កម្ពុជាបន្តរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី «អូមីក្រុង» ជាង២៦០នាក់បន្ថែមទៀត (យោងតាមលទ្ធផលបញ្ជាក់ដោយ PCR test) ខណៈមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេនៅថ្ងៃម្សិលមិញ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៦២នាក់ទៀត ដែលសុទ្ធតែជាប្រភេទអូមីក្រុងទាំងអស់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន៣៦នាក់ និងឆ្លងក្នុងសហគមន៍២២៦នាក់។ ចំណែកអ្នកជាសះស្បើយថ្មីវិញ ក្រសួងថាមានចំនួន៧៦នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១២២ ៤៦៨នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១១៨ ៤២០នាក់ និងអ្នកស្លាប់ចំនួន៣ ០១៥នាក់ រួមទាំងករណីនាំចូលពីក្រៅប្រទេសចំនួន២០ ៤៦២នាក់។ ចំណែក ករណីឆ្លងអូមីក្រុងក្នុងសហគមន៍វិញ ក្រសួងថា គិតមកដល់ពេលនេះបានកើនដល់១ ៤២២នាក់៕












