ប្រទេស​ជប៉ុន​ផ្ដល់​ជំនួយ​២២ម៉ឺន​ដុល្លារ​ថែមទៀត​ដល់​សាលាក្ដីខ្មែរក្រហម

ថ្ងៃសាវនាការសាលាដំបូងនៃសាលាក្តីខ្មែរក្រហម លើលោក នួន ជា និងលោក ខៀវ សំផន ក្នុងសំណុំរឿង០០២ ផ្នែកទី២ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

រដ្ឋាភិបាលជប៉ុន បានផ្ដល់វិភាគទានជាថវិកាថ្មីទៀតចំនួន២២០ ០០០ដុល្លារអាមេរិក​ ដល់ភាគីអន្តរជាតិនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ស្របពេលជំនួយបន្ថែមថ្មីនេះបានធ្វើឱ្យប្រទេសជប៉ុនក្លាយជាប្រទេសដែលផ្ដល់ជំនួយធំបំផុតដល់សាលាក្ដីខ្មែរក្រហម។

គិតត្រឹមជំនួយថ្មីបន្ថែមទៀតនេះ ប្រទេសជប៉ុនបានផ្ដល់ជំនួយហិរញ្ញវត្ថុសរុបដល់សាលាក្ដីខ្មែរក្រហម ចំនួនជិត១០០លានដុល្លារអាមេរិក ស្មើប្រមាណ ២៧ភាគរយ នៃជំនួយសរុបដែលប្រទេសម្ចាស់ជំនួយបានផ្ដល់ដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។

ប្រធានការិយាល័យរដ្ឋបាលស្ដីទីនៃសាលាក្ដីខ្មែរក្រហម លោក ក្រាញ់ តូនី និងលោក ឃ្នុត រ៉ូហ្សិនហក អនុប្រធានការិយាល័យរដ្ឋបាល នៃអ.វ.ត.ក បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលតែងតែបន្តគាំទ្រដល់សាលាក្ដីកូនកាត់មួយនេះ។

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ នៅខែមិថុនា ឆ្នាំ២០០៣ និងផ្ដើមដំណើរការនៅឆ្នាំ២០០៦ ដើម្បីនាំអតីតមេដឹកនាំខ្មែរក្រហម និងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបខ្មែរក្រហមមកកាត់ទោស។ ក្នុងនោះរួមមាន លោក កាំង ហ្គេចអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែង និងមេដឹកនាំកំពូលៗចំនួន៤រូប រួមមាន លោក ខៀវ សំផន, លោក នួន ជា, លោក អៀង សារី និងលោកស្រី អៀង ធីរិទ្ធ។

ប៉ុន្តែបច្ចុប្បន្ននៅសល់តែលោក ខៀវ សំផន ម្នាក់គត់ដែលនៅរស់រានមានជីវិត ក្នុងចំណោមអតីតមេដឹកនាំជាន់ខ្ពស់៤រូប រួមមាន លោក នួន ជា លោក អៀង សារី និងលោកស្រី អៀង ធីរិទ្ធ ដែលសុទ្ធតែបានទទួលមរណភាពជាបន្តបន្ទាប់ នៅក្នុងអំឡុងពេលដំណើរការកាត់ទោសពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម ខណៈសំណុំរឿងថ្មី ០០៣ និង០០៤ ដែលមានជនជាប់ចោទជាអតីតកម្មាភិបាលខ្មែរក្រហមបានជាប់គាំង។

កាលពីខែសីហា ឆ្នាំ២០២១ ភាគីរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្ថែម ដើម្បីឈានទៅបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បន្ទាប់ពីបានដំណើរការអស់រយៈពេល១៥ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ