សកម្មជន​សង្គម​បង្ហោះ​ប៉ោងប៉ោង​ជា​សារ​លើក​ទឹក​ចិត្ត​និង​ទាមទារ​ដោះលែង​បុគ្គលិក​ណា​ហ្គា​វើលដ៍​១១​នាក់

យុទ្ធនាការបង្ហោះប៉ោងប៉ោងដោយក្រុមយុវជនខ្មែរថាវរ:រួមនិងយុវជននៅមុខពន្ធនាគារព្រៃសនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីអបអរជ័យជម្នះក្រុមហ៊ុន NAGA WORLD ក្នុងការធ្វើទុក្ខបុកម្នេញលើថ្នាក់ដឹកនាំ និងសកម្មជនសហជីព ព្រមទាំងទាមទារឱ្យដោះលែងអ្នកជាប់ឃុំទាំង ១១នាក់។ (ហ្វេសប៊ុក កញ្ញា ឈឿន ដារ៉ាវី)

សកម្មជនដែលស្រឡាញ់ការងារសង្គមបានអះអាងថា ពួកគេប្រមាណ​ ២០នាក់ប្រមូលផ្តុំគ្នានៅក្បែរពន្ធនាគារព្រៃស ដើម្បីបង្ហោះប៉ោងប៉ោងផ្ញើសារលើកទឹកចិត្តដល់ថ្នាក់ដឹកនាំសហជីពថា ពួកគេមិន​នៅ​ឯកា​ទេ និងទាមទារឱ្យដោះលែងពួកគេដែលកំពុងជាប់ឃុំទាំង ១១នាក់ឱ្យមានសេរីភាពវិញ។

សមាជិកខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ ដែលធ្លាប់ជាប់ពន្ធនាគារព្រៃស បានប្រាប់វីអូឌីនៅថ្ងៃអាទិត្យនេះថា នៅសប្តាហ៍ទី១នេះ ក្រុមយុវជនដែលស្រឡាញ់ការងារសង្គមប្រមាណ​២០នាក់ជួបជុំគ្នាបង្ហោះប៉េតប៉ោងនៅក្បែរពន្ធនាគារ វេលាម៉ោង ៥ល្ងាចនេះ ដើម្បីបង្ហាញសារបែបឌឺដងទៅក្រុមហ៊ុនណាហ្គាវើលដ៍អំពីភាពជោគជ័យនៃការធ្វើទុក្ខបុកម្នេញលើបុគ្គលិក។

លើសពីនេះ ការបង្ហោះប៉ោងប៉ោងនោះ ក៏ជាសារលើកទឹកចិត្តដល់ពួកគេកំពុងជាប់ឃុំ និងស្នើឱ្យដោះស្រាយវិវាទការងារជូនកម្មករ រួមទាំងដោះលែងសហជីព និងសកម្មជនចំនួន ១១នាក់ឱ្យមានសេរីភាពវិញ ។

លោកមានប្រសាសន៍ថា៖ «យើងផ្ញើសារតាមរយៈប៉េងប៉ោង ដោយសារយើងអត់អាចចូលសួរសុខទុក្ខសហជីព (ឈឹម ស៊ីថរ) និងសកម្មជនបាន ហើយលើកទឹកចិត្តនិងគាំពួកគាត់ឱ្យតស៊ូបន្តទៀត គឺពួកយើងនៅខាងក្រៅអត់បំភ្លេចពួកគាត់ចោលទេ និងទាមទារឱ្យដោះលែងពួកគាត់មានសេរីភាពវិញ»។

លោក ហ៊ុន វណ្ណៈ មានប្រសាសន៍បន្ថែមថា ពួកគាត់នឹងបន្តធ្វើយុទ្ធនាការបង្ហោះប៉ោងប៉ោងនេះជារៀងរាល់       សប្តាហ៍នៅតាមរាជធានី ខេត្ត ក្រុង រហូតមានការដោះលែងសហជីពនិងសកម្មជនទាំង១១នាក់នោះឱ្យមានសេរីភាពវិញ ដោយមិនបារម្ភពីការគំរាមកំហែង និងចាប់ខ្លួននោះទេ ដោយថាពួកគេធ្វើដោយអហិង្សា​ និងគោរពតាមវិធានសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។

កូដករក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ម៉េង កាក់នីកា ​​ បានបង្ហាញក្តីរីករាយនៅពេលទទួលព័ត៌មានថា មានក្រុមយុវជនដែលស្រឡាញ់កិច្ចការសង្គម គាំទ្រសហជីព និងសកម្មជនដែលកំពុងជាប់ពន្ធនាគារចំនួន១១នាក់។កញ្ញានិយាយថា៖ «ខ្ញុំពួកខ្ញុំមានការសប្បាយចិត្តខ្លាំង នៅពេលដែលពួកគាត់ជួយលើកទឹកចិត្តមកលើសហជីព និងសម្មជន ហើយធ្វើយុទ្ធនាការផ្សេងៗជំរុញឱ្យមានការដោះលែងថ្នាក់ដឹកនាំសហជីព និងក្រុមកូដករដែលគេចាប់ខ្លួនទៅ ពីព្រោះពួកខ្ញុំធ្វើការតស៊ូបែបអហិង្សា មិនបានបំពានច្បាប់ដូចការចោទប្រកាន់កន្លងមកទេ»។

ចំណែក អ្នកស្រី សំ រដ្ឋា ដែលអះអាងថា ជាកូដករនៅក្រុមហ៊ុនណាហ្គាវើលដ៍និយាយថា ពួកគាត់ក៏លើកទឹកចិត្តដល់សហជីពនិងសកម្មជនរបស់គាត់ទាំង១១នាក់ កុំបាក់ទឹកចិត្តនិងតស៊ូឡើង ដោយថាក្រុមកូដកររាប់ពាន់នាក់ នៅតែបន្តធ្វើកូដកម្មរហូតក្រុមហ៊ុនដោះស្រាយវិវាទការងារ និងឱ្យដោះលែងតំណាងពួកគាត់ឱ្យមានសេរីភាពវិញ។

អ្នកស្រីមានប្រសាសន៍ថា៖ «សូមឱ្យពួកគាត់នៅខាងក្នុងពន្ធនាគារកុំបាក់ទឹកចិត្ត ពួកខ្ញុំនៅខាងក្រៅនៅតែគាំទ្រតំណាងពួកខ្ញុំ   មិនមែនចាប់ខ្លួនតំណាងពួកយើងហើយ  យើងដកថយ គឺពួកយើងអត់ដកថយទេ ទោះមានការចាប់បន្តទៀតក៏អត់ខ្លាចចូលគុកដែរ។ ពួកខ្ញុំត្រៀមហើយ មិនបាច់គំរាមទេ​ ពួកខ្ញុំនិងតស៊ូរហូតមានដំណោះស្រាយ»។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការជួបជុំគ្នារបស់ក្រុមយុវជនទាំងនោះ ជាសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពួកគេ ប៉ុន្តែលោកថា ការបញ្ចេញមតិត្រូវធ្វើឱ្យស្របតាមច្បាប់ ដើម្បីកុំឱ្យទទួលរងការចោទប្រកាន់ដូចអ្នកជាប់ឃុំទាំង១១នាក់នោះ។

លោកផ្តល់ជាអនុសាសន៍ថា បើក្រុមយុវជនចង់ជួយដល់ប្រធានសហជីព និងសកម្មជនទាំង១១នាក់នោះឱ្យមានសេរីភាពវិញ ត្រូវរកមេធាវីជួយការពារក្តីតតាំងជាមួយតុលាការតាមផ្លូវច្បាប់វិញ ទើបទទួលបានផលវជ្ជមានខ្ពស់។

លោកផ្តល់ជាអនុសាសន៍៖ «ការបង្ហោះប៉េតប៉ោងជាសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពួកគាត់ ប៉ុន្តែការដាក់សម្ពាធទៅលើគោលការណ៍ច្បាប់ពិបាក។ គាត់គួររកមេធាវី ដើម្បីតតាំងជាមួយខាងមេធាវីរដ្ឋាភិបាល ឬព្រះរាជអាជ្ញា ដើម្បីធ្វើយ៉ាងម៉េច ដោះបន្ទុកឱ្យជនជាប់ចោទ វាជាគោលការណ៍ប្រជាធិបតេយ្យ យើងត្រូវអនុវត្តតាមច្បាប់»។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បញ្ហាវិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍ ជាមួយបុគ្គលិកកន្លងមកនេះ កំពុងស្ថិតនៅក្នុងការឃ្លាំមើលដោយយកចិត្តទុកដាក់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ បើ​សិនស្ថាប័នពាក់ប័ន្ធរបស់រដ្ឋ មិនពន្លឿនបញ្ចប់វិវាទនោះទេ នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល។

លោកមានប្រសាសន៍ថា«កន្លងមកយើងឃើញហើយ វិវាទរវាងក្រុមហ៊ុនណាហ្គាវើលដ៍និងក្រុមកូដករ ប៉ុន្តែវារីករាលដាលក្លាយទៅវិវាទរវាងកូដករជាមួយអាជ្ញាធរ រហូតដល់មានការចាប់ខ្លួន វាមានការថ្កោលទោស មានការរិះគន់ធ្ងន់ធ្ងរដែរសម្រាប់រដ្ឋាភិបាល ធ្វើឱ្យក្រុមហ៊ុនណាហ្គាវើលដ៍អត់មានបញ្ហាអ្វីសោះ ហើយអ្នកដែលប្រឈមទៅជារដ្ឋាភិបាលដែលត្រូវបានគេរិះគន់វិញ»។

កាល​ពីថ្ងៃទី​២៤ ខែមករា ឆ្នាំ២០២២ អង្គការសង្គមស៊ីវិលចំនួន៨ រួមមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ​និង​សិទ្ធិមនុស្ស សមាគមការពារសិទ្ធិមនុស្សអាដហុក និងអង្គការសមាគមផ្សេងទៀត បានដាក់លិខិតរួមគ្នាមួយទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំជួបសួរសុខទុក្ខ​តំណាងសហជីព៨នាក់​ក្នុងមួយខែម្ដង ដោយគិត​ចាប់ពីខែ​មករា ឆ្នាំ២០២២​ទៅ ប៉ុន្តែសំណើនេះត្រូវបានតុលាការបដិសេធ​ចោល។

កាលពីថ្ងៃទី១ ​ខែកុម្ភៈ​នេះ ចៅក្រុមស៊ើបនៃសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ បានចេញ​លិខិតមួយ​ឆ្លើយ​តប​ចំពោះកា​រស្នើ​សុំ​របស់​អង្គការសង្គមស៊ីវិល​ទាំង៨ថា មូលហេតុដែលតុលាការមិន​អនុញ្ញាត​ឱ្យ​ពួក​គេ​​ចូលជួប​សួរ​សុខ​ទុក្ខ​​តំណាងសហជីពទាំង​៨នាក់ ដោយសារ​អ្នកជាប់ឃុំ​ស្ថិតក្នុងដំណាក់កាលស៊ើបសួរ ហើយចៅក្រមស៊ើបសួរ​កំពុងបន្តស្រាវជ្រាវស៊ើបសួរទៅបុគ្គលមួយចំនួនទៀតដែលចៅក្រមត្រូវកោះសួរ​បំភ្លឺ។

កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ថ្នាក់​ដឹកនាំនិ​ងសកម្មជន​សហជីព​ចំនួន​៨នាក់ ក្នុងនោះ​​មាន​​ប្រធាន​​សហជីព​​ទ្រទ្រង់​​សិទ្ធិ​ការងារ​​បុគ្គលិក​កម្មករ​ខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ​ផង​ ត្រូវ​​បានតុលាការ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​ ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាម​មាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ ក្រោយពីពួកគេដឹកនាំក្រុមកូដករទាមទារ​សិទ្ធិ និងលក្ខខណ្ឌការងារ​នៅក្នុងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍។

កាលពី​ថ្ងៃទី៥ ខែកុម្ភៈ​ សមត្ថកិច្ចរាជធានីភ្នំពេញបានចាប់ខ្លួនកូដករក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៦នាក់ ប៉ុន្តែ៣នាក់ត្រូវបានដោះលែងទៅវិញ ខណៈកូដករ៣នាក់ទៀតត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន​​​ពួក​គាត់បណ្ដោះអាសន្ន​នៅពន្ធ​នាគារ ក្រោម​បទ​ចោទ​​​ «រារាំងដល់ការអនុវត្តវិធានការប្រយុទ្ធនឹងជំងឺកូវីដ-១៩»។

កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ សហជីពអន្តរជាតិ បានផ្ញើលិខិតមួយ​ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយលើកឡើងថា វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍បានកើតចេញពីការបរាជ័យជាយូរ​ណាស់​មកហើយ​របស់​ភាគី​ក្រុមហ៊ុន​ ក្នុងការគោរពសិ​ទ្ធិកម្មករនិងសហ​ជីព​ ចំពោះកិច្ចចរចា​ដោយស​មូហ​ភាព​ ដើម្បីទទួលបានប្រាក់ឈ្នួលនិងលក្ខខណ្ឌការ​ងារ​កាន់​តែល្អ​ប្រសើរ​។

លិខិតនោះបន្តថា ក្រុមហ៊ុនណាហ្គាវើលដ៍ មិនបានគោរពតាមគោលការណ៍របស់រដ្ឋាភិបាល​លើ​​ការ​ងារ សុវត្ថិភាព និងការការពារសុខភាពក្នុងអំឡុងពេលមាន​ជំងឺ​​កូវីដ-១៩នោះទេ។​

ផ្ទុយទៅវិញ​ បុគ្គលិកនិយោជិតចំនួន១ ៣២៩នាក់ត្រូវ​បាន​​បញ្ឈប់​ពី​ការងារ ដោយ​មិន​បានពិគ្រោះ​​យោបល់​ក្រោម​ច្បាប់​ការងារ​កម្ពុជាឡើយ​ ហើយក្នុងចំណោមនោះមានបុគ្គលិក១ ១០០នាក់ គឺ​ជា​សមាជិក​សហជីព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ