វិភាគ៖ តើ​ការ​ចាប់​ខ្លួន​ឧកញ៉ា ឌួង ងៀប ឆ្លុះ​បញ្ចាំង​អ្វីខ្លះ​ពី​បញ្ហា​សង្គម?

លោក ឌួង ងៀប ឧត្ដមសេនីយ៍ឯកផ្កាយមាស៣។ (ហ្វេសប៊ុក​៖ Duong Ngeap ឌួង ងៀប)

​មន្ត្រីនគរបាលពាក់​ផ្កា​​យ៣​​ លោ​ក​ឧកញ៉ា ឌួង ​ងៀប ​ត្រូ​​វបាន​ស​ម​ត្ថកិ​ច្ច​ចាប់ខ្លួ​ន​ ក្រោយ​ពីគា​ត់​​ទម្លា​យរឿ​ង​អា​​ស្រូ​​វ​ពុ​ករ​លួយ​រ​បស់ចៅក្រម​ក្នុ​ងប្រ​​ព័ន្ធ​តុលាការ។ ​លោ​ក​ ឌួង ងៀប​ ត្រូវសាលាដំបូងរាជធានីភ្នំពេញបញ្ជូនទៅឃុំខ្លួននៅ​ពន្ធ​នា​​គារ កាលពីរសៀល​ថ្ងៃទី១៤ ខែ​កុម្ភៈ ក្រោយ​ពី​សមត្ថ​កិច្ច​ចាប់​ខ្លួន​គាត់នៅ​ព្រឹកថ្ងៃ​ដដែល។

ជា​ការកត់សម្គាល់ មុនការចាប់ខ្លួន​ ជន​ត្រូវ​ចោទបានប្រើប្រាស់បណ្ដាញសង្គម និយាយ​ទាំង​មិន​ប​ញ្ចេ​ញ​ឈ្មោះ​ថា គាត់​ត្រូវ​បាន​គេ​សហការ​គ្នា​ប្រើវិធី​ផ្សេងៗ ដើម្បី​កៀប​យក​លុយ ក្រោយ​ពី​គេ​ប្ដឹង​គាត់​ពី​បទ​ «ឆបោក​ជនជាតិតៃវ៉ាន់»។

បើតាម​វី​ដេអូមាន​រយៈ​ពេ​ល​២​៤​នា​ទី​ដែល​ជនត្រូ​វ​ចោទបា​នបង្ហោះ​មុនការចាប់ខ្លួន លោក ឌួង ងៀប បានអំពាវនាវ​រក​ជំ​នួ​យ​ពី​នា​យ​ក​រដ្ឋ​មន្ត្រី​ឱ្យ​ជួយផ្ដល់​​យុ​ត្តិធ​ម៌ ​ដោយ​ទា​ម​ទា​រឱ្យ​​​តុ​​លាកា​​រ​កំ​ពូលចុះ​​​​ធ្វើ​អធិការកិច្ចរក​ការពិត​ ដោ​យលោក​ស​ម្អា​ងថា​ លោក​មិន​បាន​ធ្វើ​អ្វីខុ​ស​​​​ដូចកា​រ​ចោទ​ប្រកាន់​​រ​បស់​តុលាកា​រឡើយ។

ក្រៅ​​ពី​នេះ លោ​ក ឌួ​ង ​ងៀប ​បាននិយាយ​ថា ​លោក​គ្មាន​ល​ទ្ធ​ភា​ពដាក់ប្រាក់ជាង៥លានដុល្លារតម្កល់នៅ​តុលាការតាមការបង្គាប់របស់ចៅក្រម​ ជា​ថ្នូរ​នឹ​ង​មិ​នចេញដី​កា​ឃុំខ្លួននោះទេ ហើយថា បញ្ហានេះ លោកទាល់ច្រកហើយ នឹងសម្រេចចិត្តដើរ​ចូ​លព​​​ន្ធនា​គារ បើគ្មានកា​រសម្រប​​ស​ម្រួល​ណាមួ​យកើត​​ឡើ​ង​ទេនោះ​។

​លោក​ថា៖ ​«ក្រោ​យពេ​លចោ​ទ​ប្រកាន់​ ខ្ញុំសុំ​អ​ង្វ​រ​ឱ្យ​តុលាកា​រ​ជួ​យ​ខ្ញុំ​ទៅ ​ព្រោះខ្ញុំ​អ​ត់​បា​ន​បោ​ក​ប្រា​ស់​ពី​ណា​​​​​មួយរៀល​ទេ​។​ ខ្ញុំ​​ទៅ​​​តុលា​ការម្ដង ចំ​ណា​យ​លុយ​ម្ដង​ៗ ​គេចែ​ក​គ្នា ​គេចិញ្ច្រាំខ្ញុំ​តែ​​ម្ដង​ ​ដោយ​​ខ្ញុំអត់​ខុ​​សសោះ​។ ​ខ្ញុំ​ត្រូ​វ​ចំណាយ​លុយ​ […] ពេល​នេះ ​ខ្ញុំ​អស់លុ​យ​ឱ្យ​ទៀ​ត​ហើ​យ»​។

ប៉ុ​ន្តែ​ក្រោ​យមា​ន​​ការ​ចា​ប់ខ្លួនបញ្ជូន​ឧក​ញ៉ារូបនេះទៅឃុំខ្លួន​នៅព​ន្ធនាគារ​ ក្រ​សួង​ពា​ក់ព័​ន្ធ​មិ​ន​ទា​​ន់ប្រ​កាសពីចំ​ណាត់កា​រ​​លើ​​មន្ត្រី​តុលាការដែល​លោក ​ឌួង ​ងៀប បាន​​​ចោ​ទប្រកា​ន់នោះនៅ​ឡើយ​ទេ។​

​បញ្ហានេះបង្កើ​តជា​ចម្ង​ល់ថា​ តើ​កា​រចា​ប់​ខ្លួ​នលោក​ ឌួ​ង​ ងៀប​ ឆ្លុះបញ្ចាំងអ្វី​ខ្លះពីបញ្ហា​​​​​សង្គម​​?​

​នាយ​ក​​ប្រតិ​បត្តិ​អង្គ​ការអ​ភិវឌ្ឍន៍​ផ្នត់​គំនិត ​លោក​ប​ណ្ឌិ​ត ​សេក​ សុ​ជា​តិ​ មា​ន​ប្រ​សា​​សន៍​ថា​ បើ​ទោះ​បីពេ​ល​​នេះ​ ​គេនៅមិ​នទាន់​ដឹ​ងថា​​ភាគី​ណាមួ​យជា​អ្នក​ខុសក៏​ដោយ ​ប៉ុន្តែ​លោក​ថា​ ករណីនេះ​ ​វាបានក្លាយ​ជា​វិញ្ញា​​សាថ្មីមួយ​ក្រើ​នរម្លឹ​ក​មន្ត្រី​​ក្នុ​ងវិស័យយុ​ត្តិធម៌​នៅ​​ទូទាំ​ងប្រទេស​ ឱ្យចាប់ផ្ដើម​គិតថា​ អំ​ពើពុ​ករលួ​យ វា​បានប៉ះ​ពាល់ធ្ង​ន់ធ្ងរដល់កិត្តិយសបុគ្គល​ ស្ថាប័​ន រួ​មទាំងថ្នា​ក់ដឹ​កនាំប្រទេស។ 

លោកថា៖ «បញ្ហាទាំងអស់នេះ វាអាចបន្សល់ទុក​នូវកេរ្តិ៍ឈ្មោះរបស់មេដឹកនាំនៅក្នុងប្រទេសរបស់យើងនឹងជួបបញ្ហានៅថ្ងៃក្រោយ តាមរយៈការចោទប្រកាន់ថា ពិតជាមានការប្រព្រឹត្តនូវអំពើពុករលួយក្រោ​មការ​ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ»។

លោកកត់សម្គាល់ទៀតថា ករណីនេះហាក់មានការ​​​ទាញការចាប់​អារម្មណ៍​ច្រើន​ពីមហាជន ខណៈ​បញ្ហានេះនឹង​អាច​បង្កឱ្យ​មាន​ផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមនិង​មុខមាត់ប្រ​ទេសជាតិ បើស្ថាប័ន​​ពាក់ព័ន្ធ​មិនជម្រះ​មន្ទិលពី​បញ្ហាក្នុងប្រព័ន្ធតុលាការ ដែលអាចឱ្យពលរដ្ឋជឿបាននោះ។

លោកថា៖ «នេះជាចំនុចដែល[…] ក៏ដូចជាអង្គភាពប្រឆាំងអំពើ​ពុក​រលួយ ត្រូវតែពិចារណា ហើយត្រូវតែរកវិធីដើម្បីធ្វើការស៊ើបអង្កេតករណី​នេះ ដើម្បីបកស្រាយជូនសាធារណជនទាំងជាតិ​និងអន្តរជាតិថា កម្ពុជាពិតជា​មិន​មាន​អំពើពុករលួយដូចការចោទប្រកាន់របស់លោកឧត្ដមសេនីយ៍ឯក ឌួង ងៀប នោះទេ»។

​​នាយក​ប្រតិបត្តិ​អង្គ​ការតម្លា​ភាព​កម្ពុជា លោ​ក ប៉ិច ​ពិសី​ លើ​កឡើ​ង​ថា ​ករណីលោ​ក​​​ ឌួង ងៀប​ នឹងបន្តទា​ញ​ទ​ម្លាក់​មុខមាត់ប្រព័ន្ធ​យុត្តិធម៌នៅកម្ពុជា បើចំណាត់ការផ្លូវច្បាប់​ទៅលើភាគី​ពាក់​ព័ន្ធខ្វះ​សុចរិត​ភា​ពនិងតម្លា​ភាព​នោះ ខណៈអ​ង្គការ​សកល​មួយនៅតែ​បន្ត​រក​ឃើញ​ប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ស្ថិតក្នុង​កម្រិ​តធ្ងន់​ធ្ងរ​នៅ​ឡើយពី​ការ​ធានាភាព​ស្មើគ្នាចំពោះមុខ​ច្បាប់​នោះ។

លោ​កថា​៖ «កា​រធានា​បាន​​​​នូវ​នី​តិ​រដ្ឋ កា​រអ​នុវ​ត្តច្បា​ប់​ប្រកបដោយប្រសិទ្ធ​ភាព ​ហើយ​ការ​ផ្ដល់​យុត្តិ​ធម៌​ដែ​ល​អាច​​ជឿជាក់​បាន​ហ្នឹង ជាយុទ្ធសាស្ត្រសំខាន់។ ក្នុង​ន័យថា​ បើ​សិនជាយើង​​​ធានា​បាន​យុត្តិធម៌​ យើង​​នឹ​ងមានផល​ជាវិជ្ជមាន​ ដែល​​ជះ​ទៅលើ​វិស័​យទាំងអស់​នៅក្នុ​ងស​ង្គម​យើង ​ទាំង​វិស័យសេ​ដ្ឋកិ​ច្ច ទាំ​ងវិ​ស័យ​​​ស​ង្គម​ ​​ទាំ​ង​​ការ​បែង​ចែក​ទ្រព្យ​ស​ម្បត្តិ ដែល​ក​ម្ពុជា​ទទួ​លបាន​ ទៅ​អ្នក​មានអ្ន​កក្រ ឱ្យស្មើ​គ្នា​ ​ទាំង​សិទ្ធិសេ​រីភាព ផ្សេងៗទៀ​ត»​។

រដ្ឋម​ន្ត្រីក្រសួង​មហា​ផ្ទៃ លោក ស ខេ​ង ធ្លាប់​លើក​ឡើង​ថា ​អយុត្តិធម៌សង្គម​​​ជាដើមច​មជំ​រុ​ញឱ្យ​​មា​​ន​​ភា​​​ព​ផុ​​​យ​ស្រួយ​​នៃការ​បែក​បាក់​ជាតិ​។

​បន្ថែមពីនេះ​ ​ក្នុ​​ង​​ពិធី​​ផ្ទេរ​​តំណែ​ង​រ​​ដ្ឋម​ន្ត្រី​ក្រសួង​​យុត្តិធ​ម៌ អំ​ឡុង​ខែមេ​​សា ឆ្នាំ២​០២០ លោក ​ស ខេង​ បានក្រើនរម្លឹកឱ្យមន្ត្រីពាក់ព័ន្ធ​ផ្ដោត​​សំខាន់ទៅ​លើកា​រ​ប្រយុ​ទ្ធ​ប្រឆាំ​ងភាពអយុត្តិ​ធម៌សង្គម ​ដើម្បីបង្កើ​នទំ​នុក​ចិត្តទៅលើ​​ប្រ​ជាពលរដ្ឋ។

លោកថា៖ «ពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យយុត្តិធម៌ តាមរយៈការពង្រឹងវិន័យនិងការបំពេញវិជ្ជាជីវៈ​របស់មន្ត្រីតុលាការ ព្រមទាំងលើកកម្ពស់សេវាយុត្តិធម៌នៅតាមសាលាជម្រះក្ដីប្រកប​ដោយតម្លាភាព​ ធានាបាននូវយុត្តិធម៌តាមផ្លូវច្បាប់»។

​នាយ​ក​រងទ​ទួល​បន្ទុ​កផ្នែ​កសិទ្ធិ​មនុ​ស្សអង្គ​កា​រលី​កាដូ លោ​ក អំ សំអាត​ មើល​ឃើញ​ថា​ ការ​​ចាប់​​ខ្លួន​លោក​ ឌួង ​ងៀប ​នឹង​ជំ​រុញឱ្យមាន​ការ​រិះគន់ប​ន្ថែមទៀតទៅលើប្រព័ន្ធយុត្តិធម៌ ដោយហេតុថា វិធាននេះ​បាន​ធ្វើឡើង​ក្រោយ​ពី​មន្ត្រី​នគរបាល​ផ្កាយ​៣ដែល​មាន​ងារ​ជា​ឧកញ៉ារូប​នេះ បាន​ទម្លាយ​ជា​សា​​ធារណៈ​​​ពី​រឿងអាស្រូវ​ពុក​រលួយ​របស់​មន្ត្រី​នៅ​តុលាការ រួមទាំងអះអាងថា ការចោទប្រកាន់ជារឿងអ​យុ​ត្តិធម៌សម្រាប់រូបគាត់។

លោក អំ សំអាត កត់សម្គាល់ថា បញ្ហានេះនឹងឆ្លុះបញ្ចាំងថា ភាពអ​យុត្តិធម៌​ដែលគេធ្លាប់តែឮ​ពីសកម្មជន​ដីធ្លី បរិស្ថាន និង​សកម្មជន​សង្គមលើកឡើងនោះ តែពេលនេះ វាបា​​ន​រាលដាលដល់​អ្នកជំនួញដែលមានងារជាឧកញ៉ា។ លោកបន្តថា កន្លងមក​ សង្គមស៊ីវិលជាតិនិងអន្តរជាតិដែលធ្វើការផ្នែកវិស័យ​ច្បាប់និង​​សិទ្ធិមនុស្ស ធ្លាប់​បាន​ផ្ដល់​អនុសាសន៍​​ទៅរដ្ឋាភិបាលឱ្យពន្លឿនការធ្វើកំ​ណែ​ទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ឱ្យក្លាយជាស្ថាប័នឯករាជ្យ ដើម្បីទប់ស្កាត់ភាពមិនប្រក្រតី​ក្នុងប្រព័ន្ធច្បាប់ ប៉ុន្តែលោកថា កា​រ​ខំប្រឹងប្រែងរបស់រដ្ឋាភិបាលហាក់មិនទាន់ចំគោលដៅ។

អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះកត់សម្គាល់ទៀតថា ការផ្ដល់សញ្ញារបស់លោកឧកញ៉ា ឌួង ងៀប ជាវិ​ញ្ញា​សាថ្មីពីរសម្រាប់វាស់ស្ទង់សមត្ថភាពក្រសួងពាក់ព័ន្ធក្នុងការបង្ហាញស្នាដៃ ដើម្បីជ្រះមន្ទិល​បញ្ហាដែ​ល​បានកើត​ឡើង​ក្នុងប្រព័ន្ធតុលាការនេះ។

លោកថា៖ «ទី១ គឺចង់បង្ហាញពីភាព​ស្អាត​ស្អំ បើសិន​ជា​ការ​លើក​ឡើង​របស់​ឧកញ៉ា ឌួង ងៀប លើកឡើ​ងមិ​នមែន​ជាការពិត អាហ្នឹងបង្ហាញតម្លាភាព និងផ្ដល់យុត្តិធម៌សម្រាប់តុលាការដែលមិនបានធ្វើ ហើយរង​ការចោទប្រកាន់។ ទី២ អាហ្នឹងបើរកទៅឃើញ [មានពុករលួយមែន] អាហ្នឹងត្រូវអនុវត្តតាមច្បាប់»។

យ៉ាងណា លោក អំ សំអាត គិតថា វិញ្ញាសានេះជាអាវុធមុខពីរ ដែ​ល​នឹងបង្ហា​ញថា ប្រព័ន្ធយុត្តិធម៌បានបង្ហា​​ញ​​​ថ្វីដៃរហូតចាត់វិធានការដល់មន្ត្រីថ្នា​ក់​ឧត្ដមសេនីយ៍ តែផ្ទុយទៅវិញ ​បើចំណាត់ការនេះខ្វះតម្លាភា​​​​ព​ នោះវានឹងបន្សល់ទុក​នូវមុខមាត់មិនល្អរ​បស់​រដ្ឋាភិបាលពីក្រ​សែ​ភ្នែកអ្នកដែល​ធ្វើការលើ​វិស័យច្បាប់ជាតិនិងអន្តរ​ជាតិ។ 

រ​បាយការណ៍​​របស់​​អង្គការ​គម្រោង​យុត្តិធម៌​​ពិភពលោក (World Justice Project) ចេញ​ផ្សាយ​កាល​ពី​ខែ​តុលា ឆ្នាំ​២០២១ បាន​វាយតម្លៃ​ថា វិស័យ​យុត្តិធម៌​​នៅ​​កម្ពុជា​មាន​​​ភាព​អាក្រក់​​ ​​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​​បាត​តារាង ដោយឈរនៅ​​លេខ​រៀង​ទី​១៣៨ ​ក្នុង​ចំណោម​ប្រ​ទេស​​១៣៩។

មួយវិញទៀត អង្គការ​តម្លាភាព​អន្តរជាតិ (Transparacy International) កាល​​ពី​ខែ​មករា ឆ្នាំ២០​២១ បាន​ចេញ​របាយ​ការណ៍​ថ្មី​មួយ ដោយ​​រក​​ឃើញថា កម្ពុជា​​​​​​​មាន​​អំពើ​​ពុក​​រលួយ​​ខ្លាំង​ជាង​គេ​​​​ បើធៀងនឹងប្រ​​ទេ​ស​ជា​សមាជិកអាស៊ាន។

តែយ៉ាងណា តំណាងរដ្ឋាភិបាលបានច្រានចោលជាបន្តបន្ទាប់ ដោយចាត់ទុក​របាយការណ៍​ទាំង​នោះ​​ថាជា​កា​​រ​ប្រតិដ្ឋ និង​មិនឆ្លុះបញ្ចាំងពីការខំប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជាឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ