អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងសមត្ថកិច្ចផ្នែកចរាចរណ៍ផ្លូវគោក អនុវត្តការងារឱ្យបានត្រឹមត្រូវ និងមានសីលធម៌វិន័យឱ្យបានល្អក្នុងពេលបំពេញការងារ ជាពិសេសលុបបំបាត់ឱ្យបាននូវការចេញចាប់ដៃយកលុយពីរថយន្តដឹកទំនិញនិងរថយន្តផ្សេងៗទៀតដែលល្មើសច្បាប់។
ការណែនាំនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែមករា និងទិសដៅបន្តប្រចាំខែកុម្ភៈរបស់ផែនការងារចរាចរណ៍ នៅសាលប្រជុំអគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ។
អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានលើកឡើងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា ក្នុងកិច្ចប្រជុំនោះ លោកបានណែនាំដល់កម្លាំងប៉ូលិសចរាចរណ៍ទាំងអស់ និងគ្រប់គោលដៅ ត្រូវទទួលខុសត្រូវខ្ពស់បំផុតលើការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ជួយសម្រួលការកកស្ទះចរាចរណ៍ ជាពិសេសល្បាតចល័តជាប្រចាំនៅតាមដងផ្លូវសំខាន់ៗ ដើម្បីធានាឱ្យបាននូវសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិនិងអន្តរជាតិ។
ជាមួយគ្នានោះដែរ លោកក៏បានណែនាំដល់កម្លាំងប៉ូលិសចរាចរណ៍ប្រើប្រាស់សម្ដីសមរម្យនៅពេលអប់រំពលរដ្ឋដែលល្មើសច្បាប់ចរាចរណ៍ ជាពិសេសរាល់ការផាកពិន័យត្រូវតែចេញបណ្ណផាកពិន័យឱ្យបានត្រឹមត្រូវ។
លោក ស ថេត បានណែនាំបន្ថែមថា៖ «ត្រូវលុបបំបាត់ឱ្យបាននូវការចេញចាប់ដៃយកលុយពីរថយន្តដឹកទំនិញនិងរថយន្តផ្សេងៗទៀត។ ណែនាំឱ្យគ្រប់គោលដៅត្រួតពិនិត្យមិនឱ្យមានរ៉ឺម៉កដឹកធ្បូង ដឹកសម្លៀកបំពាក់ចូលទីតាំងឬផ្លូវដែលសាលារាជធានីភ្នំពេញបានធ្វើការហាមឃាត់ […] ត្រូវអនុវត្តចំពោះរថយន្តធុនធំដែលចូលខុសម៉ោង […] ហាមមិនឱ្យមានការឈ្លោះប្រកែកជាមួយអ្នកស្រវឹងជោកជាំ ជាមួយអ្នកបង្កអុកឡុកនៅទីកន្លែងកើតហេតុ ដែលធ្វើឱ្យប៉ះពាល់ដល់ទិដ្ឋភាពរួមរបស់សង្គម»៕