លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើដំណើរចេញទៅប្រទេសកូរ៉េខាងត្បូងនៅព្រឹកមិញនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកក្នុងនាមជាសហប្រធាន ចាប់ពីថ្ងៃទី១០-១៣ ខែកុម្ភៈ ឆ្នាំ២០២២។
នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២នេះ នឹងមានការចូលរួមពីបណ្ដាវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី១៥៧ប្រទេស ក្រោមប្រធានបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ» ប្រកបដោយសន្តិវិធី។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាឱ្យដឹង នៅថ្ងៃទី១២ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រីនឹងទទួលពានរង្វាន់សន្តិភាព «ស៊ុនហាក់» លើកទី៥ នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្រាប់ភាពជាអ្នកដឹកនាំរបស់លោកក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដោយបានរួមចំណែកដល់ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍។
ប្រភពដដែលបន្តថា ក្រៅពីចូលរួមនៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយលោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង, លោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជំនួបជាមួយប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសមួយចំនួនទៀត។
គួរកត់សម្គាល់ថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅប្រទេសកូរ៉េខាងត្បូងនេះ នឹងមានពលករខ្មែរធ្វើបាតុកម្មនៅទីក្រុងសេអ៊ូលផងដែរ៕












