ពលរដ្ឋជាច្រើននាក់មកពី២សហគមន៍ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្តកោះកុងនៅព្រឹកថ្ងៃអង្គារនេះ ខណៈតុលាការបានកោះហៅតំណាងពួកគេម្នាក់ឱ្យចូលឆ្លើយបំភ្លឺនៅថ្ងៃនេះ ពាក់ព័ន្ធជម្លោះដីធ្លីជាមួយលោកឧកញ៉ា ហេង ហ៊ុយ។
កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុង លោក ឃុន ភឿន បានកោះហៅតំណាងពលរដ្ឋ១៩៧គ្រួសារ អ្នកស្រី ដេត ហ៊ួរ ឱ្យចូលបំភ្លឺចំពោះមុខតុលាការនៅថ្ងៃទី១៥ ខែកុម្ភៈនេះ ក្រោមបទចោទ «បរិហារបង្កាច់កេរ្តិ៍ និងបរិហារជាសាធារណៈ» ទៅតាមបណ្ដឹងរបស់ឧកញ៉ា ហេង ហ៊ុយ និងជាមន្ត្រីនគរបាលជាន់ខ្ពស់នៅខេត្តកោះកុង។
បើតាមដីកាដដែលនេះ គឺលោក ហេង ហ៊ុយ បានប្ដឹងអ្នកស្រី ដេត ហ៊ួរ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ជាករណីថ្មីមួយទៀត បន្ទាប់ពីបណ្ដឹងចាស់។
អ្នកស្រី អិប តឹង នៅឃុំជីខលើ ស្រុកស្រែអំបិល ដែលប្រមូលផ្ដុំនៅមុខសាលាដំបូងខេត្តកោះកុងថ្ងៃនេះ បានប្រាប់វីអូឌីថា ពលរដ្ឋជិត២០០នាក់ មកឃុំជីខលើ និងឃុំដងពែង ស្រុកស្រែអំបិល បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្តកោះកុងនៅព្រឹកនេះ ដើម្បីគាំទ្រតំណាងពលរដ្ឋ អ្នកស្រី ដេត ហួរ ដែលត្រូវចូលបំភ្លឺនៅថ្ងៃនេះ។
ពលរដ្ឋរូបនេះលើកឡើងថា អ្នកស្រី និងពលរដ្ឋផ្សេងទៀតមកគាំទ្រអ្នកស្រី ដេត ហួរ ដោយសារតំណាងរូបនេះមិនមានកំហុសដូចការចោទប្រកាន់ឡើយ។ អ្នកស្រីថា ពួកគាត់១៩៧គ្រួសារត្រូវបានក្រុមហ៊ុនរបស់លោកឧកញ៉ា ហេង ហ៊ុយ រំលោភយកអស់តាំងពីឆ្នាំ២០០៧ ហើយឧកញ៉ារូបនេះ បានប្ដឹងតំណាងពលរដ្ឋប្រមាណ១០នាក់ទៅតុលាការយ៉ាងអយុត្តិធម៌ទៀតផង ក្នុងនោះក៏មានរូបអ្នកស្រីផងដែរ។
អ្នកស្រីបន្ថែមថា៖ «អ្វីដែលអ្នកស្រី ដេត ហួរ លើកឡើង វាជាការពិត! លោក ហេង ហ៊ុយ បានរំលោភដីពួកខ្ញុំពិតមែន។ ខ្ញុំក៏បានលើកឡើងដូចអ្នកស្រី ដេត ហួរ ដែរ ថាលោក ហេង ហ៊ុយ បានរំលោភយកដីខ្ញុំ។ លោក ហេង ហ៊ុយ មានលុយមានអំណាច ក៏បានប្ដឹងខ្ញុំទៅតុលាការយ៉ាងអយុត្តិធម៌ដែរ»។
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ តុលាការខេត្តកោះកុងបានបើកសវនាការលើសំណុំរឿងតំណាងពលរដ្ឋ៩នាក់ នៅសហគមន៍១៩៧គ្រួសារ រួមមាន អ្នកស្រី អិប តឹង, អ្នកស្រី ដេត ហួរ, អ្នកស្រី កើត នៅ, អ្នកស្រី អ៊ិន ធូ, លោក គង់ មែន និងតំណាងពលរដ្ឋផ្សេងទៀត ដើម្បីឆ្លើយបំភ្លឺក្រោមបទចោទ «បរិហារកេរ្តិ៍ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ទៅតាមបណ្ដឹងរបស់លោក ហេង ហ៊ុយ ប្រធានក្រុមហ៊ុន «ហេង ហ៊ុយ អភិវឌ្ឍន៍» ក្រោយពលរដ្ឋទាំងនោះចោទលោក ហេង ហ៊ុយ ថាបានរំលោភយកដីធ្លីរបស់ពួកគេ។
ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៩មក ពលរដ្ឋចំនួន១៩៧គ្រួសារ មកពីឃុំជីខលើ និងជីខក្រោម បានឡើងមកតវ៉ានៅរាជធានីភ្នំពេញជាបន្តបន្ទាប់ ដើម្បីរកអន្តរាគមន៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ ដោយចោទថា ក្រុមហ៊ុន ហេង ហ៊ុយ បានរំលោភយកដីធ្លីពួកគាត់តាំងពីឆ្នាំ២០០៧។ ប៉ុន្តែត្រូវបានក្រសួងរៀបចំដែនដី បដិសេធដោះស្រាយឱ្យពលរដ្ឋទាំងនោះជាបន្តបន្ទាប់ និងស្នើទៅអាជ្ញាធរពាក់ព័ន្ធឱ្យចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកដែលក្រសួងថាបានញុះញង់ឱ្យពលរដ្ឋ១៩៧គ្រួសារនោះឡើងមកតវ៉ាទៀតផង៕