ពលរដ្ឋ៦នាក់ជាសមាជិកសហគមន៍ត្រូវបានតុលាការកោះហៅលើកទី២ឱ្យឆ្លើយបំភ្លឺ ក្រោយពីពួកគេនាំគ្នាតវ៉ាប្រឆាំងក្រុមទាហានមិនឱ្យធ្វើសកម្មភាពឈូសឆាយនិងកាប់បំផ្លាញព្រៃសហគមន៍មួយកន្លែង ស្ថិតក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
កាលពីខែមករា ឆ្នាំ២០២២ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក ទិន សុចិត្រា បានចេញដីកាកោះហៅសមាជិកសហគមន៍ចំនួន៦នាក់ នៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ឱ្យចូលបំភ្លឺនៅថ្ងៃទី២៧ ខែមករា ក្រោមបទចោទដូចៗគ្នា រួមមាន «ធ្វើឱ្យខូចខាតដោយចេតនា គំរាមកំហែង ជេរប្រមាថជាសាធារណៈ និងញុះញង់បង្កអសន្តិសុខធ្វើឱ្យប៉ះពាល់ដល់សង្គម» ទៅតាមបណ្ដឹងរបស់បុគ្គលឈ្មោះ ប៉ែន សារិទ្ធ ដែលអ្នកភូមិអះអាងថាជាមន្ត្រីទាហាន ប៉ុន្តែត្រូវពលរដ្ឋទាំង៦នាក់នេះដាក់សុំពន្យារពេលចូលបំភ្លឺ។
នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក ទិន សុចិត្រា បានចេញដីកាកោះហៅជាលើកទី២ ឱ្យសមាជិកសហគមន៍៦នាក់នោះចូលភ្លឺជាថ្មីទៀតនៅថ្ងៃទី២៣ ខែកុម្ភៈនេះ ដោយពលរដ្ឋទាំងនោះរួមមាន លោក ឡោ សុលី, លោក ឈួន ខឿន, លោក ខន សារិទ្ធ, លោក ឈន ធា, លោក សយ សាត និងលោក សឹង សុខុម។
សមាជិកសហគមន៍ម្នាក់ដែលត្រូវតុលាការកោះហៅ លោក ខន សារិទ្ធ ប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា ការកោះហៅលើកទី២នេះ ពួកគាត់ទាំង៦នាក់នឹងចូលទៅបំភ្លឺតាមការកោះរបស់តុលាការ។ លោកថា ករណីតុលាការកោះហៅនេះ ធ្វើឡើងក្រោយពីពួកគាត់សកម្មក្នុងការតវ៉ាប្រឆាំងក្រុមទាហានមិនឱ្យកាប់បំផ្លាញនិងឈូសឆាយដីព្រៃសហគមន៍ «ឧត្ដមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» កន្លងមក។
សមាជិកសហគមន៍រូបនេះអះអាងថា សហគមន៍មួយនេះបានរងការកាប់បំផ្លាញពីសំណាក់ក្រុមទាហានជារៀងរាល់ថ្ងៃ ហើយថា កាលពីម្សិលមិញនេះ ក្រុមទាហានទាំងនោះបានគំរាមកាប់ និងដកហូតទូរសព្ទរបស់ប្រជាពលរដ្ឋអស់២គ្រឿងថែមទៀត ខណៈពួកគាត់ចុះទប់ស្កាត់មិនឱ្យទាហានបន្តការបំផ្លាញព្រៃសហគមន៍នោះ។
លោកបន្ថែមថា៖ «ខ្ញុំបារម្ភណាស់ បារម្ភពីសុវត្ថិភាព បារម្ភពីការបាត់បង់ព្រៃឈើ ប្រសិនបើពលរដ្ឋនៅតែបន្តរងការគំរាមកំហែងបែបនេះ ធ្វើឱ្យពួកគាត់ភ័យខ្លាច។ មនុស្សចូលរួមការពារព្រៃឈើកាន់តែតិចទៅៗ ដូចជាពួកខ្ញុំអី ទៅមុខទៀតមិនដឹងជាយ៉ាងម៉េចទេ។ យើងមើលអ្នកការពារព្រៃឈើតែងតែរងគ្រោះរហូត។ អ៊ីចឹងយើងចេះតែបារម្ភពីសុវត្ថិភាព»។
សមាជិកសហគមន៍ និងជាអ្នកជាប់បណ្ដឹងម្នាក់ទៀត លោក ឈន ធា ចាត់ទុកករណីតុលាការកោះហៅនេះថា ជាការគំរាមកំហែងបំបាក់ស្មារតីមិនឱ្យប្រជាសហគមន៍ហ៊ានចេញតវ៉ាប្រឆាំងការឈូសឆាយដីព្រៃសហគមន៍ពីសំណាក់ទាហានបន្តទៀត។ លើសពីនេះ លោកថា ជារឿងអយុត្តិធម៌មួយ ដោយសារអ្នកកាប់បំផ្លាញព្រៃឈើមិនត្រូវបានចោទប្រកាន់និងចាត់វិធានការ បែរជាមកចាត់វិធានការលើអ្នកការពារព្រៃឈើទៅវិញ។
លោកបន្ថែមថា៖ «ចំពោះខ្ញុំនៅតែការពារព្រៃឈើសហគមន៍ហ្នឹងរហូត ប្រសិនបើគេអត់ឃុំខ្លួន ប៉ុន្តែបើគេឃុំ គិតតាមហ្នឹងទៀត។ រឿងបារម្ភចេះតែបារម្ភហើយ ប៉ុន្តែឆន្ទៈការពារនៅតែការពារ»។
វីអូឌី មិនអាចរកការឆ្លើយតបពីដើមបណ្ដឹង ឈ្មោះ ប៉ែន សារិទ្ធ ដែលក្រុមពលរដ្ឋអះអាងថាជាមន្ត្រីទាហានបានទេ នៅថ្ងៃចន្ទនេះ ខណៈអភិបាលស្រុកឱរ៉ាល់ លោក មួង ធី សុំមិនឆ្លើយពាក់ព័ន្ធករណីនេះឡើយ។
កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ប្រធានមន្ទីរបរិស្ថាន លោក ឱម ម៉ាក់ធារី ប្រាប់វីអូឌីថា អាជ្ញាធរប្ដឹងពលរដ្ឋទាំងនោះទៅតុលាការដោយសារតែពួកគេបង្កការរំខានដល់ការអនុវត្តការងាររបស់អាជ្ញាធរនិងទាហានក្នុងការឈូសឆាយដីព្រៃ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនិងពលរដ្ឋ៤១គ្រួសារ ដែលរដ្ឋាភិបាលបានសម្រេចផ្ដល់ឱ្យរួចទៅហើយ។
ប្រធានមន្ទីរបរិស្ថានរូបនេះអះអាងថា ដីព្រៃដែលរដ្ឋាភិបាលកាត់ទៅឱ្យគ្រួសារកងទ័ពនោះមិនស្ថិតក្នុងដែនព្រៃសហគមន៍ «ឧត្ដមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» នោះទេ។
កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកាត់ដីទំហំជាង២៦០ហិកតា (២៦២,២៤ហិកតា) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋចំនួន៤១គ្រួសារ សម្រាប់ធ្វើលំនៅឋាន និងបង្កបង្កើនផល។
មន្ត្រីសម្របសម្រួលសហគមន៍នៅសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាប្រចាំខេត្តកោះកុង និងកំពង់ស្ពឺ លោក ញ៉ិល ភាព បានបង្ហាញការសោកស្ដាយចំពោះតុលាការដែលកោះហៅសមាជិកសហគមន៍ឱ្យចូលបំភ្លឺ ដោយសារតែពួកគេធ្វើសកម្មភាពការពារព្រៃឈើឬដីព្រៃសហគមន៍របស់ពួកគេនេះ។
លោក ញ៉ិល ភាព លើកឡើងថា ជម្លោះដីព្រៃសហគមន៍រវាងពលរដ្ឋនិងក្រុមទាហាននេះ កើតឡើងដោយសារអាជ្ញាធរថ្នាក់ក្រោមគប់គិតគ្នា និងការកាត់ដីឱ្យក្រុមទាហាននោះមិនបានចុះស្រាវជ្រាវដល់កន្លែងជាក់ស្ដែងនោះទេ ទើបបណ្ដាលឱ្យប៉ះពាល់ដល់ដីព្រៃសហគមន៍បែបនេះ។
លោកថា ប្រសិនបើរដ្ឋាភិបាលមិនចុះស្រាវជ្រាវឱ្យបានច្បាស់លាស់ទេ ព្រៃសហគមន៍ដែលមានសក្ដានុពល ជាពិសេសព្រៃឈើនិងជីវចម្រុះនេះនឹងវិនាសហិនហោចមិនខាន។
លោកបន្ថែមថា៖ «ប៉ុន្តែអនុក្រឹត្យហ្នឹងបានចុះស្រាវជ្រាវអំពីទីកន្លែងជាក់ស្ដែងអត់? ថាកន្លែងហ្នឹងជាតំបន់ស័ក្តិសមក្នុងការកាត់ដីហ្នឹងទៅឱ្យក្រុមទាហានអត់? ឬវាខ្វះដីខ្លាំងឬយ៉ាងម៉េច? បានជាទៅកាត់តំបន់ដែលសក្ដានុពល ជាពិសេសព្រៃឈើនិងជីវចម្រុះគ្រប់ប្រភេទដែលប្រជាពលរដ្ឋបានអាស្រ័យផលឬប្រើប្រាស់រាល់ថ្ងៃ និងជាកន្លែងទេសចរណ៍ផងដែរនោះ»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា កន្លងមក អាជ្ញាធរតែងតែប្រើប្រាស់ប្រព័ន្ធតុលាការគំរាមកំហែងលើសកម្មជនបរិស្ថាននិងសកម្មជនសង្គមផ្សេងទៀត កុំឱ្យពួកគេហ៊ានធ្វើសកម្មភាពការពារផលប្រយោជន៍សាធារណៈ។ លោកចាត់ទុកការធ្វើបែបនេះថាជាទង្វើខុសច្បាស់និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
អ្នកភូមិអះអាងថា កាលពីដើមឡើយ សហគមន៍ «ឧត្ដមស្រែខ្ពស់» មានផ្ទៃដីព្រៃទំហំជាង២ ០០០ហិកតា ប៉ុន្តែក្រោយមក មានក្រុមហ៊ុនឯកជន និងក្រុមទាហានបានចូលទៅរំលោភយកជាបន្តបន្ទាប់ ដោយបច្ចុប្បន្ន សហគមន៍នេះសល់ដីទំហំជិត១ពាន់ហិកតា (៨៨៧) ប៉ុណ្ណោះ៕












