លោក ស ខេង បញ្ជា​ឱ្យ​អាជ្ញាធរ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើ​សកម្មភាព​របស់​បក្សនយោបាយ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងក្នុងពិធីប្រគល់រថយន្តជូនវរសេនាតូចនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ (ហ្វេសប៊ុក​លោក ស ខេង)

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាឱ្យអាជ្ញាធររាជធានី-ខេត្តបង្ក​លក្ខណៈងាយ​ស្រួលដល់​ការធ្វើសកម្មភាពរបស់​គណបក្សនយោបាយនានាដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ និងត្រៀមចូលរួមការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣។

យោងតាមលិខិតរបស់លោក ស ខេង ផ្ញើទៅកាន់អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត កាលពីថ្ងៃទី៧ ខែកុម្ភៈ បានឱ្យដឹងថា គ្រប់គណបក្សនយោបាយអាចធ្វើសកម្មភាពនយោ​បាយ​ ដូចជា ការបើកទីស្នាក់ការគណបក្ស ការលើកស្លាកសញ្ញាគណបក្ស និងការជួបជុំរបស់​មន្រ្តីគណបក្សនយោបាយដែលស្ថិតនៅក្នុងលំនៅឋានឯកជនឬទីតាំងឯកជនបាន ដោយមិនចាំបាច់សុំការអនុញ្ញាតពីអាជ្ញាធរឃុំ-សង្កាត់ឡើយ ដោយគ្រាន់តែជូនដំណឹងជាលាយលក្ខណ៍​អក្សរ​ទៅអាជ្ញាធរឃុំ-សង្កាត់តែប៉ុណ្ណោះ។

ក៏ប៉ុន្តែ ចំពោះការលើកស្លាកសញ្ញាគណបក្ស និងការជួបជុំមន្រ្តីគណបក្សដែលស្ថិតលើទីតាំងសាធារណៈ ទីប្រជុំជន ឬតាមដងផ្លូវនានាវិញ លោក​បានណែនាំទៅ​គ្រប់គណបក្សនយោបាយ​ចាំបាច់​ត្រូវស្នើសុំការអនុញ្ញាតពីអាជ្ញាធរឃុំ-សង្កាត់ជាមុន ដោយ​គណបក្សសាម៉ីត្រូវដាក់សំណើទៅអាជ្ញាធរឃុំ-សង្កាត់ឱ្យ​​បាន៣ថ្ងៃមុនធ្វើសកម្មភាព។ រីឯអាជ្ញាធរ​ឃុំ-សង្កាត់វិញត្រូវឆ្លើយតបក្នុងរយៈពេល១ថ្ងៃ បន្ទាប់ពីទទួលបានសំណើ។ ក្នុងករណីមិនអាចសម្រេចបាន អាជ្ញាធរឃុំ-សង្កាត់ត្រូវស្នើសុំយោបល់ពីអាជ្ញាធរក្រុង-ស្រុក-ខណ្ឌ ឬរាជធានី-ខេត្ត។

គួរជម្រាបជូនថា បទបញ្ជារបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង នេះបានធ្វើឡើងបន្ទាប់ពីគណបក្សនយោបាយមួយចំនួន តួយ៉ាងដូចជា គណបក្សភ្លើងទៀន និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាដើម បានលើកឡើងថា អាជ្ញាធរមូលដ្ឋានបានរារាំងដល់សកម្មភាពលើកស្លាកសញ្ញាគណបក្ និងការជួបជុំរបស់មន្ត្រីគណបក្សនយោបាយនៅតាមទីលំនៅឯកជន និងតាមទីសាធារណៈ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ