បែលហ្ស៊ិក​ចង់​ឃើញ​លោក កឹម សុខា មាន​សេរីភាព​ពេញលេញ​និង​ចូលរួម​ការបោះឆ្នោត​ខាងមុខ

លោកស្រី Sibille de Cartier ឯកអគ្គរាជទូតថ្មីនៃប្រទេសបែលហ្ស៊ិកប្រចាំបួនប្រទេស រួមមាន កម្ពុជា ថៃ ឡាវ និងភូមា ដែលមានស្ថានទូតនៅទីក្រុងបាងកក បានអញ្ជើញជួបសម្ដែងការគួរសម សួរសុខទុក្ខ និងពិភាក្សាការងារជាមួយលោក កឹម សុខា ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ Kem Sokha)

ឯកអគ្គរាជទូតថ្មីនៃប្រទេសបែលហ្ស៊ិកប្រចាំ​៤ប្រទេស ចង់ឃើញលោក កឹម សុខា មាន​សេរីភាព​ពេញ​លេញនិងចូលរួមការបោះឆ្នោតនៅពេលខាងមុខឆាប់ៗនេះ ខណៈតុលាការ​កម្ពុជា​នឹង​បន្តបើកសវនាការលើករណីរបស់​លោកនៅក្នុងសប្ដាហ៍នេះទៀត។

ការលើកឡើងនេះបានធ្វើឡើងនៅក្នុងជំនួបមួយនៅថ្ងៃអង្គារនេះ រវាងលោកស្រី Sibille de Cartier ឯកអគ្គរាជទូតថ្មីនៃប្រទេសបែលហ្ស៊ិកប្រចាំ៤ប្រទេស គឺកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា ជាមួយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ នៅឯគេហដ្ឋានរបស់លោក ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក កឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៥ ខែកុម្ភៈ ថា​ក្នុង​ជំនួប​នោះ លោកស្រី Sibille de Cartier ឯកអគ្គរាជទូតថ្មីនៃប្រទេសបែលហ្ស៊ិក បានបញ្ជាក់ប្រាប់លោកថា រដ្ឋាភិបាលបែលហ្ស៊ិក និងសហភាពអឺរ៉ុប ចង់ឃើញកម្ពុជាធ្វើដំណើរតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា ព្រមទាំងចង់ឃើញលោកមានសេរីភាពខាងនយោបាយពេញលេញផងដែរ។

លោក​បានសរសេរ​ថា៖ «ក្នុងជំនួបដ៏មានសារៈសំខាន់នេះ លោកជំទាវឯកអគ្គរាជទូតបានបញ្ជាក់ថា រាជរដ្ឋាភិបាលបែលហ្ស៊ិក ក៏ដូចជាសហភាពអឺរ៉ុប ចង់ឃើញកម្ពុជាធ្វើដំណើរតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងចង់ឃើញខ្ញុំមានសិទ្ធិពេញលេញ សេរីភាពនយោបាយ ដែលអាចចូលរួមការបោះឆ្នោតនៅពេលឆាប់ៗខាងមុខនេះ ហើយរាជរដ្ឋាភិបាលបែលហ្ស៊ិកនឹងតាមដានមើលនូវស្ថានភាព​​នេះបន្តទៀត»។

ទោះយ៉ាងណា​ លោកស្រី Sibille de Cartier មិនបានសរសេរពីលទ្ធផលជំនួបរវាងលោកស្រី​ជាមួយ​លោក កឹម សុខា នៅលើទំព័រ Twitter របស់ខ្លួននោះទេ។ ប៉ុន្តែលោកស្រីបានសរសេរ​ថា វាគឺជាពេលវេលាដ៏ល្អមួយនៃដំណើរបេសកកម្មពេញមួយថ្ងៃរបស់លោកស្រីនៅកម្ពុជា ដោយការចាប់ផ្ដើមចូលគាល់ព្រះមហាក្សត្រ និងបញ្ចប់ដោយការជួបជាមួយសហគមន៍បែលហ្ស៊ិកនៅរាជធានីភ្នំពេញ ព្រមទាំងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ យុវ​ជន និង​កីឡា លោក ហង់ ជួនណារ៉ុន និង​ជួបជាមួយមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជា​ ជាដើ​ម។

ប្រទេស​បែលហ្ស៊ិក គឺជាសមាជិកដ៏សំខាន់មួយនៃសហភាពអឺរ៉ុប ដែលមានទីស្នាក់ការកណ្ដាលស្ថិតនៅទីក្រុងព្រុចសែល។ បច្ចុប្បន្ន ទូតបែលហ្ស៊ិក ក៏ជាអ្នកសម្របសម្រួលការទូតនៅទីក្រុងបាងកកដែលទាក់ទងនឹង​កម្ពុជាផងដែរ។

វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នក​នាំពាក្យ​គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទេនៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា ថ្លែងថា ប្រទេសបែលហ្ស៊ិកអាចមិនមានទឹកមាត់ប្រៃ ឬមានទម្ងន់ការទូតមកលើកម្ពុជានោះទេ។ ក៏ប៉ុន្តែលោកថា ប៊ែលហ្ស៊ិក ជាសមាជិកមួយនៃសហភាពអឺរ៉ុប ដូច្នេះ​ចង់ឬមិនចង់ ប្រទេសនេះក៏​ជាសំឡេងមួយនៃសមា​ជិក​សហភាព​អឺរ៉ុប ដែលបានកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ២០% ពីកម្ពុជា កាលពីខែសីហា ឆ្នាំ២០២០ ដោយសារតែបរាជ័យក្នុងការអំពាវនាវឱ្យកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។

លោកសាស្ត្រាចារ្យថ្លែងថា៖ «ជាទូទៅ បើកាលណាសមាជិកសហភាពអឺរ៉ុប​គាត់ឈឺឆ្អាលរឿង​សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ហើយ​អតីតមេ​គណបក្សប្រឆាំង លោក កឹម សុខា គាត់ជាប់​បណ្ដឹងតុលាការ ជាប់ទោសក្បត់ជាតិ ហើយត្រូវរំលាយបក្សនោះ ដូច្នេះហើយ​បានជា​សហគមន៍​អឺរ៉ុប កាលណាគាត់មានមតិទស្សនៈលើកឡើង ឈឺឆ្អាល បានន័យថា គាត់យកចិត្ត​ទុកដាក់ទៅលើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា»។

ជំនួប​រវាងលោកស្រី Sibille de Cartier ឯកអគ្គរាជទូតថ្មីនៃប្រទេសបែលហ្ស៊ិកជាមួយ​លោក កឹម សុខា បានធ្វើឡើង ខណៈ​តុលាការក្រុងភ្នំពេញគ្រោងបន្តបើកសវនាការលើសំណុំរឿងរបស់លោក កឹម សុខា នៅថ្ងៃទី១៦ ខែកុម្ភៈ​នេះ ដែលជាសវនាការគម្រប់​លើក​ទី៣០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ