លោក ស ខេង អំពាវនាវ​ឱ្យ​សង្គមស៊ីវិល​ចូលរួម​ទប់ស្កាត់​ការ​ប្រើប្រាស់​គ្រឿងញៀន

លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ក្រសួងមហាផ្ទៃ Ministry of Interior Cambodia)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអំពាវនាវជាថ្មីម្ដងទៀតឱ្យភាគីអង្គការសង្គមស៊ីវិលចូលរួមជាមួយអាជ្ញាធរពាក់ព័ន្ធទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ដោយថា បញ្ហាគ្រឿងញៀនកំពុងបំផ្លាញសុខភាពសាធារណៈនិងសង្គមជាតិ។

ក្នុងកិច្ចប្រជុំបូកសរុបសុវត្ថិភាពចរាចរណ៍ប្រចាំឆ្នាំ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៩ ខែកុម្ភៈនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានក្រើនរម្លឹកទៅអាជ្ញាធរទាំងអស់សហការគ្នាបន្តទប់ស្កាត់បទល្មើសគ្រឿងញៀនឱ្យដូចជាការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដើម្បីរួមគ្នាការពារសុវត្ថិភាពសង្គម ដោយមិនត្រូវឱ្យគ្រឿងញៀនវាយលុកនិងបំផ្លាញសុខភាពសាធារណៈឡើយ។

លោក ស ខេង លើកឡើងថា បញ្ហាកូវីដ-១៩អាចនឹងបាត់ទៅវិញ តែបញ្ហាសុខភាពសាធារណៈពាក់ព័ន្ធនឹងគ្រឿងញៀនវិញ លោកថា ពិបាកនឹងបាត់ទៅវិញណាស់ ដោយសារបញ្ហានេះ វាជាប្រពៃណី​ទៅហើយ។ លោកបង្ហាញក្ដីបារម្ភថា បច្ចុប្បន្ន គ្រឿងញៀនកំពុងវាយលុកនិងបំផ្លាញសុខភាពសាធារណៈ។ ករណីនេះ លោកស្នើទៅគ្រប់ភាគីទាំងអស់ឱ្យសហការគ្នា ដើម្បីការពារសង្គមជាតិ។

លោកថា៖ «សូមអំពាវនាវឱ្យមានការគាំទ្រផង ប៉ុន្មានថ្ងៃនេះ មានអ្នកព័ត៌មាន NGO អង្គការក្រៅរដ្ឋាភិបាលដៃគូ អ្នកដែលមានបំណងសូមមេត្តាចូលរួម។ ទេ! ក៏ចង់បានដែរការរិះគន់ ការជូនមតិយោបល់ ក៏ប៉ុន្តែទន្ទឹមនេះ ក៏ចង់បានការចូលរួមជាក់ស្ដែងដែរ អាចជួយនិងធ្វើអីបាន មិនមែនមិនចង់បានមតិយោបល់មតិរិះគន់ទេ ប៉ុន្តែយើងចង់បានការចូលរួមជាក់ស្ដែង ជួយដោះស្រាយបញ្ហាសង្គមរបស់យើង កំពុងគិតពិចារណា ប៉ុន្តែខ្ញុំជឿថា វិធានការនេះអាចទៅរួច យើងអាចធ្វើបាន»។

លោក ស ខេង ក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធពិនិត្យអ្នកបើកបររថយន្តធំៗ ដើម្បីរកសារធាតុញៀនផងដែរ។

បើតាមលោក ស ខេង បច្ចុប្បន្ននេះ នៅក្នុងពន្ធនាគារកម្ពុជានៅទូទាំងប្រទេសមានអ្នកទោសប្រមាណជា៣៨ ០០០នាក់ ក្នុងនោះ ជាង២០ ០០០នាក់ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ឬស្មើនឹង៥៤,៥២ភាគរយ។

យោង​តាមរបាយការណ៍របស់អង្គការសហប្រជាជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន (UNODC) ចេញផ្សាយកាលពីខែមិថុនា ឆ្នាំ២០២១ ថាកម្ពុជាគឺជាគោលដៅនៃក្រុមឧក្រិដ្ឋ​ជនគ្រឿងញៀនប្រើប្រាស់សម្រាប់ចរាចរណ៍គ្រឿងញៀន ផលិត និងចែកចាយ។

របាយការណ៍ដែលមានចំណងជើងថា «ការវិវត្តចុងក្រោយនិងការប្រឈមលើបញ្ហាគ្រឿងញៀននៅតំបន់អាស៊ីបូពា៌ និងអាស៊ីអាគ្នេយ៍» នេះ បានឱ្យដឹងថា ការជួញដូរគ្រឿងញៀននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅតំបន់ត្រីកោណមាស មិនមានការថយចុះឡើយ បើទោះ​បីជា​មាន​ការ​ឆ្លង​រីក​រាល​ដាលនៃជំងឺកូវីដ-១៩ក្ដី។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាល​ពីឆ្នាំ២០១៩ ក្នុងនោះ រដ្ឋសាន (Shan) នៃប្រទេសភូមាគឺជាប្រភពរោងចក្រផលិតគ្រឿងញៀនដ៏ធំជាងគេ ខណៈប្រទេសកម្ពុជាគឺជាគោលដៅចម្បងនៃក្រុមឧក្រិដ្ឋជនគ្រឿងញៀនប្រើប្រាស់​ជាទីតាំងសម្រាប់ការចរាចរគ្រឿងញៀន ការផលិត កែច្នៃ និងចែកចាយបន្ត ហើយក្រុម​ឧក្រិដ្ឋជនគ្រឿងញៀនទាំ​ង​នោះ ភាគច្រើនគឺជាជនជាតិចិន និងចិនតៃវ៉ាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ