តុលាការ​ខេត្តបន្ទាយមានជ័យ​កោះហៅ​អភិបាល​ស្រុក​ម្នាក់​ទៅ​បំភ្លឺ ករណី​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក

លោក ឃូ ពៅ អភិបាល​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ (រូប៖ ហ្វេសប៊ុក​អភិបាល​ស្រុក​ព្រះនេត្រ​ព្រះ)​

សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​កោះហៅ​អភិបាល​ស្រុក​ព្រះនេត្រព្រះ លោក ឃូ ពៅ ឱ្យ​ចូល​បំភ្លឺ​នៅ​ខែមីនា ឆ្នាំ២០២២ ខាងមុខ ពាក់ព័ន្ធ​ករណី​ឈូសឆាយ​ទន្ទ្រាន​ដី​ព្រៃលិចទឹក។

ក្នុង​លិខិត​អញ្ជើញរបស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក កើត វណ្ណារ៉េត ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បានតម្រូវឱ្យ​អភិបាលស្រុក ព្រះនេត្រព្រះ លោក ឃូ ពៅ ចូលបំភ្លឺនៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ក្នុងដំណើររឿង​ពាក់ព័ន្ធ​នឹងការឈូសឆាយ ទន្ទ្រានដីព្រៃលិចទឹកតំបន់ ៣ ស្ថិតនៅភូមិសាស្ត្រឃុំប្រាសាទ និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។

ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក សំរិទ្ធ សុខុម  សុំមិនធ្វើអត្ថាធិប្បាយចំពោះការកោះហៅនេះទេ។

អភិបាលស្រុកព្រះនេត្រព្រះ លោក ឃូ ពៅ  ប្រាប់សារព័ត៌មានវីអូឌីនៅថ្ងៃសៅរិ៍នេះថា លោកនឹងចូលខ្លួនទៅឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការ​នៅថ្ងៃទី២១ ខែមីនា ខាងមុខ។

លោកថា៖ «លិខិតអញ្ជើញ ឱ្យខ្ញុំចូលបំភ្លឺឱ្យស្រាវជ្រាវអ្នកណាទន្ទ្រានដីព្រៃទេ។ ខ្ញុំត្រូវតែចូល ប៉ុន្តែខ្ញុំមិនដឹងថ្ងៃណាទេ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បាន​បញ្ជាទៅ​ប្រធាន​អង្គភាពប្រឆាំង​អំពើ​ពុក​រលួយ ក្រសួងរៀបចំដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធផ្សេងទៀត ចុះទប់ស្កាត់ជាបន្ទាន់ចំពោះករណី​ទន្ទ្រាន​ដីព្រៃលិចទឹក​នៅតំបន់បឹងទន្លេសាបដោយខុស​ច្បាប់​និង​ចាត់​វិធាន​ការ​ច្បាប់​តឹង​រ៉ឹងចំពោះ​អ្នក​ល្មើស​ផង​ដែរ។

បើតាមអ្នកនាំពាក្យក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត ធ្លាប់ប្រាប់វីអូឌីកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ថា ក្រោយពីចុះ​ប្រតិបត្តិការ​​ទប់​ស្កាត់បទល្មើសព្រៃលិចទឹកតាមបណ្ដាខេត្តទាំង៦ រួច​មក ដីព្រៃ​លិច​ទឹក​​ជិត៦០ ០០០​ហិកតានៅជុំវិញបឹង​ទន្លេ​សាប ត្រូវ​បាន​ដក​ហូត​មកទុក​ជា​សម្បត្តិរដ្ឋ​វិញ បន្ទាប់ពីមានកាប់ទន្ទ្រាន់យកដោយខុសច្បាប់។

លោក សេង ឡូត បន្ថែមថា ក្នុងប្រតិបត្តិការបង្ក្រាបនិងទប់ស្កាត់បទល្មើសដីព្រៃលិចទឹកនៅតំបន់ជុំវិញបឹងទន្លេសាបនេះ គឺមានប្រជាពលរដ្ឋច្រើនលើសលុប​បាន​សារភាពនិងព្រមប្រគល់ដីជូនរដ្ឋវិញ ខណៈមន្ត្រីរាជការមួយចំនួនដែលល្មើស ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ តែយ៉ាងណា លោក​ពុំបាន​បញ្ជាក់លម្អិតពីចំនួន​ពិតប្រាកដ ថាតើប៉ុន្មាននាក់ត្រូវបានបញ្ជូនទៅកាន់តុលាការនោះទេ។

ចាប់តាំងពីមានការបញ្ជារបស់លោក ហ៊ុន សែន មក​ដល់​ពេលនេះ​ មាន​តែមន្ត្រី​នគរបាល​ខេត្ត​កំពង់​ឆ្នាំង​ពីររូបប៉ុណ្ណោះ ត្រូវបាន​នាំខ្លួនមកសាកសួរនិងឃុំខ្លួន​ពាក់ព័ន្ធ​​​ការរំលោភដីព្រៃលិចទឹក​រាប់​ពាន់​ហិកតា ខណៈអតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន រហូតពេលនេះ មិនទាន់មានព័ត៌មានណាមួយ​អំពីការនាំខ្លួននិងចាប់ខ្លួននៅឡើយទេ។

កាលពី​ថ្ងៃ​ទី​២៩ ​ខែ​សីហា​ ឆ្នាំ​២០១១ ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ស្ដីពីការ​កំណត់​ដែន​​ព្រៃ​លិច​ទឹក​ប្រមាណ​៦៥​ម៉ឺន​ហិកតា ​ស្ថិត​ក្នុង​ខេត្ត​ចំនួន​​៦​ជុំវិញ​បឹង​ទន្លេសាប​ រួម​មាន ​ខេត្ត​កំពង់ឆ្នាំង ​ពោធិ៍សាត់ បាត់ដំបង ​បន្ទាយ​មានជ័យ​ សៀមរាប​ និង​កំពង់ធំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ