អតិថិជន Opennet បារម្ភ​ពី​ការ​ខាតបង់​ ខណៈក្រសួង​ព្រមាន​ព្យួរ​អាជ្ញាបណ្ណ​ដោយ​សារ​ជាប់​បំណុល​

ពលរដ្ឋបើកបរយាន្តយន្តឆ្លងកាត់​​អគារ​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលស្ថិតនៅតាម​មហាវិថី​ព្រះមុនីវង្ស។ (រូបភាព៖ ជន ចាន់រ៉ែន)

អតិថិជន​របស់​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត Opennet បារម្ភ​ពីការ​ខាតបង់​ថវិកា និង​ផលិតភាព​ការងារ ខណៈក្រសួង​ចំនួន​ពីរ​បាន​ព្រមាន​ព្យួរអាជ្ញាបណ្ណ​របស់​ក្រុមហ៊ុន​នេះ ក្នុង​ករណីដែល​ក្រុមហ៊ុន​មិន​ព្រម​ទូទាត់​បំណុល​ជូនរដ្ឋ​ក្នុង​រយៈពេល ៧ ថ្ងៃ។

ក្តីបារម្ភនេះ គឺបន្ទាប់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញ​សេចក្តីជូនដំណឹងរួមគ្នាជាសាធារណៈថា «ក្រុមហ៊ុន ឃីង ថេកណឡជី ឬ Opennet ដែលជាប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិត មិនទាន់បានអនុវត្ត​កាតព្វកិច្ចទូទាត់បំណុលជូនរដ្ឋនៅឡើយទេ។

អតិថិនប្រើប្រាស់សេវាកម្មក្រុមហ៊ុន Opennet លោក ឈួន ភីរម្យ ប្រាប់ថា លោកបានប្រើសេវាអ៊ីនធឺណិតរបស់ក្រុមហ៊ុន​នេះអស់រយៈពេល​ប្រាំឆ្នាំមក​ហើយ។ លោកថា ជាធម្មតាខ្លួនបានបង់ថ្លៃសេវាជាកញ្ចប់ ហើយមកទល់ពេលនេះលោកនៅសល់សុពលភាពប្រើប្រាស់រយៈពេលបីខែទៀត ដែលគិតជា​ថវិកា​ប្រមាណជាង៣០ដុល្លារអាមេរិក។

លោក ភីរម្យ និយាយថា៖ «នៅពេលដែលដឹងថា ក្រុមហ៊ុនជំពាក់លុយរដ្ឋ ខ្ញុំមានការព្រួយបារម្ភជាខ្លាំងពីព្រោះ opennet បានសម្រួលដល់ការងារខ្ញុំជាច្រើន ដូចនេះប្រសិនបើក្រុមហ៊ុនប្រឈមនឹងការព្យួរអាជ្ញាបណ្ណ ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់»

លោក ឈួន ភីរម្យ ថា បើក្រុមហ៊ុនត្រូវបានរដ្ឋលុបអាជ្ញាបណ្ណមែន នោះលោកមានតែទៅរកសេវាអ៊ីនធឺណិតពីក្រុមហ៊ុនផ្សេងដែលមានតម្លៃសមរម្យ និង​សេវាកម្ម​ល្អផ្សេងទៀត។

ចំណែកអតិថិជនរបស់ក្រុមហ៊ុន Opennet​ ម្នាក់ទៀត កញ្ញា ទី ចាស្មីន បានបង្ហាញការខកចិត្តដោយបារម្ភពីការខាតបង់ថវិកា និងប៉ះពាល់ដល់ដំណើរការ​ការងារ បើសិនក្រុមហ៊ុនអ៊ឺនធឺណិតនេះផ្អាកផ្គត់ផ្គង់សេវាដោយសារត្រូវព្យួរអាជ្ញាបណ្ណ។

យុវតីរូបនេះថា៖​ «ខ្ញុំព្រួយបារម្ភដែរហ្នឹង ព្រោះខ្ញុំប្រើ Opennet រយៈពេល ៤-៥ ឆ្នាំហើយៗបង់លុយម្តង១ឆ្នាំ ឥឡូវសល់សុពលភាព៥ខែទៀត [ខាតប្រហែល ៧៥$]»

កញ្ញាបន្តថា៖ «ខ្ញុំមានការខកចិត្តខ្លះ ព្រោះវាខាតប្រយោជន៍ដូចជា អតិថិជនមានការរាំងស្ទះការងារ កន្លែងបំរើសេវាកម្មខ្លះត្រូវការប្រព័ន្ធ Wifi ប្រើប្រាស់។ បើសិនខាង internet មានបញ្ហាចឹង វាពិបាក។ […] បើសិនជារដ្ឋព្យួរអាជ្ញាបណ្ណគាត់ គាត់ [ក្រុមហ៊ុន]ត្រូវសងសំណងមកខ្ញុំវិញ ប៉ុន្តែបើការសងសំណង​នោះ ត្រូវការរត់ឯកសារច្រើន ចឹងខ្ញុំអត់ត្រូវការទេ គឺលុយប៉ុណ្ណឹងប្រហែលត្រូវចោលហើយ»

អតិថិជនមួយរូបទៀត លោក កាង យូរីគូ ត្អូញត្អែរពីសេវាអ៊ីនធឺណិត (wifi) របស់ក្រុមហ៊ុននេះថាមានការយឺតយ៉ាវ និងរអាក់រអួលជាញឹកញាប់ ដែលបង្កជា​ផលលំបាកសម្រាប់លោកក្នុងការប្រើប្រាស់ទូរស័ព្ទ និងកុំព្យូទ័រក្នុងការសិក្សាតាមប្រព័ន្ធអនឡាញ និងធ្វើការផងដែរ។

លោកនិយាយថា៖ «ពេលខលទៅ ពួកគេ (Opennet) តែងប្រាប់ខ្ញុំថា រដ្ឋមិនឱ្យឡើងខ្សែបង្គោលភ្លើងនោះទេ ទោះជាអតិថិជនមួយចំនួនមាន​បញ្ហាសេវា​ទៅលើការប្រើប្រាស់សេវារបស់ក្រុមហ៊ុន»

យ៉ាងណា លោក កាង យូរីគូ សង្ឃឹមថា ក្រុមហ៊ុននឹងមានដោះស្រាយបញ្ហាទាក់ទងនឹងការបង់សេវាជូនក្រសួងដែលពាក់ព័ន្ធ និងចូលខ្លួនដោះស្រាយ​បញ្ហាការផ្គត់ផ្គង់សេវា។

ក្នុងសេចក្តីជូនដំណឹងរួមគ្នាមួយ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រសួង​សេដ្ឋកិច្ច និងក្រសួងប្រៃសណីយ៍ឱ្យដឹងថា ក្រុមហ៊ុន ឃីង ថេកណឡជី ឬ Opennet ដែលជាប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិត មិនទាន់បានអនុវត្តកាតព្វកិច្ចទូទាត់បំណុលជូនរដ្ឋនៅឡើយទេ។ តែសេចក្ដីជូនដំណឹងនេះ មិនបាន​បញ្ជាក់ថា តើក្រុមហ៊ុន ឃីង ថេកណឡជី ឬ Opennet ជំពាក់​បំណុល​រដ្ឋ​ប៉ុន្មាន​នោះ​ទេ។

យ៉ាងណា ក្រសួងទាំងពីរបានទុករយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដើម្បីឱ្យក្រុមហ៊ុនចូលមកបំពេញកាតព្វកិច្ចទូទាត់បំណុលនៃចំណូលបែងចែក (Revenue Share) និងបំណុលដទៃទៀតដែលក្រុមហ៊ុននៅជំពាក់រដ្ឋជាកំហិត។

ប្រភពដដែលបន្តថា ក្នុងករណីក្រុមហ៊ុននៅតែគេចវេះមិនព្រមទូទាត់បំណុលជូនរដ្ឋ ក្រសួង​ទាំងពីរ​នឹង​ព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន និងអនុវត្តមាត្រា៧៨ នៃច្បាប់ស្តីពីទូរគមនាគមន៍ព្រមទាំងចាត់វិធានការដទៃទៀតស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បដិសេធលាតត្រដាងជាសាធារណៈនូវចំនួនថវិកាដែលក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត Opennet ជំពាក់រដ្ឋ។ យ៉ាងណា លោកថា ក្រសួងសេដ្ឋកិច្ចមានតួលេខថវិកា និងរយៈពេលនៃការជំពាក់របស់ក្រុមហ៊ុននេះច្បាស់លាស់ក្នុងបញ្ជីស្នាម។

លោក សេនសានថា៖ «ហើយសួរថាជំពាក់ពីឆ្នាំណា? ខ្ញុំក៏មិនទាន់ជម្រាបបានដែរ។ ខ្ញុំគិតថាក្នុងពេលដែលយើងដាស់តឿនចឹង ខ្ញុំអត់អាចបង្ហាញតួលេខអី​បានទេ ព្រោះវាអាចវែងឆ្ងាយទៅរឿងផ្សេងៗទៀត គ្រាន់តែថា ក្រុមហ៊ុនដែលគាត់ទទួលដឹងឮរឿងហ្នឹង គឺគាត់ដឹងហើយថាគាត់ជំពាក់ប៉ុន្មាន។ ហើយនេះជា​យន្តការមួយក្នុងការទាមទារអ្នកដែលជំពាក់រដ្ឋ។ គ្រាន់ថា ជាតួលេខប្រាកដប៉ុន្មានៗ អាចសួរខាងក្រុមហ៊ុន បើសិនក្រុមហ៊ុនគាត់ចង់បញ្ជាក់។ កុំឱ្យថា ខាងខ្ញុំលាតត្រដាងប៉ុន្មានៗចឹង ប៉ុន្តែក្នុងបញ្ជីស្នាមយើងមានអស់ហើយ»

យ៉ាងណាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចរូបនេះថា ការចេញលិខិតនេះមិនមែនជាលើកទីមួយទេ ព្រោះក្រសួងសេដ្ឋកិច្ចបានចេញសេចក្តីជូនដំណឹងទៅកាន់​ក្រុមហ៊ុន​ដែលជំពាក់រដ្ឋបែបនេះជាញឹកញាប់ដែរ។

លោកថា៖ «ក្រុមហ៊ុនណាដែលជំពាក់ យើងចេញលិខិតអ៊ីចឹងទៅ»

បុគ្គលិកទំនាក់ទំនងរបស់ក្រុមហ៊ុន Opennet បដិសេធបកស្រាយព័ត៌មានទាក់ទិននឹងសេចក្តីជូនដំណឹងរបស់ក្រសួង ដោយនិយាយថា នោះមិនមែនជា​តួនាទីរបស់ខ្លួន។

បុគ្គលិកម្នាក់បាននិយាយថា៖ «សូមទោសបង រឿងនេះខាងប្អូនមិនអាចនិយាយបានទេទាល់តែខាងថ្នាក់លើ ចាំប្អូនឱ្យថ្នាក់លើទាក់ទងទៅបងវិញ»

យ៉ាងណា មកទល់ពេលនេះ VOD មិនទាន់ទទួលបានការឆ្លើយតបពីក្រុមហ៊ុន ឃីង ថេកណឡជី (Opennet) ដែលជាក្រុមហ៊ុនចែកចាយ​និងផ្ដល់​សេវាអ៊ីនធឺណិតនៅកម្ពុជានេះនៅឡើយទេ។

រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក សូ វិសុទ្ធី ក៏មិនទាន់អាចផ្តល់ព័ត៌មានពាក់ព័ន្ធចំនួនថវិកា និងរយៈពេលដែលក្រុមហ៊ុននេះ​ខកខានការទូទាត់បំណុលជូនរដ្ឋនេះនៅឡើយទេ។ យ៉ាងណាលោកថា កន្លងមកមានក្រុមហ៊ុនមួយចំនួនធំដែរ ដែលក្រសួងបានដកអាជ្ញាបណ្ណដោយសារ​មិនបានអនុវត្តកាតព្វកិច្ចទូទាត់បំណុលជូនរដ្ឋ។

លោក សូ វិសុទ្ធី ថា៖ «កន្លងមកដូចជាមានក្រុមហ៊ុនមួយចំនួនធំដែរ ដែលក្រសួងបានដកអាជ្ញាបណ្ណពាក់ព័ន្ធនឹងការងារហ្នឹង ដែលគាត់អត់បានបង់​កាតព្វកិច្ចដែលគាត់ត្រូវបង់ថវិកាជូនរដ្ឋ»

បើតាមលោក សូ វិសុទ្ធី ជាក់ស្តែងកាលពីខែតុលា ឆ្នាំ២០២០ ក្រសួងប្រៃសណីយ៍បានសម្រេច​លុប និង​ព្យួរអាជ្ញាបណ្ណរបស់ប្រតិបត្តិករទូរគមនាគមន៍ចំនួន ១៧ ក្រុមហ៊ុនដូចជា ក្រុមហ៊ុន Kingtel Commurication Limited, ក្រុមហ៊ុន Lim Heng Group, ក្រុមហ៊ុន Asia Star Resources Investment Holding Group, ក្រុមហ៊ុន DG Communicators និងក្រុមហ៊ុន TPLC Holdings ជាដើម។

ក្រសួងប្រៃសណីយ៍អះអាងថា ក្រុមហ៊ុនទាំងនេះបានគេចវេសមិនបង់ចំណូលជូនរដ្ឋជាច្រើនឆ្នាំ អសកម្ម មិនបានបំពេញកាតព្វកិច្ចផ្សេងៗ​តាម​លក្ខខណ្ឌ​នៃ​អាជ្ញាបណ្ណ និងពុំបានផ្តល់ឯកសារបច្ចេកទេសជាដើម។

យ៉ាងណាក្រសួងថា បានប្រាប់ឱ្យក្រុមហ៊ុនទាំងនោះត្រូវទូទាត់បំណុលដែលជំពាក់​ក្រសួងប្រៃសណីយ៍​និង​ទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជា បំណុលរដ្ឋ-ឯកជន កាតព្វកិច្ចពន្ធដារ និងត្រូវមានកាតព្វកិច្ចទទួលខុសត្រូវចំពោះបុគ្គលិក និងអតិថិជន ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ក្នុងករណី​មាន​ការតវ៉ាកើតឡើងជាយថាហេតុពាក់ព័ន្ធនឹងការលុបអាជ្ញាបណ្ណនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ