ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួនថ្មី«អូមីក្រុង»ចំនួន ៤០១ករណីបន្ថែមទៀតកាលពីម្សិលមិញ ដែលធ្វើឱ្យអ្នកជំងឺបំប្លែងខ្លួនថ្មីនេះត្រូវបានប្រកាសរកឃើញឆ្លងចូលសហគមន៍កើនឡើងដល់ជាង ២០០០ករណី។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួន «អូមីក្រុង»ដែលរកឃើញឆ្លងថ្មីកាលពីម្សិលមិញមានចំនួន ៤០១នាក់។ អ្នកជំងឺទាំងនោះ មាន ៣៩៧ករណី ជាការរកឃើញឆ្លងចូលក្នុងសហគមន៍ និង៤ករណីទៀត ជាការនាំចូលពីក្រៅប្រទេស។ ដោយឡែក ករណីស្លាប់ថ្មីគ្មានឡើយ ហើយអ្នកជំងឺព្យាបាលជាសះស្បើយថ្មីចំនួន ១៤៤នាក់បន្ថែមទៀតផងដែរ។
ក្រសួងបញ្ជាក់ថា មកទល់ព្រឹកថ្ងៃអាទិត្យនេះ កម្ពុជារកឃើញករណីជំងឺកូវីដ-១៩ប្រភេទបំប្លែងខ្លួន «អូមីក្រុង» បានឆ្លងចូលទៅក្នុងសហគមន៍មានចំនួនសរុប ២ ៣៨០ករណី។
កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួន «អូមីក្រុង» ជាលើកដំបូង កាលពីថ្ងៃទី ១៤ខែធ្នូ ឆ្នាំ២០២១ លើស្ត្រីខ្មែរម្នាក់ ដែលធ្វើដំណើរពីប្រទេសហ្គាណា នៃតំបន់អាហ្វ្រិកខាងលិច មកកម្ពុជា។
គិតត្រឹមព្រឹកថ្ងៃដដែលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១២៣ ៤៤៣នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១១៨ ៨០៤នាក់ អ្នកស្លាប់ចំនួន៣ ០១៥នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន ២០ ៤៧៩នាក់៕












