ថ្នាក់ដឹកនាំ​ពន្ធនាគារ​៥នាក់​នៅ​ស្ទឹងត្រែង​ត្រូវ​បាន​ផ្ទេរតំណែង ក្រោយ​អ្នកទោស​៧នាក់​រត់​ចេញ​ពី​គុក

ពន្ធនាគារខេត្តស្ទឹងត្រែង។ (មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង)

ថ្នាក់ដឹកនាំ​ពន្ធនាគារចំនួន៥នាក់នៅខេត្តស្ទឹងត្រែង ត្រូវបាន​ផ្ទេរ​​តំណែង ក្រោយ​ពីធ្វេសប្រហែស​ធ្វើ​ឱ្យ​​​អ្នក​ទោស​៧នាក់​រត់គេចចេញពីពន្ធនាគារខេត្តនេះ កាលពីចុងឆ្នាំមុន។

កាលពីខែវិច្ឆិកា ឆ្នាំ២០២១ អ្នកទោសចំនួន៧នាក់​ដែលភាគច្រើនជាអ្នកទោសគ្រឿងញៀន បាននាំគ្នាវាយ​ទម្លុះ​ជញ្ជាំងពន្ធនាគារ​ខេត្ត​ស្ទឹង​ត្រែង ហើយ​នាំគ្នាលួចរត់គេចខ្លួនបាត់ ប៉ុន្តែត្រូវបានសមត្ថកិច្ចតាមចាប់​មកវិញទាំងអស់​ជាបន្តបន្ទាប់។

ក្នុងប្រកាស​ចុះថ្ងៃទី៨ ​ខែ​កុម្ភៈ​ ក្រសួងមហាផ្ទៃបានសម្រេចផ្ទេរភារកិច្ចមន្ត្រីពន្ធនាគារខេត្តស្ទឹងត្រែងចំនួន​៥នាក់​ ដែលមានតួនាទីចាប់ពីថ្នាក់ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យផ្សេងទៀត ឱ្យទៅបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃវិញ។

ប្រកាស​បញ្ជាក់​ថា មន្ត្រីពន្ធនាគារ៥នាក់ដែលត្រូវបានដកតំណែងនោះ រួម​មាន ​លោក ឈុន ជារ៉ា មានតួនាទីជាប្រធានពន្ធនាគារ, លោក រស់ សុធាន ជាអនុប្រធាន, លោក ជា សុជាតិ ជាអនុប្រធាន, លោក ប៉ិន សំអូន ប្រធានកា​រិយាល័យ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និងមុខរបរ នៃពន្ធនាគារខេត្ត និងលោក លាង សំអឿន ជាប្រធានផ្នែកទិន្នន័យ និងបណ្ណាសារ នៃពន្ធនាគារខេត្ត ឱ្យទៅបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារដូចគ្នា។

ប្រកាសដដែលនេះបានឱ្យដឹងទៀត​​ថា ក្រសួងមហាផ្ទៃសម្រេចតែងតាំងមន្ត្រី២រូប រួមមាន លោក ប្រាជ្ញ សុភី ឱ្យទៅកាន់តំណែងជាប្រធាន និងលោក រិទ្ធិ ឌីណា ឱ្យទៅកាន់តំណែងជាអនុប្រធានពន្ធនាគារខេត្តស្ទឹងត្រែងជំនួសវិញ ដែលនឹងផ្ទេរឱ្យចូលកាន់តំណែង​នៅថ្ងៃទី​១៧ ​ខែ​កុម្ភៈ​នេះ។

អ្នកនាំ​ពាក្យ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​ក្រសួង​មហា​ផ្ទៃ លោក នុត សវនា បញ្ជាក់​បន្ថែម​លើប្រកាស​នេះ​ថា មូលហេតុដែលក្រសួងមហាផ្ទៃសម្រេចផ្ទេរភារកិច្ចមន្ត្រីពន្ធនាគារទាំង៥រូបនោះ ដោយ​សារតែ​ពួក​គាត់​ដឹកនាំនិងគ្រប់គ្រងមានការ​ធ្វេសប្រហែស​ធ្វើឱ្យអ្នកទោស៧នាក់រត់គេចពីពន្ធនាគារកាលពីចុងឆ្នាំមុន។

កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​​បញ្ជា​ឱ្យ​ធ្វើ​អធិការកិច្ច​ប្រកប​​ដោ​យ​​ការ​ទទួល​ខុស​ត្រូវ​ ​ចំពោះ​បញ្ហា​ជន​ជាប់​ឃុំដែលបាននាំគ្នាហែកគុក​រត់​ចេញ​​ពី​ពន្ធនាគារ​នៅ​ខេត្តស្ទឹងត្រែងនេះ។

ស្នងការនគរបាលខេត្តស្ទឹងត្រែង លោក អូត ស៊ីវុត្ថា ធ្លាប់បញ្ជាក់ថា អ្នកទោស៧នាក់ដែលទម្លុះជញ្ជាំងពន្ធនាគារ​រត់ចេញនោះមាន​ឈ្មោះ ឡា វ៉ាន់កាវង់ផេង ត្រូវជាប់ពន្ធនាគារ២៨ឆ្នាំ ពីបទ «ជួញដូរគ្រឿងញៀន», ​ឈ្មោះ សៀន ខន ត្រូវជាប់ពន្ធនាគារ៣០ឆ្នាំ ​ពីបទ «ជួញដូរគ្រឿងញៀន», ​ឈ្មោះ ភិត ងិន ត្រូវ​ជាប់​​ពន្ធនាគារ​​៤​ឆ្នាំ ពីបទ «ជួញដូរ​ខុសច្បាប់​នូវ​សារធាតុ​ញៀន», ឈ្មោះ វ៉ាន់ ភូ ត្រូវ​ជាប់​ពន្ធនាគារ២០ឆ្នាំ ពី​បទ​ «ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន», ឈ្មោះ ទូច វ៉ាត ត្រូវ​ជាប់​ពន្ធនាគារ​៣០​ឆ្នាំ ពី​បទ «ជួញដូរ​គ្រឿង​ញៀន», ឈ្មោះ ចាក់​លី ចឺតាលី ត្រូវជាប់ទោស​មួយ​ជីវិត រឿង «បទល្មើសជួញដូរ​គ្រឿងញៀន» និង​ឈ្មោះ ហន វិមាន ត្រូវជាប់ទោស​២៧​ឆ្នាំ រឿង ​«លួចមាន​ស្ថាន​ទម្ងន់ទោស ដោយ​សារ​ការ​ប្រើ​ទារុណកម្ម និង​អំពើឃោរ​ឃៅ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ