តុលាការ​លើក​ពេល​សវនាការ​សំណុំ​រឿង​លោក កឹម សុខា ដោយសារ​មេធាវី​ដើមបណ្ដឹង​ម្នាក់​វិជ្ជមាន​កូវីដ-១៩

លោក កឹម សុខា ធ្វើដំណើរត្រលប់ទៅគេហដ្ឋានវិញ ក្រោយចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

តុលាការ​សម្រេច​ពន្យា​​រពេល​សវនាការលើ​សំណុំរឿងលោក កឹម សុខា ថ្នាក់​ដឹកនាំប​ក្សប្រឆាំង​ដែល​ត្រូវ​បានតុលាការ​រំលាយ​ ដែលគ្រោងធ្វើនៅថ្ងៃស្អែកទៅសប្ដាហ៍ក្រោយ​វិញ ដោយ​​សារ​សមា​ជិក​​ក្រុម​មេធាវី​​​រដ្ឋាភិបាល​ម្នាក់​​​​​មានវិជ្ជមាន​កូវីដ-១៩។

ការពន្យារពេលសវនាការនេះធ្វើឡើងបន្ទាប់ពីលោកមេធាវី សាន់ ជួយ តំណាង​ក្រុម​មេធាវី​តំណាង​ឱ្យ​ដើម​បណ្ដឹង​​រដ្ឋ​ប្បវេណីក្នុងសំណុំរឿងនេះ (តំណាង​មេធាវីរដ្ឋាភិបាល) បាន​​ដាក់​​ពាក្យ​ស្នើ​​សុំ​​ពន្យារពេល​សវនាការទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញ។

ក្នុងពាក្យសុំពន្យារពេលនោះ លោកមេធាវី សាន់ ជួយ បាន​លើកឡើង​ថា​ កាល​ពី​ថ្ងៃទី​៥ ខែកុម្ភៈ លោក​មេធាវី ចេង ប៉េងហាប់ ជាសមាជិកក្រុមមេធាវីតំណាងដោយអាណត្តិ​ឱ្យដើមបណ្ដឹងរដ្ឋប្បវេណី​ក្នុងសំណុំរឿង​នេះ បាន​ធ្វើតេស្តពិនិត្យ​សុខភាព និង​បានរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យព្រះកេតុមាលា។ លោក​​បន្តថា អំឡុងពេល​នោះ ក្រុម​មេធាវី​តំណាង​ដោយអាណត្តិ​ឱ្យដើមបណ្ដឹងរដ្ឋប្បវេណី ធ្លាប់​បានជួបជុំនិងពិនិត្យឯកសារជាមួយលោកមេធាវី ចេង ប៉េងហាប់។

ករណី​នេះ លោក​មេធាវី សាន់ ជួយ ស្នើសុំតុលាការពន្យារពេលសវនាការដែលគ្រោង​ធ្វើ​នៅថ្ងៃទី៩ ខែកុម្ភៈ ស្អែកនេះ ទៅសប្ដាហ៍ក្រោយ​វិញ ដើម្បីការពារនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ខណៈក្រុមមេធាវីដើមបណ្ដឹង​ផ្សេង​ទៀត​​ដែល​ពាក់ព័ន្ធ​ជាមួយ​មេធាវី ចេង ប៉េង​ហាប់ កំពុងធ្វើចត្តាឡីស័ក​ផងដែរ។

ប្រធាន​ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ នៅថ្ងៃទី៨ ខែកុម្ភៈ​នេះ បាន​ចារ​ជា​អក្សរ​នៅ​លើ​ពាក្យ​​ស្នើ​សុំ​នោះ ដោយ​​សម្រេច​លើកពេលសវនាការ​លើសំណុំរឿង​​លោក កឹម សុខា ដែលគ្រោង​ធ្វើនៅថ្ងៃពុធស្អែក ​ទៅព្រឹក​ថ្ងៃ​ទី​១៦ ខែកុម្ភៈ សប្ដាហ៍​ក្រោយ​​​​វិញ ដើម្បី​អនុវត្តតាមវិធានសុខាភិបាល។

លោក កឹម សុខា ត្រូវបានអាជ្ញាធរ​ចាប់ខ្លួនកាលពីពាក់កណ្ដាលយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ យកទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេល១ឆ្នាំ ក្រោមការចោទ​ប្រកាន់ពីបទ «គប់គិតជាមួយរដ្ឋបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា»។ មួយឆ្នាំក្រោយមក ពោលគឺនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ លោកត្រូវបានបញ្ជូនចេញពីពន្ធនាគារ​ត្រពាំងផ្លុង ដែលមានទីតាំងនៅ​ជាប់ព្រំដែនវៀតណាម មកដាក់ឃុំនៅក្នុងផ្ទះ ក្នុងរាជធានីភ្នំពេញ​វិញ​។

ក្នុងរឿងក្ដីព្រហ្មទណ្ឌ​ប្រឆាំង​លោក កឹម សុខា នេះ​ សាលាដំ​បូង​រាជធានី​ភ្នំពេញបាន​បើក​សវនាការ​​ចំនួន២៩​លើក​​មក​​ហើយ គិត​​ត្រឹម​​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ