពលរដ្ឋរងគ្រោះនោះ មានដូចជា បទហិង្សា​មាន​​ស្ថាន​ទម្ងន់​ទោស, គំរាមកំហែង​​, ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស, ញុះញង់ឱ្យ​ប្រព្រឹត្ត​​បទ​ឧក្រិដ្ឋជាអាទិ៍ និង​បទប្រឆាំងនឹងអ្នករាជការ​សាធារណៈមានស្ថានទម្ងន់ទោស ខណៈឫសគល់នៃវិវាទនេះកើតឡើងដោយសារ​​ការរំលោភដីធ្លីពលរដ្ឋ​ពីសំណាក់​អ្នកមានអំណាច។

សមាគមអាដហុកបាន​ចាត់ទុកសកម្មភាពទាំងអស់នេះ​ថា កំពុងដើរផ្ទុយពីគោលការណ៍ច្បាប់ជាតិនិងអន្តរជាតិ ក៏ដូចជាយន្តការសិទ្ធិមនុស្សអន្តរជាតិ ព្រមទាំងអនុសាសន៍អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងវិវាទដីធ្លីមួយចំនួនដែរ។

អ្នកមានជម្លោះដីធ្លីនៅខេត្តកោះកុង អ្នកស្រី ផាវ ញ៉ើង ដែល​បានរងបណ្ដឹងនៅតុលាការ​ដែរនោះ មានប្រសាសន៍ថា ពួកគាត់ចង់ឱ្យរដ្ឋាភិបាល និងក្រុម​ហ៊ុន ឬបុគ្គលមានអំណាច ឈប់យកប្រព័ន្ធតុលាការមកគាបសង្កត់និង​ចាប់ខ្លួនពលរដ្ឋ​​បន្តទៀត ហើយ​ងាកមកដោះស្រាយ ដើម្បីបញ្ចប់វិវាទដីធ្លីដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន។

អ្នកស្រីថា៖ «យើងរងគ្រោះដីធ្លីហើយបែរជា​មានការគំរាមកំហែង ចាប់ឃុំខ្លួន​ ចោទប្រកាន់​តាមរយៈតុលាការ​អ៊ីចឹង។ ខ្ញុំឈឺចាប់ណាស់! ខ្ញុំអត់អាចទទួលយកបានទេ! ខ្ញុំស្នើរដ្ឋាភិបាលពិនិត្យមើលរបាយការណ៍សង្គមស៊ីវិល ដើម្បីយកមកសហការជាមួយអាជ្ញាធរ សង្គមស៊ីវិល យកមកដោះស្រាយបញ្ហាទាំងអស់ហ្នឹងឱ្យបានឆាប់ៗវិញ ដើម្បីជាដំណោះស្រាយ»។

ប្រធានអង្គភាព​អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ប្រសិនជាមានការចាប់ខ្លួនប្រជាពលរដ្ឋដោយសារ​រឿងវិវាទដីធ្លីនោះ ពួកគាត់មានសិទ្ធិក្នុងការស្វែងរកមេធាវីដើម្បីការពារក្ដីឱ្យបាន ជា​ជាង​គ្រាន់​តែ​ទាមទារ​។ លោក​ចាត់ទុកការទាមទាររបស់ក្រុមអង្គការសង្គមស៊ីវិលនេះ ថាកំពុងសម្លាប់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដោយសារ​ការមិនអនុវត្តទៅតាមច្បាប់នោះ។

លោកថា៖ «ជនដែលទទួលបានការចាប់ឃុំឃាំងនៅពន្ធនាគារ លោកត្រូវប្រើប្រាស់សិទ្ធិរបស់លោកតាមច្បាប់តែមានចែង គឺមានមេធាវី មិនមែនគ្រាន់តែលើចំនួនអ្នកទទួលបានចាប់និងឃុំឃាំង វាជារឿងអាក្រក់ វាមិនមែនអ៊ីចឹងទេ! គួរតែនាំគ្នាពង្រឹងនិតីរដ្ឋ! បើឃើញថាអាជ្ញាធរមានការរំលោភ អាហ្នឹងអាជ្ញាធរត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ បើប្រជាពលរដ្ឋមានការរំលោភ ត្រូវទទួលទោសទណ្ឌតាមរយៈតុលាការ។ អាហ្នឹងទាល់​មាន​គោលការណ៍ បានយើងអាចកសាងប្រទេសយើងឱ្យក្លាយជានីតិរដ្ឋបាន​»។

ទោះយ៉ាងណា​ ក្នុង​របាយការណ៍របស់​សមាគម​​អាដហុក ក៏បាន​ស្នើ​រដ្ឋាភិបាលនិងតុលាការគ្រប់ជាន់ថ្នាក់បញ្ឈប់ការចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួន​ប្រជាពលរដ្ឋ​ក្នុងរឿងវិវាទដីធ្លី ព្រមទាំង​បញ្ឈប់​ការ​ប្រើ​ប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​បង្រ្កាប​អ្នក​ទាម​ទារ​ដោយ​សន្តិវិធី ដើម្បី​ការ​ពារ​ភាគី​ក្រុម​ហ៊ុន​បុគ្គល​មាន​ទ្រព្យនិងមាន​អំណាច។ ជាមួយគ្នានោះដែរ ​អាដហុកស្នើឱ្យក្រសួង​ពាក់ព័ន្ធ តុលាការ និង​គណៈកម្មការដោះស្រាយវិវាទដីធ្លី ពន្លឿន​និងពង្រឹងការដោះស្រាយបញ្ចប់វិវាទដីធ្លីដែលនៅកកស្ទះឱ្យបានឆាប់ចប់ មាន​តម្លា​ភាព យុត្តិធម៌ និងមិនលម្អៀង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ