តំណាង​ពលរដ្ឋ​ម្នាក់​មាន​ជម្លោះ​ដីធ្លី​ជាមួយ​លោក លី យ៉ុងផាត់ ត្រូវ​តុលាការ​កោះហៅ​ឱ្យ​ឆ្លើយ​បំភ្លឺ

អ្នកស្រី ភាព តេង (ឈរស្លៀកឈុតរ៉ូបពណ៌ចម្រុះ) ជាមួយនឹងពលរដ្ឋដែលអះអាងថាបានរងផលប៉ះពាល់ដីធ្លីផ្សេងទៀតពីសំណាក់ក្រុមហ៊ុន លី យ៉ុងផាត់ នៅខេត្តកោះកុង។ (ផ្ដល់ឱ្យ)

តំណាងពលរដ្ឋម្នាក់ដែលអះអាងថាកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ នៅស្រុក​បទុមសាគរ ខេត្តកោះកុង ត្រូវបានតុលាការកោះហៅឱ្យឆ្លើយបំភ្លឺនៅសប្ដាហ៍ក្រោយ ខណៈពលរដ្ឋជាង១០០គ្រួសារបានចូលទៅរស់នៅលើដីជម្លោះវិញ។

កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង លោក វ៉ៃ ភីរម្យ បានកោះ​ហៅតំ​ណាង​ពលរដ្ឋម្នាក់ គឺអ្នកស្រី ភាព តេង ឱ្យឆ្លើយបំភ្លឺនៅថ្ងៃទី១៥ ខែកុម្ភៈ ខាងមុខ​នេះ ដោយចោទ​ប្រកាន់​ថាបាន​បង្ក​​ចលាចលនិងធ្វើឱ្យខូចសណ្ដាប់ធ្នាប់សាធារណៈ​ក្នុងភូមិសាស្ត្រខេត្តកោះកុង។

អ្នកស្រី ភាព តេង ដែលអះអាងថាជាតំណាងពលរដ្ឋមានជម្លោះដីធ្លី ២៤៣គ្រួសារ នៅ​ឃុំ​កណ្ដោល ស្រុកបទុមសាគរ ប្រាប់វីអូឌីនៅថ្ងៃពុធនេះថា តុលាការកោះហៅអ្នកស្រី​ឱ្យ​ឆ្លើយ​បំភ្លឺ​នេះ ធ្វើឡើងក្រោយពីគាត់សកម្មក្នុងការ​​ដឹកនាំពលរដ្ឋតវ៉ាទាមទារដីធ្លីពីក្រុមហ៊ុន «កោះកុងស៊ូហ្គើ» និង «កោះកុងផ្លេន​ថេសិន» របស់ឧកញ៉ា​ លី យ៉ុងផាត់ សមាជិកព្រឹទ្ធ​សភា​​ ដែលបានឈូសឆាយ​រំលោភ​យក​ដី​របស់​ពួកគេអ​ស់​តាំងពីឆ្នាំ២០០៦។

តំណាងពលរដ្ឋរូបនេះចាត់ទុកករណីតុលាការកោះហៅរូបគាត់នេះថាជារឿងមិនត្រឹមត្រូវ និងជាការគំរាមកំហែង​បំបាក់​ស្មារតី និង​ជាការ​គេច​វេះ​មិន​​ទទួលខុស​ត្រូវ​ដោះស្រាយ​រប​ស់អាជ្ញាធរ ខណៈអ្នកភូមិ១៥០គ្រួសារបាននាំគ្នាចូលទៅរស់នៅលើដីទំនាស់កាលពីចុងខែមុន។

អ្នកស្រីបន្ថែមថា៖ «វាអយុត្តិធម៌បំផុតសម្រាប់ខ្ញុំ! មិនព្រមដោះស្រាយបញ្ហាដីធ្លីជូនពួកខ្ញុំ បែរជាប្ដឹងពួកយើងទៅតុលាការទៅវិញ។ ពួកយើងគ្រាន់តែតវ៉ាទាមទារសិទ្ធិដីធ្លីរបស់ខ្លួនឯងសោះ»

លោក ឈឹម សាផាន ដែលអះអាងថាជាតំណាងពលរដ្ឋ៨៤៣គ្រួសារ ​នៅឃុំកណ្ដោល មានប្រសាសន៍ថា រូបលោកនិងពលរដ្ឋ១០នាក់ទៀត ក៏ត្រូវបានអាជ្ញាធរ​លាបពណ៌និង​ចោទប្រកាន់ថា​បានញុះញង់ឱ្យ​ពលរដ្ឋ​​តវ៉ានិង​​ចូល​ទៅ​រស់​នៅ​លើដីរដ្ឋ​ខុស​ច្បាប់​ដែរ រួមទាំងរងការគំរាម​កំហែង​ប្ដឹងទៅតុលាការផងដែរ។

លោកអះអាងថា ក្រុម​ពលរដ្ឋ​៨៤៣គ្រួសារ ក្រុមពលរដ្ឋ១២៩គ្រួសារ និងក្រុមពលរដ្ឋ១ ០៥២គ្រួសារ​ទៀត ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់ តាំង​ពីឆ្នាំ២០០៦​នោះ ក៏នៅមិនទាន់​ទទួលបានដំណោះស្រាយ​ពី​អាជ្ញាធរពាក់ព័ន្ធនៅឡើយ បើ​គិត​រហូត​មក​ដល់​ពេល​នេះ។

លោកបន្ថែមថា៖ «គេ [អាជ្ញាធរ] ប្រកាសថា គេដោះស្រាយរួចរាល់ហើយ គេមិនដោះឱ្យ! ហើយគេចោទ​ខ្ញុំថា​ជា​មេខ្លោង​ ឱ្យ​ខ្ញុំ​បញ្ឈប់​ការ​តវ៉ា គំរាម​កំហែង​ឱ្យយើ​ង​បាក់​ស្មារតី។ សហគមន៍៨៤៣ [គ្រួសារ]​ មិន​បាក់ស្មារតី​ទេ យើងបានឡើងយកញត្តិមកដាក់នៅខុទ្ទកាល័យ និងដាក់នៅក្រសួងរៀបចំដែនដីទៀត។ បើសិនជាអត់រកដំណោះស្រាយទេ ពួកយើងនឹងទៅរស់នៅលើរបស់ពួកយើងវិញ»

អភិបាលស្រុកបទុមសាគរ លោក ហាក់ ឡេង មានប្រសាសន៍ថា អាជ្ញាធរស្រុកមិនបានប្ដឹងតំណាងពលរដ្ឋ អ្នកស្រី ភាព តេង ទៅតុលាការនោះទេ។

លោកបន្តថា ពលរដ្ឋទាំង៣ក្រុម​ដែល​កំពុង​តវ៉ា​នោះ គឺ​ក្រសួង​រៀបចំ​ដែន​ដី និងរដ្ឋបាលខេត្តកោះកុង បាន​ចេញលិខិត​បដិសេធ​មិន​ដោះស្រាយឱ្យជាច្រើនដងហើយ​ ដោយសារ​ក្រុមពលរដ្ឋ​ទាំង​នោះទ​ទួល​បាន​កា​រ​ដោះស្រាយ​រួច​ជា​យូរមកហើយ។ លោកថា ដីដែលពលរដ្ឋកំពុងចូលបោះ​តង់​​រស់នៅ​​នោះជាដី​រដ្ឋស្ថិត​ក្រោម​ការគ្រប់​គ្រងរបស់ក្រសួងកសិកម្ម។

លោក ហាក់ ឡេង បន្ថែមថា អាជ្ញាធរស្រុកតែងតែចុះណែនាំនិងប្រាប់ដល់ពលរដ្ឋឱ្យឈប់តវ៉ា រួមទាំងរុះរើតង់​​ចេញពីដីរដ្ឋ ប៉ុន្តែពលរដ្ឋទាំងនោះមិនស្ដាប់។

លោកបន្ថែមថា៖ «យើងបានប្រាប់ពួកគាត់ថា បងប្អូនធ្វើអ៊ីចឹងខុសច្បាប់ហើយ! អាជ្ញាធរយើងបានទៅអង្វរ​ករ​គាត់​ជា​រៀង​រាល់​ថ្ងៃ។ អ៊ីចឹង​ក្រៅពីយើងទៅអង្វរករ​គាត់អស់ពីលទ្ធភាព ហើយ​គាត់នៅតែមិនព្រមទៀត អាជ្ញាធរនឹងអនុវត្តវិធានការរដ្ឋបាល»

វីអូឌី មិនអាចរកការឆ្លើយតបពីតំណាងក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ បានទេ​ ពាក់ព័ន្ធករណីនេះ។

មន្រ្តីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន មានប្រសាសន៍ថា នៅខេត្តកោះកុង​មានពលរដ្ឋមិនក្រោម១០នាក់នោះទេដែលកំពុងរងបណ្ដឹងនៅតុលាការដោយសារបញ្ហាដីធ្លី។

មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីចាត់វិធានការលើពលរដ្ឋមានជម្លោះដីធ្លី មិនមែន​ជា​ដំណោះស្រាយនិងជាវិធីល្អដើម្បីឱ្យពលរដ្ឋឈប់តវ៉ានោះទេ។

លោកបន្ថែមថា៖ «ដើម្បីកុំឱ្យប្រជាជនធ្វើការតវ៉ា ក៏ដូចជាការទាមទារផ្សេងៗ អ៊ីចឹង​អាជ្ញាធរ​គួរតែធ្វើកា​រ​ស៊ើប​អង្កេតឱ្យបានច្បាស់លាស់ថាតើប្រជាពលរដ្ឋ​ពិតជាប្រជាពលរដ្ឋរង​គ្រោះពិតប្រាក​ដដែរឬក៏អត់? ពួកគាត់ពិតជាបានបាត់បង់ដីពិតប្រាកដមែនឬក៏អត់? ដើម្បីដោះស្រាយជូនពួកគាត់ទៅតាមផ្លូវច្បាប់ ឬក៏ធ្វើការសម្របសម្រួលណាមួយ។ ការប្រើប្រព័ន្ធតុលាការ​មកលើប្រជាពលរដ្ឋ វាកាន់តែធ្វើឱ្យប្រជាពលរដ្ឋមានកំហឹង និងខឹងមកលើអាជ្ញាធរបន្ថែមទេ»។

កាលពីថ្ងៃទី៨ ខែកុម្ភៈ​នេះ សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញរបាយ​ការណ៍​មួយដោយរកឃើញ​ថា ក្នុងឆ្នាំ២០២១ មានពលរដ្ឋរងគ្រោះដីធ្លី១៥៧​នាក់កំពុងជាប់បណ្ដឹងអាជ្ញា និងដាក់ឱ្យស្ថិតក្រោម​ការត្រួត​ពិនិត្យ​តុលាការ ខណៈជនរងគ្រោះ១៧នាក់ទៀត​​កំពុងឃុំ​ខ្លួន​បណ្ដោះអាសន្ន ដោយសារការតវ៉ាទាមទារដីធ្លីរបស់ខ្លួន។

សមាគម​មួយនេះបានទាមទារឱ្យរដ្ឋាភិបាល​បញ្ឈប់​កា​រ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ចោទ​ប្រកាន់និងចា​ប់​ឃុំខ្លួន​ប្រជាពលរដ្ឋ​ក្នុងរឿងវិវាទដីធ្លីនៅកម្ពុជា ដោយ​ថា ពួកគាត់គ្រាន់តែប្រើសិទ្ធិក្នុងការតវ៉ាដើម្បីទាម​ទារ​រក​យុត្តិធម៌តែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ