កងទ័ពជើងទឹកចោទប្រកាន់លោកឧកញ៉ា តែ តាំងប៉ ថាបានគប់គិតគ្នាលួចធ្វើបណ្ណកម្មសិទ្ធិរំលោភយកដីគ្រួសារកងទ័ពជាង១០០ហិកតា ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
កាលពីថ្ងៃទី១៤ ខែកុម្ភៈនេះ គណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ បានចេញលិខិតបំភ្លឺមួយទៅលោកឧកញ៉ា តែ តាំងប៉ ដោយអះអាងថា ដីទំហំ១ ២០០ហិកតា ស្ថិតនៅភូមិអុង ឃុំរាម ជាដីស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិ ដែលបានប្រគល់ឱ្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រគ្រប់គ្រងទុកសម្រាប់សាងសង់ជុំរុំជម្រកទ័ព ធ្វើការអភិវឌ្ឍ និងទុកចែកជូនគ្រួសារកងទ័ព ប៉ុន្តែត្រូវបានលោកឧកញ៉ា តែ តាំងប៉ គប់គិតគ្នាលួចធ្វើបណ្ណកម្មសិទ្ធិលើដីទំហំ១២០ហិកតាដោយខុសច្បាប់តាំងពីឆ្នាំ១៩៩៧។
សេចក្ដីបំភ្លឺនេះបន្តថា លោក តែ តាំងប៉ បានលួចធ្វើបណ្ណកម្មសិទ្ធិស្ងាត់ៗ ដោយពុំមានការដឹងឮពីកងទ័ពជើងទឹក និងក្រសួងការពារជាតិឡើយ ហើយថ្ងៃខែឆ្នាំនៃការចុះអង្កេតដី និងការចេញបណ្ណកម្មសិទ្ធិនោះទៀត ក៏មានភាពមិនប្រក្រតីជាច្រើន។
គណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ បន្ថែមថា រាល់ការទិញលក់ដីចំនួន១០៣ហិកតា និង១៧ហិកតា ក្នុងតំបន់នោះរបស់លោក តែ តាំងប៉ គឺគ្មានបុគ្គលឬនាយទាហានរូបណាមួយមានសិទ្ធិអំណាចលក់ទិញបានឡើយ។
សេចក្ដីបំភ្លឺដដែលបញ្ជាក់ទៀតថា ករណីលោក តែ តាំងប៉ ចោទប្រកាន់ទៅលើមេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជការមូលដ្ឋានសមុទ្រ លោក អ៊ុក សីហា ថាបានឯកភាពដឹងឮលើការទិញលក់ដី១០៣ហិកតា និង១៧ហិកតា ដោយទទួលប្រាក់មួយចំនួននោះ ជារឿងមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់ ព្រមទាំងមានបំណងបង្កាច់បង្ខូចកិត្តិយសនិងកេរ្តិ៍ឈ្មោះលោកមេបញ្ជាការមូលដ្ឋានសមុទ្រ ក៏ដូចជាកងទ័ពជើងទឹកទាំងមូល។
បើតាមសេចក្ដីបំភ្លឺនេះ ចាប់តាំងពីលោក តែ តាំងប៉ បានមកគប់គិតគ្នាទិញលក់និងធ្វើបណ្ណកម្មសិទ្ធិលើដីកំពុងមានជម្លោះនោះមក គឺតែងតែបានបង្កទំនាស់ដោយប្ដឹងទ័ពទៅតុលាការ ផ្សព្វផ្សាយព័ត៌មានមិនពិតផ្សេងៗ និងបង្កើតបញ្ហាជាច្រើនមិនចេះចប់មិនចេះហើយ ដូចជា ការបិទផ្លូវសាធារណៈ និងបង្ខំឱ្យអាជ្ញាធរមូលដ្ឋានជួយក្លែងឯកសារស្ដីពីកសាងឬជួសជុលផ្សេងៗជាដើម។
លិខិតបន្ថែមថា៖ «ទិដ្ឋភាព និងសកម្មភាពយ៉ាងគឃ្លើនក្នុងចេតនាទុច្ចរិតបែបនេះ គណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ សូមព្រមានដល់បុគ្គលទាំងឡាយណាដែលបានមកគប់គិតរំលោភបំពានទិញលក់ លួចធ្វើបណ្ណកម្មសិទ្ធិលើដីតំបន់នេះ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ និងត្រូវប្រគល់ដីឱ្យមករដ្ឋ ឬក្រសួងការពារជាតិវិញ»។
គណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ បានទាមទារឱ្យលោកឧកញ៉ា តែ តាំងប៉ ប្រគល់ដី១២០ហិកតា ជូនរដ្ឋឬក្រសួងការពារជាតិវិញ ហើយបានព្រមានចាត់វិធានការចំពោះបុគ្គលទាំងឡាយណាបានគប់គិតគ្នាទិញលក់និងចេញបណ្ណកម្មសិទ្ធិដីធ្លីនៅតំបន់នោះផងដែរ។
ប្រធានគណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ លោកឧត្ដដនាវីទោ ម៉ី ឌីណា បន្ថែមលើសេចក្ដីបំភ្លឺនេះថា ករណីនេះ កងទ័ពនឹងប្ដឹងទៅថ្នាក់លើបន្តទៀត ក្រោយចាញ់ក្ដីនៅតុលាការកំពូល។
លោកបន្ថែមថា៖ «ព្រោះអីយើងជាកងកម្លាំងប្ដឹងទៅតុលាការ វាមិនមានប្រសិទ្ធភាពសោះ ដោយសារគាត់មិនបានចាត់ការទៅតាមអ្វីដែលយើងប្ដឹងទេ ព្រោះកម្រិតជីវភាពរបស់កងទ័ពមានលុយណាយកទៅឱ្យគេដូចលោកឧកញ៉ា តែ តាំងប៉ ហ្នឹង! គាត់មានលុយ គាត់យកលុយទៅទិញទឹកចិត្តគេបានទាំងអស់ហ្នឹង។ ហើយរឿងនេះអយុត្តិធម៌សម្រាប់ពួកខ្ញុំណាស់ អ៊ីចឹងយើងនឹងបន្តទៅថ្នាក់ដឹកនាំកំពូលហើយ»។
លោកឧកញ៉ា តែ តាំងប៉ និងប្រធានសមាគមសហគ្រាសខ្នាតតូច និងមធ្យម សុំមិនឆ្លើយតបពាក់ព័ន្ធករណីនេះទេ។ ប៉ុន្តែបើយោងតាមលិខិតបំភ្លឺរបស់លោកកាលពីថ្ងៃទី១១ ខែកុម្ភៈ ឱ្យដឹងថា កាលពីឆ្នាំ១៩៩៧ លោកបានទិញដី១០៣ហិកតាពីលោក ងួន យោង ដែលកាលនោះជាមេបញ្ជាការរងអង្គភាពមូលដ្ឋានកងទ័ពជើងទឹករាម និងមានការឯកភាពពីមេបញ្ជាការអង្គភាពកងទ័ពជើងទឹករាម លោក អ៊ុក សីហា និងបានចុះបញ្ជីនៅសុរិយោដីខេត្តត្រឹមត្រូវស្របច្បាប់ទៀតផង។
ចំណែកនៅឆ្នាំ២០០៧ លោកបានទិញដី១៧ហិកតាបន្ថែមទៀតពីអង្គភាពមូលដ្ឋានកងទ័ពជើងទឹករាម និងបានស្នើសុំធ្វើបណ្ណកម្មសិទ្ធិដោយមានការបញ្ជាក់ពីឈ្មោះ ហ៊ីង ពុធដារ៉ា ជាតំណាងមេបញ្ជាការដ្ឋានកងទ័ពជើងទឹកនៅឆ្នាំដដែលនេះផងដែរ។
លិខិតបំភ្លឺដដែលនេះបន្តថា ក្រោយទិញរួច បុគ្គលឈ្មោះ ដាញ់ ផល្លី និងស្វាមីឈ្មោះ អ៊ុក សីហា បានបញ្ជាកម្លាំងទាហានឱ្យធ្វើសកម្មភាពឈូសឆាយលើដីនោះវិញជាបន្តបន្ទាប់ និងបានប្ដឹងលោក តែ តាំងប៉ ទៅតុលាការថែមទៀត ប៉ុន្តែត្រូវតុលាការថ្នាក់ទាបរហូតដល់តុលាការកំពូល សម្រេចឱ្យលោក តែ តាំងប៉ ឈ្នះក្ដីរហូត។
លិខិតបំភ្លឺនេះបន្ថែមថា បើទោះបីជាតុលាការគ្រប់ជាន់ថ្នាក់កាត់ឱ្យលោក តែ តាំងប៉ ឈ្នះក៏ដោយ ប៉ុន្តែអ្នកស្រី ដាញ់ ផល្លី ដែលជាប្រពន្ធលោក អ៊ុក សីហា មិនព្រមអនុវត្តតាមសេចក្ដីសម្រេចរបស់តុលាការឡើយ ហើយបានបញ្ជាឱ្យមន្ត្រីក្រោមឱវាទទៅឈូសឆាយនៅលើដីរបស់លោក តែ តាំងប៉ ចំនួន៤បណ្ណថែមទៀត ដោយអះអាងថា ជាដីរបស់ខ្លួន។
មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា តាមនីតិវិធី កាលណាតុលាការកំពូលចេញសេចក្ដីសម្រេចហើយ គឺជាការសម្រេចចុងក្រោយ ហើយភាគីជម្លោះដែលចាញ់ក្ដី និងមិនពេញចិត្តចំពោះសេចក្ដីសម្រេចនេះ អាចប្ដឹងទៅក្រុមប្រឹក្សានៃអង្គចៅក្រម ឬក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ដើម្បីសុំការបកស្រាយច្បាប់ឱ្យបានត្រឹមត្រូវ។
មន្ត្រីសិទ្ធិមនុស្សរូបនេះមើលឃើញថា ការចេញបណ្ណកម្មសិទ្ធិនាពេលកន្លងមកមានភាពមិនប្រក្រតីជាច្រើន ដោយសារការគប់គិតគ្នា និងការប្រព្រឹត្តអំពើពុករលួយ ដោយភាគច្រើនពីសំណាក់អ្នកមានលុយមានអំណាច ដែលតែងតែមានបណ្ណកម្មសិទ្ធិជាន់លើដីពលរដ្ឋ ដែលបញ្ហានេះបានបង្កឱ្យពលរដ្ឋក្រីក្រជួបបញ្ហាជាខ្លាំង។
លោកបន្ថែមថា៖ «បើវាមានសេចក្ដីសម្រេចពីតុលាការកំពូលហើយ អាហ្នឹងវាជាការសម្រេចចុងក្រោយនៃសំណុំរឿងហ្នឹង អ៊ីចឹងមានតែប្ដឹងទៅអង្គចៅក្រម ឬក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ដើម្បីសុំការបកស្រាយច្បាប់ហ្នឹងទេ។ បើថាទៅអន្តរាគមន៍ពីខាងរដ្ឋាភិបាលឱ្យដោះស្រាយវិញ វាដូចជាចម្លែកពីព្រោះនៅស្រុកយើង នីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការហ្នឹង គឺចែកដាច់ៗពីគ្នា»៕