ក្រសួង​ការបរទេស៖ អនុក្រឹត្យ​ស្ដីពី «ច្រកទ្វារអ៊ីនធឺណិតជាតិ» មិនបាន​បិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ទេ

បុរស​ម្នាក់​កាន់​ទូរសព្ទ​របស់​ខ្លួន​ដែល​កំពុងតែ​ដំណើរការ​ចូល​ទៅ​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ (ហេង វិចិត្រ​)

ក្រសួងការបរទេសកម្ពុជា សម្ដែងការខកចិត្តនូវការបកស្រាយខុស​ថា​ រដ្ឋាភិបាល​ចេញ​អនុក្រឹត្យស្ដីពី «ច្រកទ្វារអ៊ីនធឺណិតជាតិ» ជាការបិទសិទ្ធិសេរីភាពបញ្ចេញមតិ

ក្នុងសេចក្ដីបំភ្លឺរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានកត់សម្គាល់ជាមួយការខកចិត្ត​នូវ​ការ​បន្ត​បក​ស្រាយ​ខុស ជាពិសេសដោយប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បរទេស​មួយ​ចំនួន អំពី​គោលបំណង​នៃការបង្កើតច្រកទ្វារអ៊ីន​ធឺណិតជាតិ​នៅក្នុងប្រទេសកម្ពុជា បើទោះបីជាមានការពន្យល់និងការបំភ្លឺជា​ច្រើនដង​ដោយអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាក្ដី។

ក្រសួង​ការបរទេសផ្ដល់ការបំភ្លឺបន្ថែមថា ដើមចម​ដែលរដ្ឋាភិបាល​ចេញអនុក្រឹត្យស្ដីពី «ច្រកទ្វារអ៊ីន​ធឺណិត​ជាតិ» ក្នុង​គោលបំណងសម្រួល និងគ្រប់គ្រងការតភ្ជាប់អ៊ីនធឺណិត និងពង្រឹងសន្តិសុខជាតិ និង​ការ​ប្រមូលពន្ធ ក៏ដូចជាថែរក្សាសណ្ដាប់ធ្នាប់​សង្គម ទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដូចជាការ​ប្រើប្រាស់ដោយខុសច្បាប់នូវការតភ្ជាប់បណ្ដាញឆ្លងដែន ការលេងល្បែងអនឡាញខុសច្បាប់ ការបោកប្រាស់តាមអ៊ីន​ធឺណិត និង​ការពារ​វប្បធម៌ជាតិ ជាដើម ។

ក្រសួងគូសបញ្ជាក់ថា អនុក្រឹត្យស្ដីពី «ច្រកទ្វារអ៊ីនធឺណិតជាតិ» ត្រូវបានរៀបចំឡើងដោយតម្លាភាព ហើយការពិគ្រោះយោបល់​នានាត្រូវបានធ្វើឡើងជាមួយអ្នកជំនាញជាច្រើននៅក្នុងវិស័យនេះ ប្រតិបត្តិករឯកជន និងស្ថាប័នពាក់ព័ន្ធនានា ជាច្រើនលើកច្រើនសាថែមទៀតផង ។

ចំពោះការចោទប្រកាន់ដែលថា ការបង្កើតច្រកទ្វារអ៊ីន​ធឺណិតជាតិអនុញ្ញាត​ឱ្យអាជ្ញាធរកម្ពុជា​ត្រួតពិនិត្យ និង​តាមដានរាល់សកម្មភាពតាមប្រព័ន្ធអ៊ីនធឺណិត ចាប់ និងរឹតបន្តឹងការប្រាស្រ័យទាក់ទងនានាតាមប្រព័ន្ធឌីជីថល ព្រមទាំងប្រមូល រក្សាទុក និងចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ បង្កើតហានិភ័យដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ រួមទាំងសិទ្ធិក្នុងការស្វែងរក ទទួលបាន និងចែកចាយព័ត៌មាននិងគំនិតនានា ក៏ដូចជាសិទ្ធិឯកជនភាពនោះ ក្រសួងថា ជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន។

ផ្ទុយទៅវិញ រដ្ឋាភិបាលគោរពសិទ្ធិឯកជនភាព និងសេរីភាពក្នុងការបញ្ចេញមតិរបស់បុគ្គល និងការពារទិន្នន័យផ្ទាល់ខ្លួន ដែលទាំងអស់នេះមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ សន្ធិសញ្ញាស្ដីពីសិទ្ធិមនុស្សអន្តរជាតិដែលបានផ្ដល់សច្ចាប័នរួច ក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងច្បាប់ស្ដីពីទូរគមនាគមន៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ