គ្រូបង្រៀន​ម្នាក់​គេច​ខ្លួន​ជាង​មួយ​ឆ្នាំ ដោយសារ​ការ​រិះគន់​ស្ដូបមិត្តភាព​កម្ពុជា​វៀតណាម

លោក យួង សូដា ជាអតីតគ្រូបង្រៀនម្នាក់នៅខេត្តប៉ៃលិន។ (ហ្វេសប៊ុក៖ យួង សូដា/Yuong Soda)

លោកគ្រូ យួង សូដា អាយុ២៥ឆ្នាំ និយាយថា លោកបានឃ្លាតឆ្ងាយពីគ្រួសារ មិត្តភក្តិ សាច់ញាតិ និងសិស្សរបស់លោកជាងមួយឆ្នាំហើយ។ លោកព្យាយាមសរសេរសៀវភៅតាមដែលគាត់អាចធ្វើបាន ទោះបីជាគាត់មិនទទួលបានកម្រៃក៏ដោយ។ 

លោកបាននិយាយថា លោកពឹងផ្អែកលើ”មនុស្សល្អ” ហើយលោកកំពុងរស់នៅក្នុងស្ថានភាពលំបាក។

លោក សូដា កំពុងលាក់ខ្លួនពីវិធានការច្បាប់ដែលបានកាត់ទោសលោកឱ្យជាប់ពន្ធនាគារ១ឆ្នាំពីបទ «ញុះញង់» បន្ទាប់ពីបានសរសេរសារបង្ហោះរិះគន់ការសាងសង់ស្តូបមិត្តភាពកម្ពុជា-រៀតណាមនៅក្នុងខេត្តប៉ៃលិន កាលពីចុងឆ្នាំ២០២០ ថាស្តូបមិត្តភាពកម្ពុជាវៀតណាមនៅខេត្តប៉ៃលិន គឺជាសញ្ញាគំរាមកំហែងដល់អធិបតេយ្យភាពរបស់កម្ពុជា ហើយថា ប្រទេសនេះនឹងលើកទង់ជាតិពីរក្នុងពេលឆាប់ៗនេះ។

លោកបដិសេធមិនព្រមផ្ដល់ព័ត៌មានលម្អិតច្រើនអំពីជីវិតផ្ទាល់ខ្លួនដែលកំពុងរត់គេចខ្លួននោះទេ ប៉ុន្តែខណៈដែលតុលាការកំពូលកាលពីថ្ងៃចន្ទបើកសវនាការលើបណ្ដឹងឧទ្ធរណ៍របស់លោកទៅនឹងការផ្ដន្ទាទោសជាប់ពន្ធនាគារ។ លោកបាននិយាយថា លោកជឿថាប្រជាពលរដ្ឋត្រូវតែហ៊ាននិយាយការពិតអំពីការដាក់អាណានិគមថ្មីនៅកម្ពុជា។

សារលើបណ្ដាញសង្គមរបស់លោក សូដា កាលពីឆ្នាំ២០២០ បានបញ្ជាក់អំពីការសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម ក្នុងខេត្តប៉ៃលិន ដោយនិយាយរិះគន់ថា៖ «ឥលូវយើងមានស្តូបសឹងគ្រប់ខេត្តហើយ អ៊ីចឹងសង្ឃឹមថា ថ្ងៃខាងមុខយើងនឹងមានទង់ជាតិពីរបង្ហូតក្នុងពេលតែមួយដូចឡាវ។ អរគុណមហាមិត្ត!»

លោកត្រូវបានចោទប្រកាន់និងកាត់ទោសនៅសាលាដំបូងខេត្តប៉ៃលិន កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ពីបទញុះញង់ និងផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ។ សាលាឧទ្ធរណ៍ខេត្តបាត់ដំបងបានតម្កល់សាលក្រមកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំមុន ទុកជាបានការដដែល។

អំឡុងពេលសវនាការនៅតុលាការកំពូលកាលពីថ្ងៃចន្ទ មេធាវីការពារក្ដី លោក ឈឹម ច័ន្ទសត្យានន្ទ បានអះអាងថា លោក សូដា គ្រាន់តែបញ្ចេញមតិក្នុងនាមជាពលរដ្ឋម្នាក់ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ។

លោក ច័ន្ទសត្យានន្ទ បាននិយាយថា កូនក្ដីរបស់លោកគ្រាន់តែជាគ្រូបង្រៀនធម្មតាម្នាក់ មិនមានឥទ្ធិពលអ្វីបង្កភាពវឹកវរក្នុងសង្គមទេ។

លោកមេធាវីរូបនេះបានមានប្រសាសន៍ថា៖ «ចាប់តាំងពីការបង្ហោះនៅឆ្នាំ២០២០ រហូតមកដល់ពេលនេះ គ្មានបាតុភាពណាមួយកើតចេញពីការបង្ហោះតាមហ្វេសប៊ុកនោះទេ»

លោក អ៊ុក គឹមសិទ្ធិ ព្រះរាជអាជ្ញាអមតុលាការកំពូល បានកត់សម្គាល់ថា សូដា បានសរសេរនៅលើហ្វេសប៊ុកថា លោកសុខចិត្តធ្វើស្រែចម្ការជាជាងបម្រើ “ជនក្បត់ជាតិ”។ 

លោក គឹមសិទ្ធិ សួរថា៖ «តើនរណាជាជនក្បត់ជាតិ?»

តំណាងអយ្យការបាននិយាយថា៖ «ទាំងអស់នេះគឺជាភស្តុតាងជាក់ស្ដែងនៃការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។

តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី២១ ខែកុម្ភៈ។

លោក សូដា បានបន្តបង្ហោះសារតាមហ្វេសប៊ុកអំឡុងពេលលោកលាក់ខ្លួន ដែលភាគច្រើនមានលក្ខណៈជាតិនិយម។

មេដឹកនាំខ្មែរក្រហមពីររូបត្រូវបានកាត់ទោសពីបទ«ប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម» ខណៈរបបដែលគាំទ្រដោយវៀតណាមបានគ្រប់គ្រងប្រទេសកាលពីទសវត្សរ៍ឆ្នាំ១៩៨០ ជាអ្វីដែលអ្នកជាតិនិយមជាច្រើនឥលូវនេះបង្ហាញថា ជាហេតុផលមួយនៃដើមចមនៃការភ័យខ្លាចរបស់ពួកគេ។ 

នាពេលថ្មីៗនេះ ទស្សនៈនេះបាននាំឱ្យមានអំពើហិង្សាលើជនជាតិភាគតិចវៀតណាមនៅកម្ពុជា រួមទាំងពេលដែលមនុស្សដែលបញ្ឆេះកំហឹងដោយក្រុមប្រឆាំងបានសម្លាប់ប្រជាជនវៀតណាមមួយចំនួននៅចុងទសវត្សរ៍ឆ្នាំ១៩៩០។

លោក សូដា បាននិយាយថា ការអត្ថាធិប្បាយរបស់លោកទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរ ហើយវាហាក់ដូចជា “អាណានិគមថ្មីនៅកម្ពុជា”

លោកបាននិយាយថា៖ «វាជាក្ដីបារម្ភដែលយើងត្រូវនាំគ្នាហ៊ាននិយាយ និងហ៊ានសម្ដែងមតិ។ ទឹកដីនេះជាទឹកដីខ្មែរ ហេតុអ្វីយើងមិនអាចនិយាយពីក្ដីបារម្ភចំពោះជាតិយើង?» 

លោក សូដា បាននិយាយថា លោកចង់ឱ្យតុលាការផ្ដល់យុត្តិធម៌ ដោយនិយាយថា ការផ្ដន្ទាទោសលើរូបលោកគឺមិនសមហេតុផល និងខុសច្បាប់។  លោកបាននិយាយថា លោកគ្រាន់តែបញ្ចេញមតិផ្ទាល់ខ្លួនស្របតាមសិទ្ធិមនុស្សដែលមានចែងក្នុងរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ។

លោកបន្តថា៖ «នេះជារឿងអយុត្តិធម៌មួយ»៕

បកប្រែពីអត្ថបទដើមភាសាអង់គ្លេសរបស់វីអូឌី៖ Teacher on the Run for a Year Over Criticism of Vietnam Monumentដោយកញ្ញា ឃ្លាំង គីមហួយ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ