ចលនា​មួយ​នៅ​អាមេរិក​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​យក​​បញ្ហា​សិទ្ធិមនុស្ស​​និង​ប្រជាធិបតេយ្យ​មក​ពិភាក្សា​គ្នា

ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជួបពិភាក្សាការងារជាមួយលោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន តាមប្រព័ន្ធវីដេអូ។ (ហ្វេសប៊ុក៖ Ministry of Foreign Affairs and International Cooperation – Cambodia)

ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានស្នើឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅសប្ដាហ៍នេះ លើកយកបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា ថៃ ឡាវ និងហ្វីលីពីន មកពិភាក្សាគ្នាក្រៅពីបញ្ហានៅមីយ៉ាន់ម៉ា។

តាមរយៈសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ បានលើកឡើងថា កិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅកម្ពុជានេះ គួរដាក់បញ្ចូលនូវរបៀបវារៈដែលជាបញ្ហាក្ដៅៗមួយចំនួនទៅក្នុងកិច្ចប្រជុំនេះ។

ក្នុងនោះរួមមាន បញ្ហាជម្លោះព្រំដែនសមុទ្រនៃបណ្ដាប្រទេសសមាជិកអាស៊ាន ការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរលើប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម និងបញ្ហាការរំលោភសិទ្ធិមនុស្សនៅប្រទេសថៃ ឡាវ និងហ្វីលីពីន ជាដើម។

វីអូឌី នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺបន្ថែមពីលោក ទូច វិបុល ប្រធានចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យនេះបាននៅឡើយទេ នៅថ្ងៃពុធនេះ។

ចំណែកអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ក៏នៅមិនទាន់ឆ្លើយតបទៅនឹងសេចក្ដីថ្លែងការណ៍នេះយ៉ាងណានៅឡើយដែរ។

គួរជម្រាបជូនថា បន្ទាប់ពីខកខាន​កិច្ចប្រជុំដំបូងរបស់ខ្លួនកាលពីពាក់កណ្ដាលខែមករាកន្លងទៅនោះ រដ្ឋមន្ត្រីការបរទេសអាស៊ានបានសម្រេចបើកកិច្ចប្រជុំចង្អៀតជាថ្មី ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ។

នៅក្នុងកិច្ចប្រជុំចង្អៀតនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានចំនួន៩ប្រទេស លើកលែងមីយ៉ាន់ម៉ាចេញ​ នឹងពិនិត្យ​មើលឡើងវិញ​នូវ​ការសម្រេច​នានា​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​ឆ្នាំកន្លងទៅ ការ​ផ្លាស់ប្ដូរ​ទស្សនៈគ្នា​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ជា​យុទ្ធសាស្ត្រ​ដែលកំពុង​កើតឡើង​ក្នុង​តំបន់ រួមមាន ការគ្រប់គ្រង​ជំងឺកូវីដ-១៩ ការប្រកួតប្រជែង​ភូមិសាស្ត្រនយោបាយ និង​បញ្ហាសន្តិសុខ​ក្នុង​តំបន់ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ