ជប៉ុន​ផ្ដល់​ជំនួយ​ឥត​សំណង​ជិត​៧០ម៉ឺន​ដុល្លារ​សម្រាប់​លើក​កម្ពស់​ការអប់រំ​នៅ​កម្ពុជា

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងមកពីអង្គការត្រូវទទួលជំនួយមួយ ក្នុងពិធីចុះហត្ថលេខាផ្ដល់ថវិកាសរុបដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគម្រោងជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា)

រដ្ឋាភិបាលជប៉ុនបាន​ផ្ដល់ជំនួយឥតសំណង​ចំនួនជិត៧០ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់ការលើកកម្ពស់ការអប់រំបរិយាប័ន្ននៅក្នុងខេត្តកណ្ដាល និងការរៀបចំវគ្គសិក្សាអប់រំកាយនៅថ្នាក់សាកលវិទ្យាល័យរយៈពេល៤ឆ្នាំ។ ​

ទំព័រហ្វេសប៊ុកស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីម្សិលមិញ បានឱ្យដឹងថា ក្នុងចំណោមថវិកាសរុបចំនួន៦៦៤ ៩៩៤ដុល្លារអាមេរិក គឺមានថវិកាចំនួន២៦៦ ៤២៨ដុល្លារអាមេរិក ត្រូវបានផ្ដល់ទៅ «សមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន» (AAR Japan)។

ជំនួយនេះ ដើម្បីអនុវត្ត «គម្រោងលើកកម្ពស់ការអប់រំបរិយាប័ន្នសម្រាប់កុមារមានពិការភាព តាមរយៈការពង្រឹងការអនុវត្តក្នុងតំបន់គំរូ និងការអភិវឌ្ឍប្រព័ន្ធវាយតម្លៃការអប់រំបរិយាប័ន្ន ​(ឆ្នាំទី៣)»

ដោយឡែក ថវិកាចំនួន៣៩៨ ៥៦៦ដុល្លារអាមេរិកទៀត ត្រូវបានផ្ដល់ទៅអង្គការក្រៅរដ្ឋាភិបាល «បេះដូងមាស» ដើម្បីអនុវត្ត «គម្រោងស្ដីពីការរៀបចំវគ្គសិក្សាអប់រំកាយនៅថ្នាក់សាកលវិទ្យាល័យរយៈពេល៤ឆ្នាំនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (ឆ្នាំទី៣)»

ប្រភពដដែលឱ្យដឹងថា ឯកអគ្គរាជទូតជប៉ុន និងជាអ្នកតំណាងមកពីអង្គការទាំងពីរ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ដែលបានចុះហត្ថលេខាលើកិច្ចសន្យាផ្ដល់ជំនួយឥតសំណងនេះ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ។

ស្ថានទូតជប៉ុនប្រចាំកម្ពុជា អះអាងថា ​ជាអាទិភាពមួយសម្រាប់រដ្ឋាភិបាលជប៉ុនក្នុងការធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីចូលរួមចំណែកក្នុងការកែលម្អគុណភាពជីវិតនៅក្នុងបណ្ដាខេត្តនានានៅកម្ពុជា ស្របពេលដែលគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការខ្នាតធំ ដូចជា គម្រោងកំពង់ផែស្វយ័តក្រុងព្រះសីហនុ គម្រោងផ្លូវជាតិលេខ៥ និងកម្ចីហិរញ្ញប្បទានចំនួន២០ពាន់លានយេនសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជារឿយៗត្រូវបានផ្ដោតសំខាន់នៅលើប្រព័ន្ធផ្សព្វផ្សាយ។

ជប៉ុនជឿជាក់ថា ជំនួយឥតសំណងទាំងនេះនឹងជួយកែលម្អគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ