សមត្ថកិច្ច​ខេត្តកណ្ដាល​រាប់រយ​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ទប់ស្កាត់​ពលរដ្ឋ​មិន​ឱ្យ​តវ៉ា​រឿង​ដីធ្លី

ពលរដ្ឋអះអាងថាអាជ្ញាធរ​បាន​ពង្រាយ​កម្លាំង​ជាង​៣០០នាក់នៅឃុំបឹងខ្យាង ខណៈ​ក្រុម​ហ៊ុន​កំពុង​ដាក់​គ្រឿង​ចក្រ​​កាយ​​ប្រឡាយ​ទឹក ក្រោមគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី អូស៊ីអាយស៊ី​។ (ផ្ដល់ឱ្យ)

អ្នកភូមិអះអាងថា អាជ្ញាធរខេត្តកណ្ដាលបានដាក់កម្លាំងសមត្ថកិច្ចរាប់រយនា​ក់ ដើម្បីការពារគ្រឿងចក្ររបស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ព្រលាន​យន្តហោះអន្តរជាតិភ្នំពេញថ្មី អូស៊ី​អាយ​ស៊ី (OCIC) ដែល​កំពុង​ធ្វើសកម្ម​ភាព​ឈូស​ឆាយ​ដីធ្លី​របស់​ប្រជា​ពលរដ្ឋ។

កាលពីថ្ងៃទី៧ ខែកុម្ភៈនេះ រដ្ឋបាលស្រុកកណ្ដាលស្ទឹងបានជួបប្រជុំជាមួយពលរដ្ឋ​៥០នាក់ដែលមានក្បាល​ដី​ប៉ះពាល់ដោយគម្រោងព្រលានយន្តហោះថ្មី ដើម្បីផ្សព្វផ្សាយពីគម្រោង​នៃ​ការ​កាយ​ប្រឡាយ​​ទឹក​ទំហំ​ទទឹង​​២២ម៉ែត្រជុំវិ​ញ​ព្រលាន ដែល​ក្រុមហ៊ុនបានចាប់ផ្ដើមកាយកាលពីពេលថ្មីៗនេះ។

អ្នកស្រី ឃឹម ម៉ាលី ពលរដ្ឋ​នៅឃុំបឹងខ្យាង និង​ប៉ះ​ពាល់​ដីជាង​៤០​អា ប្រាប់ ​វីអូឌី​ នៅថ្ងៃសុក្រនេះថា អាជ្ញាធរ​បាន​ពង្រាយ​កម្លាំង​ជាង​៣០០នាក់នៅតាមភូមិមួយចំនួនក្នុងឃុំបឹងខ្យាងនេះ អស់​​រយៈ​ពេល​៣ថ្ងៃ​ហើយ ខណៈ​ក្រុម​ហ៊ុន​កំពុង​ដាក់​គ្រឿង​ចក្រ​​កាយ​​ប្រឡាយ​ទឹក​។ អ្នកស្រីបន្តថា ការឈូសឆាយ​ដីពីសំណាក់ក្រុម​ហ៊ុន​នេះ​បានធ្វើ​ឱ្យ​​ប៉ះ​ពាល់ដីធ្លីរបស់ប្រជាពលរដ្ឋ ទាំងដែលក្រុម​ហ៊ុននិងអាជ្ញាធរ​​​មិន​បាន​​ផ្ដល់​​សំណង​សម​រម្យ។

ទោះជាយ៉ាងណា អ្នកស្រីថា ពលរដ្ឋ​មិនបានចេញតវ៉ាប្រឆាំងនឹងការឈូសឆាយ​ដី​នេះ​ទេ ដោយ​សារ​តែ​ពួក​គាត់​​បារម្ភ​​​ពី​សុវត្ថិភាព។

អ្នកស្រី ឃឹម ម៉ាលី និយាយ​ថា៖ «និយាយទៅ គេ​ដាក់​កម្លាំង​គ្រប់​កន្លែង​ទាំង​៤​ឃុំ​ហ្នឹង​តែ​ម្ដង ព្រោះគេ​សម្រុក​កាយ​ក្រវាត់ប្រឡាយទាំង៤ឃុំហ្នឹង។ គេដាក់កម្លាំងត្រៀមទប់​ស្កាត់ប្រ​ជាជន​ ខ្លាច​​ប្រជាជនទៅបាតុកម្មទៅដុតគ្រឿងចក្រគេ។ ដល់ឃើញប្រជាជនអត់ធ្វើអីអ៊ីចឹង​ គេក៏អត់ធ្វើអីយើង។ យើងទៅធ្វើអីឈ្នះគេ គេសុទ្ធតែកាំភ្លើង ខ្នោះ ដំបងឆក់ ពួកខ្ញុំមានអី?»

អ្នកស្រី អិល អឿន ប្រជាពលរដ្ឋរស់​នៅឃុំព្រែកស្លែង​ដែលប៉ះពាល់ដី​ជាង​១ហិកតា បានឱ្យដឹងដែរ​ថា នៅឃុំមួយ​នេះក៏​មាន​សមត្ថកិច្ច​ដាក់​ពង្រាយ​កម្លាំង​ខ្ទង់​រយ​នាក់​ផង​ដែរ ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋមិនឱ្យ​ចេញ​​ត​វ៉ា​ប្រឆាំង​ការឈូសឆាយរបស់ក្រុមហ៊ុន។

ពលរដ្ឋរូបនេះបង្ហាញការខកចិត្តចំពោះអា​ជ្ញាធរ​ដែល​មិន​ព្រម​ដោះ​ស្រាយ​សំណងសមរម្យជូនពលរដ្ឋ ប៉ុន្តែបែរជាដាក់កម្លាំងគំរាមកំហែង​ពលរដ្ឋមិនឱ្យចេញតវ៉ា និងការពារគ្រឿងចក្រក្រុមហ៊ុនដែលធ្វើសកម្មភាពឈូស​ឆាយ​ដី​ពលរដ្ឋ​ទៅ​វិញ។

អ្នកស្រីបន្ថែមថា៖ «នៅនេះគេ​ដាក់កម្លាំងច្រើនណាស់ មានឡានចេញចូលរហូត។ កម្លាំងគេលើសពី១០០នាក់​ទៀត ខ្ញុំ​មិនដឹងទៅធ្វើអីគេកើតទេ កម្លាំងគេច្រើនយ៉ាងនេះ។ ដីខ្ញុំជាង១​ហិកតា​ គេឈូសអស់តាំងពីមុន​គេ។ បើទៅធ្វើ មានតែគេចាប់ អ៊ីចឹង​មានការឈឺចាប់​ហ្នឹង​ឯង»

អភិបាល​ស្រុក​កណ្ដាល​ស្ទឹង លោក អ៊ូច សាវឿន មាន​ប្រសាសន៍​ក្នុងកិច្ចប្រជុំជាមួយប្រជាពលរដ្ឋរងផលប៉ះពាល់ កាលពីថ្ងៃទី៧ ​ខែកុម្ភៈ​នេះ​ថា ក្រុម​ហ៊ុន​ចាប់​ផ្ដើម​​កាយប្រឡាយទទឹង២២ម៉ែត្រ​នៅជុំវិញព្រលាន ដែលនឹងប៉ះពាល់ដីរបស់ប្រជាពលរដ្ឋមួយចំនួនបន្ថែមទៀត។ លោក​បានប្រាប់ទៅប្រជាពលរដ្ឋកុំឱ្យមានការ​តវ៉ា ខណៈអាជ្ញាធរនឹងដាក់កម្លាំងចាំការពារគ្រឿងចក្រក្រុមហ៊ុនទៅតាមបញ្ជារបស់ថ្នាក់លើ។

លោកបន្ថែមថា៖ «អាជ្ញាធរ គឺជាប្រតិបត្តិករ​ដែល​បម្រើ​ឱ្យ​សេចក្ដីសម្រេចនិងការជូនដំណឹងនានារបស់ថ្នាក់​លើ។ បើគេបង្កើតអ្វីមកឱ្យធ្វើ អាជ្ញាធរប្រាកដ​ជាធ្វើតាមហ្នឹងហើយ»

បើតាម​ញត្តិរបស់អ្នកភូមិដាក់ទៅក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៤ ខែកុម្ភៈនេះ បានឱ្យដឹងថា បច្ចុប្បន្ន ដីនៅតំបន់ដែល​ពួកគាត់​រស់នៅមានតម្លៃ​ចន្លោះពី «៨០​​ដុល្លារ ទៅ១០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ» ហើយសំណងដែលពួកគេចង់បាន គឺទៅតាមតម្លៃទីផ្សារបច្ចុប្បន្ន ឬប្រហាក់ប្រហែល ប៉ុន្តែអាជ្ញាធរនៅតែរក្សាជំហរត្រឹមតែ «៨ដុល្លារក្នុងមួយម៉ែត្រការ៉េ» ដដែល។

មន្ត្រី​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត ចាត់ទុក​​ករណីសមត្ថកិច្ចដាក់កម្លាំងដើម្បីការពារគ្រឿងចក្រ​ក្រុម​ហ៊ុននេះ ថាជាការ​គំរាម​កំហែង​ទៅ​​លើ​ប្រជាពលរដ្ឋ ហើយ​ថា សកម្មភាពឈូសឆាយ​ដីធ្លីទាំងបង្ខំ ដោយគ្មានការ​ឯកភាពពីពលរដ្ឋ​ និងការ​មិន​ផ្ដល់​សំណង​សមរម្យជូនពលរដ្ឋ គឺជាទង្វើខុសច្បាប់។  

មន្ត្រីសិទ្ធិមនុស្សរូបនេះលើកឡើងថា ក្នុង​រដ្ឋធម្មនុញ្ញ ច្បាប់ភូមិបាល និងអស្សាមិករណ៍​បាន​កំណត់​ថា ការ​យក​ដីធ្លី​ពលរដ្ឋ​មានបណ្ណ​កម្មសិទ្ធិ​ទៅអភិវឌ្ឍបាន លុះត្រាតែមានការព្រមព្រៀងពីម្ចាស់​អចលនទ្រព្យ និងការមានការដោះស្រាយសំណងសមរម្យនិងយុត្តិធម៌។

លោកបន្ថែមថា៖ «រហូតមកដល់ពេលនេះ ក្រុមហ៊ុនហ្នឹងនៅតែបន្តអនុវត្តវិធានការ​បង្ខំ​យក​ដី​ប្រជា​ពលរដ្ឋ ទាំង​មិន​មាន​ការ​យល់ព្រម​ពីប្រជាពលរដ្ឋជាមុន ដែល​នេះជា​ការ​អនុវត្តខុសច្បាប់ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ជាពិសេសទាក់ទងនឹងសិទ្ធិមានលំនៅឋាន និងសិទ្ធិមានដីធ្លីរបស់ប្រជាពលរដ្ឋតែម្ដង»។

កាលពីខែកញ្ញា ឆ្នាំ២០២១ ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនយន្តហោះថ្មី បានប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចម្ដងរួចមកហើយ​​ ដោយអំឡុងពេល​នោះ​ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​មនុស្ស៣០នាក់បញ្ជូន​ទៅតុលាការ ក្រោម​​កា​រ​​ចោទ​​ប្រកាន់​​ថា ពួកគេបានបង្កហិង្សាដោយចេតនាទៅលើសមត្ថកិច្ចឱ្យរងរបួស ប៉ុន្តែក្រោយ​មកតុលាការបានដោះលែងវិញ។

កាល​ពី​ខែក​ញ្ញា ឆ្នាំ២០២១ អង្គការសង្គមស៊ីវិលចំនួន៣១​ស្ថាប័នបានចេញសេចក្ដីថ្លែងការណ៍មួយ​ស្នើដល់​​ស្ថាប័នពាក់ព័ន្ធ​ផ្ដល់សំណងឱ្យ​បាន​សមស្រប​តាម​តម្លៃ​ទីផ្សារ​​ ជូន​ប្រជា​ពលរដ្ឋដែល​កំពុ​​ង​​រងផល​ប៉ះពាល់​​​​ដីធ្លី​ពី​គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិ​ថ្មី​នេះ និង​ចៀសវាង​នូវ​កិច្ចព្រមព្រៀង​ដោយ​មានការ​បង្ខិត​​បង្ខំ ដើម្បីរក្សានូវការគោរពសិទ្ធិមនុស្សដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញកម្ពុជា។

ក្រុមអង្គការទាំងនេះក៏បាន​ស្នើដល់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល​ត្រូវដោះស្រាយបញ្ហា​ជម្លោះ​​ដីធ្លី​នេះតាម​​នីតិវិធី​ តាមរយៈ​​​ការ​កោះ​ហៅ​ភាគី​ទំនាស់​​មក​​ចរចា​គ្នា ដោយ​ឈរ​លើ​ផល​ប្រយោជន៍និង​សេចក្ដីត្រូវកា​រ​​របស់​​គ្រប់​​​ភាគី ហើយ​​ភាគី​ទំនាស់និងអាជ្ញាធរគួររក្សាឱ្យបាននូវភាពអហិង្សា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ