សមាគមធាងត្នោត៖ ផ្ទៃបឹងតាមោក​ជាង​៦០​ភាគរយ​ត្រូវ​បាន​កាត់​ឱ្យ​ឯកជន​និង​ស្ថាប័នរដ្ឋ

ទិដ្ឋភាព​ផ្ទៃ​បឹង​តា​មោក ដែល​ជា​បឹង​ធម្មជាតិ​សម្រាប់​ស្តុក​ទឹក​ស្អុយ ស្ថិតនៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ ត្រូវ​បាន​ដាក់​ដី​បំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។ (ហ៊ុន សិរី​វឌ្ឍន៍​)

របាយការណ៍មួយរបស់អង្គការសមាគមធាងត្នោត បានរកឃើញ​ថា ផ្ទៃបឹងតាមោក ឬបឹង​ទំនប់​កប់​ស្រូវ​ ជាង​​៦០ភាគរយ ត្រូវបានរដ្ឋាភិបាល​កាត់​ប្រគល់​ទៅ​ឱ្យវិស័យឯកជន​និង​ស្ថាប័ន​រដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិ ដែល​ធ្វើ​ឱ្យទំហំ​ផ្ទៃបឹង​នៅស​ល់តែ​ជាង១ ០០០ហិកតាប៉ុណ្ណោះ។

អង្គការសមាគមធាងត្នោត នៅថ្ងៃទី១០ ខែ​កុម្ភៈ ឆ្នាំ២០២២ បានចេញរបាយការណ៍មួយដោយបង្ហាញថា គិត​ត្រឹ​ម​ខែ​ធ្នូ ឆ្នាំ​២០២១ ផ្ទៃបឹង​តាមោក ឬបឹងកប់ស្រូវ ប្រមាណជាង២ ០០០ហិកតា (២ ០៩៤,៧១៦៥ហិកតា) ឬស្មើជិត ៦៥% ត្រូវបានរដ្ឋាភិបាលកាត់ឱ្យឧកញ៉ា ក្រុមហ៊ុន​ឯកជន និងស្ថាប័នសាធារណៈ ដែលសរុប​នៃ​ការកាត់ទាំងអស់មាន​ចំនួន៤៣​ដង។ សមាគម​នេះបញ្ជាក់​ថា បើតាមផែនទី​នោះ ផ្ទៃបឹងតាមោកឬ​បឹងទំនប់កប់​ស្រូវស្ទើរតែ​ទាំង​ស្រុង ត្រូវបានកាត់គ្រប់ទីកន្លែងនៃផ្ទៃបឹងទៅហើយ។

របាយការណ៍​សមាគមធាងត្នោត ​បន្តទៀត​​​ថា បឹងធម្មជាតិ​មួយ​នេះមានប្រជាជនរស់នៅជុំវិញប្រមាណ៣០០​គ្រួសារ និង​មាន​មនុស្សប្រហែល១ ០០០នាក់ ដែល​ភាគច្រើ​ន​​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​ការនេសាទ​ត្រី ដាំដំណាំ ចិញ្ចឹមត្រី និងរកស៊ីលក់ដូរនៅផ្ទះ។

ប្រធានគម្រោងសិទ្ធិលំនៅឋាន និងស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត លោក ស៊ាង មួយឡៃ​ មានប្រសាសន៍​ថា បើតាម​ប្លង់​គូររបស់​រដ្ឋបាល​រាជធានីភ្នំពេញ បានកំ​ណត់និ​ង​រក្សា​ផ្ទៃបឹងតា​មោក​ទុក​សម្រាប់រំដោះ​និង​ស្តុក​ទឹក​ជាង២ ០០០ហិកតា ប៉ុន្តែការ​អនុវត្ត​ជាក់​ស្ដែង​បែរ​ជា​ផ្ទុយ​ទៅ​វិញ។

លោក​បន្ត​ថា អ្វីដែលផ្ទុយនោះ គឺជាង២ ០០០ហិកតាត្រូវបានរដ្ឋាភិបាលកាត់ ខណៈ​ផ្ទៃបឹង​នៅ​សល់​តែជាង១ ០០០ហិកតាប៉ុណ្ណោះ ហើយផៃ្ទបឹងជាង១ ០០០ហិកតានេះក៏មិនបា្រកដថានៅថ្ងៃខាងមុខ​រដ្ឋាភិបាល​រក្សាទុក​ឡើយ ដោយថា បឹងធម្មជាតិនេះអាចនឹងត្រូវបានកាត់ឬលុបអស់ទាំងស្រុងតែម្ដង។

លោកថា៖ «ការរក្សាទុក២ ០០០​ហិកតា​ហ្នឹង ជាក់ស្ដែង​​វា​បញ្ច្រាស​ទៅ​វិញ មានន័យថា ផ្ទៃបឹងរាល់ថ្ងៃនេះកាត់​អស់​ជាង​២ ០០០ហិកតា។ អ៊ីចឹងនៅសល់ជាង១ ០០០​ហិកតា ដែល​យើង​គិត​ថា ​នឹ​ង​មាន​ការ​កាត់ជា​បន្តបន្ទាប់ទៀត»។

លោកបន្តថា ការកាត់ផ្ទៃបឹងតាមោកប្រគល់ឱ្យឯកជននិងស្ថាប័នរដ្ឋចាក់ដីលុបនិងសង់​អគារ​ បាន​បង្ក​ផលប៉ះ​ពា​ល់​ដល់​ប្រជាពលរដ្ឋជាង១០០​គ្រួសារដែលបានអាស្រ័យផលពីផ្ទៃបឹងនោះ។

​បើសិនជាបឹងធម្មជាតិដែលនៅសល់ជាង១ ០០០​ហិកតាត្រូវបានកាត់និងលុបជាបន្តបន្ទាប់ទៀតនោះ លោក ស៊ាង មួយឡៃ បារម្ភ​ថា រាជធានីភ្នំពេញ​នឹង​ប្រឈម​​ជំនន់​ទឹក​ភ្លៀង ដោយ​សារ​ការ​សាង​សង់ប្រឡាយ​ធ្វើ​ប្រព័ន្ធលូមិនអាចដោះស្រាយបញ្ហាទឹកជំនន់ឡើយ បើសិន​មានភ្លៀងធ្លាក់ច្រើនឬទឹកធំនៅរ​ដូវវស្សា។

លោកថា៖ «បើសិនជាយើងលុបបឹង ប្រាកដ​ណាស់ យើងមិនអាចរំពឹងទៅលើប្រឡាយទឹក ក្នុងការរំដោះទឹកនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្ដងៗទេ។ អ៊ីចឹង​វាមិនអាចហូរទាន់ទេនៅពេលមានភ្លៀងធ្លាក់ម្ដងៗ​ វាប្រាកដបង្កបញ្ហា​ទឹកជន់លិច​ជាដដែល ដែលយើងធ្លាប់ជួប​ប្រទះកន្លង​មក​នេះ។ អ៊ីចឹង​ត្រូវចំណាយពេលវេលា ​ចំណាយ​លុយធ្វើរឿងដដែលហ្នឹងរាប់ឆ្នាំតទៅ»។

បឹងតាមោក មានផ្ទៃដីសរុប៣ ២៣៩ហិកតា ជាអាងស្តុកទឹកកខ្វក់និងរំដោះទឹកចេញពីរាជធានីភ្នំពេញ ហើយបឹងនេះត្រូវបានរដ្ឋាភិបាល​ចេញអនុក្រឹត្យមួយកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយកំណត់​ជា​សម្បតិ្ត​សាធារណៈ​របស់​រដ្ឋ។

ប៉ុន្តែបើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញជាបន្តបន្ទាប់​ចាប់តាំងពីឆ្នាំ២០១៨ ដល់​ខែធ្នូ ឆ្នាំ២០២១ ផ្ទៃបឹងតាមោកសរុបជាង២ ០០០ហិកតាហើយ ត្រូវបានរដ្ឋាភិបាល​កាត់​និង​ដោះដូរ​ទៅ​ឱ្យស្ថា​ប័ន​រដ្ឋ ​ក្រុមហ៊ុន​ឯកជន និង​បុគ្គលឯកជន ដែលគេដឹងថាជាអ្នកមានប្រាក់និងមានអំណាច សម្រាប់សាងសង់អគារ​និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រមទាំងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន​។

ប្រធាន​អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន សុំមិនធ្វើអត្ថាធិប្បាយ ដោយបង្វែរសំណួរនេះឱ្យសួរទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានីភ្នំពេញ។

លោកថា៖ «ទាល់សួរឯកឧត្ដម ជា សុផារ៉ា ពីព្រោះជាផែនការមេរបស់គាត់ជាមួយនឹងក្រុង ទាល់ពីអង្គភាពនេះទើបអាចឆ្លើយបាន»។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត មានប្រសាសន៍ថា លោកជាប់​រវល់​ប្រជុំ ខណៈអភិបាលរងសាលារាជធានីភ្នំពេញ លោក កើត ឆែ សុំមិនធ្វើអត្ថាធិប្បាយ។

លោកថា៖ «សួរខាងធាងត្នោត ព្រោះគាត់អ្នកចេញរបាយការណ៍នេះ ​ទី១! ហើយទី២ ខ្ញុំអត់ទទួលខុសត្រូវផ្នែក​នេះទេ រឿងព្យាបាល [ជំងឺកូវីដ-១៩] តាមផ្ទះ ខ្ញុំទទួលខុសត្រូវ។ អ៊ីចឹងសុំសួរអ្នកនាំពាក្យ ព្រោះយើងមានយន្តការធ្វើការជាមួយគ្នា»។

កាលពីថ្ងៃទី៨ ខែវិ​ច្ឆិកា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានថ្លែងថា បញ្ហាទឹក​ជំនន់​ដែល​​បង្កឱ្យលិច​​រាជធានីភ្នំពេញ មិនមែនបណ្ដាលមកពីការលុបបឹងធម្មជាតិនោះទេ។ លោកថា ​កន្លង​មក ទោះបីជាមិនលុបបឹង រាជធានីភ្នំពេញ​ក៏មានទឹកជំនន់ដែរ ដែល​​ករណីនេះ លោកថា គួរតែឈប់រិះគន់ពីបញ្ហានេះ។

ផ្ទុយពីអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង កាល​ពី​​ខែ​​ឧសភា​ ​ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម លោក ​លឹម គាន​ហោ បាន​ចេញ​លិខិត​មួយ​ដោយ​​ព្រមាន​​អំពី​​គ្រោះ​​មហន្តរាយ​ដោយ​​សារ​​ទឹក​ជំនន់​ ក្រោយ​ពី​ក្រសួង​មើល​ឃើញ​ថាមាន​ការ​​ចាក់​ដី​លុបនិង​​ការ​​សាង​សង់សំណង់ផ្សេងៗ ​​បិទ​​​ផ្លូវ​ទឹ​ក​​ និង​កន្លែងស្តុកទឹកនានា​ជា​បន្តបន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ