កសិករ​ទាមទារ​ឱ្យ​រដ្ឋ​ផ្ដល់​សេវា​គាំពារ​សង្គម​ដើម្បី​បញ្ចៀស​ការ​លក់​ដី​មើល​ជំងឺ

សហគមន៍៧៦៦ និង១៧៥ ស្ថិតនៅភូមិព្រែក ឃុំជីខក្រោម ស្រុកបទុមសាគរ ខេត្តកោះកុង បានធ្វើយុទ្ធនាការ «សប្ដាហ៍គាំពារសង្គម» ស្នើសុំអន្តរាគមន៍សេវាគាំពារសង្គមជូនដល់ពលរដ្ឋក្រីក្រ។ (CCFC)

កសិករមួយចំនួនទាមទារទៅរដ្ឋាភិបាលឱ្យផ្ដល់សេវាគាំពារសង្គមដល់ពួកគេ ដើម្បីលើកកម្ពស់ជី​វភា​ព និងទប់ស្កាត់ការលក់ដីស្រែចម្ការសម្រាប់ចំណាយលើការព្យាបាលសុខភាពជំងឺរបស់ខ្លួន។

យុទ្ធនាការនេះបានចាប់ផ្ដើមធ្វើលើបណ្ដាញសង្គមហ្វេសប៊ុក ចាប់ពីថ្ងៃអាទិត្យម្សិលមិញ តាមរយៈការលើកបដានិងរំលេចសារជាច្រើនបង្ហាញពីបញ្ហាពួកគេ។

អ្នកធ្វើយុទ្ធនាការដែលភាគច្រើនជាកសិករ នៅខេត្តកោះកុង និងខេត្តកណ្ដាល បានលើកឡើងថា ពួកគេជាកសិករនៅជនបទដាច់ស្រយាល ត្រូវការកិច្ចគាំពារសង្គម ហើយថាការដាក់បញ្ចូលកសិករក្នុងគោលនយោបាយជាតិគាំពារសង្គម គឺជាការជួយលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពងាយរងគ្រោះរបស់កសិករ។

ពួកគេគូសបញ្ជាក់ថា៖ «កសិករជាកម្លាំ​ងចលករដ៏សំខាន់ក្នុងការបង្កើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម»។

ឆ្លើយតបនឹងបញ្ហានេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងថា រដ្ឋាភិបាលមានយន្តការផ្ដល់សេវាគាំពារសង្គមដល់ពលរដ្ឋស្រាប់ហើយ ដូចជា បណ្ណក្រីក្រ និងតាមរយៈកាកបាទក្រហម ជាដើម។ លោកបន្តថា យន្តការនៅនឹងកន្លែងបែបនេះ គឺពលរដ្ឋអាចទាក់ទងអាជ្ញាធរមូលដ្ឋានបាន។ 

លោក ផៃ ស៊ីផាន ថា៖ «ប្រជាពលរដ្ឋទាំងអស់ដែលលោកជួបប្រទះនឹងបញ្ហាសុខភាព ជួបប្រទះនឹងសេចក្ដីត្រូវការមន្ទីរពេទ្យ លោកទៅសុំសេចក្ដីបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន អាជ្ញាធរមូលដ្ឋានបញ្ជាក់ ក្រ១ ក្រ២ អ៊ីចឹង! ឬទី២ បើសិនជួបបញ្ហាជីវភាពខ្វះខាតខ្លាំង យើងមានយន្តការមួយទៀត គឺ កាកបាទក្រហមលោកជួយ។ កន្លែងហ្នឹង គឺយើងមានយន្តការរបស់យើងតើ!»។

យ៉ាងណា លោក ផៃ ស៊ីផាន ថាផលលំបាកមួយទៀតសម្រាប់ពលរដ្ឋដែលមិនស្ថិតក្នុងលក្ខខណ្ឌជីវភាពប្រឈមទាំងនេះ គឺមានបញ្ហាដោយសារពួកគាត់មិនស្ថិតនៅក្នុងប្រព័ន្ធបង់ពន្ធ ឬបង់វិភាគទានសន្សំនៅពេលមានជំងឺ ដែលលោកចាត់ទុកថានេះគឺសម្រាប់លក្ខណៈឯកជន ហើយករណីនេះទាមទារឱ្យមានធានារ៉ាប់រង។

ប្រជាសហគមន៍រស់នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល អ្នកស្រី អឿង សារី ប្រាប់វីអូឌីថា សេវាគាំពារសង្គមដែលពួកគាត់ជាកសិករចង់បាន គឺសំដៅដល់ការព្យាបាលដោយមិនអស់ប្រាក់ ឬបង់ថវិកាម្ដងបន្តិចៗប្រចាំខែជាដើម សម្រាប់មនុស្សចាស់ជរា ស្រ្តី និងកុមារងាយរងគ្រោះនៅពេលដែលពួកគាត់ឈឺ។

អ្នកស្រីថា វាជារឿងអយុត្តិធម៌សម្រាប់កសិករដែលជាអ្នកផលិតស្បៀងអាហារសម្រាប់ប្រទេសទាំងមូល ប៉ុន្តែនៅពេលដែលពួកគាត់ឈឺ ពួកគាត់មិនមានការគាំទ្រ គ្មានការគាំពារសុខភាពដូចពលរដ្ឋដែលបំពេញការងារនៅក្នុងស្ថាប័នជាច្រើនផ្សេងទៀតឡើយ។

អ្នកស្រីបន្ថែមថា សូម្បីតែប្រជាពលរដ្ឋដែលមានជីវភាពមធ្យម មិនក្រីក្រក៏ដោយ ប៉ុន្តែនៅពេលដែលពួកគាត់ឈឺ មិនមានថវិកាសម្រាប់បម្រុង គាត់ត្រូវបង្ខំចិត្តលក់កេរអាករដើម្បីដោះស្រាយការព្យាបាលជំងឺ។

យ៉ាងណា អ្នកស្រី សារី ថាគាត់នៅតែមិនមានជំនឿចិត្តលើការទាក់ទងទៅអាជ្ញាធរមូលដ្ឋាន បណ្ណក្រីក្រ ឬកាកបាទក្រហមនៅពេលមានជំងឺតម្កាត់។


អ្នកស្រីថា៖ «អ្វីដែលធ្វើបណ្ណក្រីក្រហ្នឹង ពេលខ្លះក៏ធ្វើអត់ស្មើភាពគ្នាដែរ។ បណ្ណក្រីក្រអ្នកខ្លះ គាត់ [រដ្ឋាភិបាល] ត្រូវទទួលយកការពិត ពេលធ្វើបណ្ណក្រីក្រខ្លះ ពេលខ្លះអ្នកខ្លះមាន [ជីវភាពធូរធារ] ហើយនៅតែមានបណ្ណក្រីក្រ អ្នកខ្លះក៏ក្រមែន។ ហើយការធ្វើបណ្ណក្រីក្រហ្នឹងទៀត មានការរើសអើងក្រុម ឬក៏បក្ខពួកទៀតអ៊ីចឹងទៅ។ ហើយបើផ្ដោតលើកាកបាទក្រហម កាកបាទក្រហមទទួលស្គាល់ថាចែកសប្បុរសធម៌ទូទៅសម្រាប់ប្រទេស ប៉ុន្តែការចែកហ្នឹងទៀតនៅតែមានការរើសអើង នៅតែជំនួយមានបក្ខពួក នៅតែក្រុមដដែល អត់ទូលំទូលាយទៀត»។

អ្នកស្រី អឿង សារី យល់ថា៖ «សម្រាប់ខ្ញុំក៏នៅតែអត់ទទួលយកបានថា បើគិតថាកាកបាទក្រហម ហើយនិងមានបណ្ណក្រីក្រ! ចុះបើអត់ យើងអត់ដដែល។ ហើយឥលូវយើងមើលជាក់ស្ដែង តើអ្នកដែលគាត់រងគ្រោះដែលដល់ថ្នាក់ក្រលក់ដី ឈឺលក់ដី ដែលប៉ះពាល់រងនូវបញ្ហាអស់ហ្នឹង គឺច្រើនមែនទែន។ ហើយយើងផ្ដោតតែលើបណ្ណក្រីក្រ ផ្ដោតទៅលើកាកបាទក្រហម អត់អាចទប់ឈ្នះទេកន្លែងចំណុចហ្នឹង»។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ឱ្យដឹងបន្ថែមថា ការដែលកសិករទទួលបានសេវាគាំពារសង្គម រួមទាំងការព្យាបាលមិនគិតថ្លៃពីស្ថាប័នរដ្ឋ ដូចអ្នកមានបណ្ណក្រីក្រមួយចំនួននោះ វានឹងកាត់បន្ថយការជាប់បំណុល ការលក់ដីស្រែចម្ការ និងផ្ទះសម្បែង ដោយសារតែចំណាយទៅលើការព្យាបាលជំងឺ។

លោកថា៖ «អ៊ីចឹងពួកគាត់ត្រូវការលក់ដី លក់ស្រែ លក់ចម្ការ ទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់គាត់ហ្នឹង ដើម្បីព្យាបាលសុខភាព ឬក៏បង់តម្លៃសេវានៅពេលដែលគាត់មានជំងឺ»។

លោកបន្ថែមថា មនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នាក្នុងការទទួលបាននូវសេវាគាំពារសង្គមពីរដ្ឋ។ ដូច្នេះ បើរដ្ឋាភិបាលមិនផ្ដល់ការគាំពារនេះដល់ពលរដ្ឋជាកសិករ នោះមានន័យថា រដ្ឋាភិបាលមិនបានបំពេញកាតព្វកិច្ច គ្មានទំនួលខុសត្រូវ និងគ្មានតម្លាភាពចំពោះពួកគាត់។

លោកថា៖ «យើងនឹងនៅតែបន្តធ្វើយុទ្ធនាការ ដើម្បីធ្វើយ៉ាងណាជំរុញឱ្យរដ្ឋាភិបាលផ្ដល់ការគាំពារសង្គមដល់កសិករខ្នាតតូច ដោយសារវាជាកាតព្វកិច្ចរបស់រដ្ឋក្នុងការលើកកម្ពស់សេដ្ឋកិច្ច ផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ដើម្បីផ្ដល់នូវតម្លាភាពនៃការធ្វើគោលនយោបាយ។ មិនគួរបោះបង់វិស័យណាមួយរបស់ពលរដ្ឋចោលនោះឡើយ»។

ក្រសួងផែនការបានលើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ថា​វិបត្តិ​​កូវីដ-​១៩ ធ្វើឱ្យ​អត្រា​ភាព​ក្រី​ក្របាន​កើន​ឡើង​ដល់​ប្រមាណ​១៨%។ ​

តែយ៉ាងណា របាយការណ៍បូកសរុបប្រចាំឆ្នាំ២០២១ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្ហាញថា ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋាភិបាលផ្ដល់ការអន្តរាគមន៍ក្នុងការអនុវត្តកម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ជូនជនក្រីក្រ និងងាយរងគ្រោះ» ក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចំនួនជាង ៦សែនគ្រួសារ (៦៧៣​ ៤៨៧) ដែលបានចំណាយជាទឹកប្រាក់ចំនួន១​ ៧៦៣ ២៤៧ ០៤៦ ០០០រៀល ឬស្មើជាង៤០០លានដុល្លារសហរដ្ឋអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ