ពលរដ្ឋ​ខកចិត្ត​នឹង​អាជ្ញាធរ​ខេត្តកណ្ដាល​ដែល​ហាម​ពួកគេ​មិន​ឱ្យ​តវ៉ា​រឿង​ដីធ្លី ខណៈ​ផ្ដល់​សំណង​មិន​សមរម្យ

ក្រុមពលរដ្ឋប្រហែល​៣០នាក់ តំណាងឱ្យ៨៤គ្រួសារ​ មកពីឃុំព្រែក​ស្លែង និង​ឃុំ​បឹង​ខ្យាង ស្រុក​កណ្ដាល​ស្ទឹង បាន​​​នាំ​​គ្នាប្រមូល​ផ្ដុំនៅ​មុខ​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចដើម្បីដាក់ញត្តិសុំឱ្យស្ថាប័ននេះជួយ​ដោះ​ស្រាយ​បញ្ហាវិវាទដីធ្លីក្រោមគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី (OCIC) ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។ (ហ៊ី ឆាយ)

ពលរដ្ឋ​ដែល​កំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះភ្នំពេញថ្មី ស្ថិតក្នុង​ស្រុក​កណ្ដាល​ស្ទឹង ខេត្តកណ្ដាល បង្ហាញ​កា​រខក​ចិត្ត​ចំពោះអាជ្ញាធរ​ដែល​បាន​ហាម​មិន​ឱ្យ​ពួក​គេ​តវ៉ា​ប្រឆាំង​ការ​ឈូសឆាយ​ដី​ធ្លី​របស់ខ្លួនពីសំណាក់ក្រុមហ៊ុន ខណៈ​ផ្ដល់សំណងមិនសមរម្យ។

កាលពីថ្ងៃទី៧ ខែកុម្ភៈនេះ អាជ្ញាធរស្រុកកណ្ដាលស្ទឹង បានជួបប្រជុំជាមួយពលរដ្ឋ៥០នាក់ដែលមានក្បាលដីប៉ះពាល់ដោយគម្រោងព្រលានយន្តហោះថ្មី ដើម្បីផ្សព្វផ្សាយពីគម្រោង​នៃ​ការ​កាយ​ប្រឡាយ​ទំហំទទឹង​២២ម៉ែត្ររបស់ក្រុមហ៊ុនដែលកំពុងចាប់ផ្ដើមកាយថ្មីៗនេះ។

អ្នកស្រី ឃឹម ម៉ាលី ប្រជាពលរដ្ឋ​រស់នៅឃុំបឹងខ្យាង និង​ប៉ះ​ពាល់​ដី​៤០​អា ប្រាប់​ វីអូឌី​ នៅ​ថ្ងៃអង្គារ​នេះ​ថា ក្រុម​ហ៊ុន​បាន​ចាប់​ផ្ដើម​កាយ​ប្រឡាយ​ដើម្បី​ការ​ពារ​គម្រោង​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលនឹងប៉ះពាល់ផ្ទះនិងដីស្រែពលរដ្ឋមួយចំនួនបន្ថែមទៀត។

ពលរដ្ឋរូបនេះឱ្យដឹងថា នៅក្នុងអង្គប្រជុំនោះ អភិបាលស្រុកកណ្ដាលស្ទឹង លោក អ៊ូច សាវឿន បានហាមប្រជាពលរដ្ឋមិនឱ្យតវ៉ាប្រឆាំងសកម្មភាពឈូសឆាយរបស់ក្រុមហ៊ុនឡើយ និងរក្សាជំហរផ្ដល់សំណងប៉ះពា​ល់​ត្រឹមតែ៨ដុល្លារដដែល។ អ្នកស្រីថា សំណងនេះ ពលរដ្ឋ​ពុំអាចទទួលយក​បាន​ទេ ដោយពួកគាត់​​នៅ​តែ​ទាម​ទារ​​សំណង​តាមតម្លៃទីផ្សារ ឬប្រហាក់ប្រហែល។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំពិតជាខកចិត្តខ្លាំងណាស់ គេឈូសឆាយយកដីយើង ហើយអាជ្ញាធរការពារក្រុមហ៊ុន មក​ហាម​យើង​មិនឱ្យតវ៉ាប្រឆាំងការឈូសឆាយដីខ្លួនឯងទៀត។ ៨ដុល្លារ ខ្ញុំមិនយកទេ! យក​ធ្វើ​អី​បើយក​នៅ​តែ​ក្រ​ដដែល​ហ្នឹង? បើយើងអស់ផ្ទះអស់ដីហើយហ្នឹង! គិតទៅយើងអន់​ជាង​ជនជាតិ​វៀត​ណាម​ គេ​ស្រង់​ពីទឹកម​ក គេរកដី​ធ្វើឱ្យផ្ទះឱ្យនៅម៉ាស្អាត។ បើខ្មែរឯង ខំខ្ចីលុយធ​នាគារ ទៅ​ខ្ញុំ​គេ​នៅ​ក្រៅប្រទេស យក​លុយ​មក​​ធ្វើ​​ផ្ទះ ​បែរជាអាជ្ញាធរមករុះ​មករើផ្ទះចោលទៅវិញ»

ពលរដ្ឋបឹងខ្យាងម្នាក់ទៀត អ្នកស្រី លូង ជ្រៀច និយាយថា គ្រួសារអ្នកស្រីមានដី​កន្លះហិកតា​ប៉ុណ្ណោះសម្រាប់​បង្ក​បង្កើន​ផល​ចិញ្ចឹម​គ្រួសារ។ អ្នកស្រីថា ខ្លួន​មាន​ការឈឺចាប់ជាខ្លាំង​​​នៅ​ពេល​ឮអាជ្ញាធរ​ប្រកាស​ថា សំណងផលប៉ះពាល់នៅតែរក្សាជំហរត្រឹម៨ដុល្លារដដែលនោះ ខណៈគ្រួសារកំពុងខ្វះខាតក្នុង​ជីវភាព និង​គ្មាន​មុខរបរអ្វីក្រៅពីធ្វើស្រែ និងនេសាទត្រី។

អ្នកស្រី លូង ជ្រៀច បន្តថា អ្នកស្រីធ្លាប់ត្រូវបានអាជ្ញាធរចាប់ខ្លួននិងជាប់ខ្នោះដោយសារតែតវ៉ាប្រឆាំងការឈូសឆាយដីធ្លីរបស់ខ្លួនឯងពីសំណាក់ក្រុមហ៊ុន។

អ្នកស្រីបន្ថែមថា៖ «មីងពេលឮថាគេធ្វើព្រលានយន្តហោះនៅតំបន់នេះ មីងសប្បាយចិត្តណាស់ ប៉ុន្តែបែរជាធ្វើឱ្យមីងទឹកភ្នែកវិញ មីងទទួលយកមិនបានទេ។ រាល់ថ្ងៃខ្លួនមានជំងឺទៀត គិតច្រើន! ខ្ញុំស្គាល់ហើយរសជាតិ​ខ្នោះច្រវាក់​ ដោយសារតវ៉ាដីធ្លីខ្លួនឯង»

បើតាម​ញត្តិរបស់អ្នកភូមិដាក់ទៅក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៤ ខែកុម្ភៈនេះ បានឱ្យដឹងថា បច្ចុប្បន្ន ដីនៅតំបន់ដែល​ពួកគាត់​រស់នៅមានតម្លៃ​ចន្លោះពី «៨០​​ដុល្លារ ទៅ១០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ»។

អភិបាលស្រុកកណ្ដាលស្ទឹង លោក អ៊ូច សាវឿន មានប្រសាសន៍ថា ក្នុងកិច្ចប្រជុំនោះ លោក​បានប្រាប់ទៅប្រជាពលរដ្ឋ​កុំឱ្យ​មាន​ការ​​តវ៉ា​ប្រឆាំង ឬ​បង្កអំពើហិង្សាណាមួយដល់សកម្មភាពឈូសឆាយរបស់ក្រុមហ៊ុន ខណៈ​គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះនោះជាការអភិវឌ្ឍ​របស់ជាតិ។ លោកបញ្ជាក់​បន្ថែម​ថា ចំពោះ​សំណង​វិញ រដ្ឋាភិបាលនៅតែរក្សា​គោលការណ៍ផ្ដល់ឱ្យ​អ្នករងផលប៉ះពាល់​ក្នុងតម្លៃ «៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េ» ដដែល។

លោកបន្ថែមថា៖ «អត់នៅស្ងៀមទេ គម្រោងនេះ! ទៅមុខរហូតហើយ អត់ឈប់បានទេ! សូមបញ្ជាក់ជូនអ៊ីចឹង ហើយ​អត់មានបុគ្គលណាមកលើកតម្លៃលើសពី​៨ដុល្លារហ្នឹងបានទេក្នុងមួយម៉ែត្រការ៉េ»

មាត្រា៤៤ នៃរដ្ឋធម្មនុញ្ញ បានចែងថា ពលរដ្ឋកម្ពុជា​គ្រប់រូប ទោះជា​បុគ្គល​ក្ដី ជាសមូហភាពក្ដី គឺមានសិទ្ធិជាម្ចាស់​កម្ម​សិទ្ធិ។ កម្មសិទ្ធិ​ឯកជន​ស្របច្បាប់ស្ថិតនៅ​ក្រោមការ​គាំពារ​​នៃច្បាប់នេះ ដែល​នឹងត្រូវដកហូតដើម្បី​​​ជាប្រយោជន៍​សាធារណៈបាន លុះត្រាតែមានការផ្ដល់សំណងជាមុនដោយសមរម្យនិងយុត្តិធម៌។

ចំណែកមាត្រា​២២ នៃច្បាប់អស្សាមិករណ៍ បានចែង​ថា ប្រាក់​សំណង​​ដែលត្រូវ​ផ្ដល់ឱ្យម្ចាស់អចលនវត្ថុ ឬ​ម្ចាស់​​កម្មសិទ្ធិ ត្រូវគិត​តាមថ្លៃ​ទីផ្សារ ឬ​​ថ្លៃជំនួស​នូវ​កាល​បរិច្ឆេទ​​នៃការចេញ​សេចក្ដីប្រកាស​ស្ដីពី «គម្រោង​អស្សាមិ​ករណ៍»។ ជាង​​នេះ​ទៅ​ទៀត សំណង​​ត្រូ​វ​ទូទាត់​​​ជា​សាច់ប្រាក់ ជាទ្រព្យ ឬ​ជា​សិទ្ធិ​ជំនួស​​ទៅ​តាម​​ភាព​ជាក់​​ស្ដែង ដោយ​​មានការយល់​ព្រមពីម្ចាស់​អចលនវត្ថុ ឬម្ចាស់កម្មសិទ្ធិ និងពីគណៈ​កម្មការ​អស្សាមិករណ៍ តាមមាត្រា២៤ នៃច្បាប់ដដែលនេះផងដែរ។​

កាល​ពី​ខែក​ញ្ញា ឆ្នាំ២០២១ អង្គការសង្គមស៊ីវិលចំនួន៣១​ស្ថាប័នបានចេញសេចក្ដីថ្លែងការណ៍មួយ​ស្នើដល់​​ស្ថាប័នពាក់ព័ន្ធ​ផ្ដល់សំណងឱ្យ​បាន​សមស្រប​តាម​តម្លៃ​ទីផ្សារ​​ ជូន​ប្រជា​ពលរដ្ឋដែល​កំពុ​​ង​​រងផល​ប៉ះពាល់​​​ដីធ្លី​ពី​គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិ​ថ្មី​នេះ និង​ចៀសវាង​នូវ​កិច្ចព្រមព្រៀង​ដោយ​មានការ​បង្ខិត​​បង្ខំ ដើម្បីរក្សានូវការគោរពសិទ្ធិមនុស្សដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញកម្ពុជា។

ក្រុមអង្គការទាំងនេះក៏បាន​ស្នើដល់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល ត្រូវដោះស្រាយបញ្ហា​ជម្លោះ​​ដីធ្លី​នេះតាម​នីតិវិធី​ ដោយ​កោះ​ហៅ​ភាគីទំនាស់​មក​ចរចា​គ្នា ដោយ​ឈរ​លើ​ផល​ប្រយោជន៍និង​សេចក្ដីត្រូវកា​រ​របស់​គ្រប់​​ភាគី ហើយ​ភាគី​ទំនាស់និងអាជ្ញាធរគួររក្សាឱ្យបាននូវភាពអហិង្សា។

កាលពីខែកក្កដា ឆ្នាំ២០២១ ក្រុមពលរដ្ឋបានចេញលិខិតចំហមួយច្បាប់ ដោយបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី អូស៊ីអាយស៊ី (OCIC) របស់លោកឧកញ៉ា ពុង ឃាវសែ នេះ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ៣៣០គ្រួសារ មកពីឃុំចំនួន៤ រួមមាន ឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងឃុំពត់សរ នៅស្រុកបាទី ខេត្តតាកែវ ដែលមានក្បាលដីទំហំជាង១លានម៉ែត្រការ៉េ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ