អ្នកឃ្លាំមើល​សង្កេត​ឃើញ​ថា សកម្មជន​បក្សជំទាស់​ហាក់​អនុវត្ត​ទោស​ក្នុង​កម្រិតខ្ពស់​ជាង​ឧកញ៉ា​មួយចំនួន

លោក ចៅ វាសនា (ឈរកណ្ដាល) ជាមួយក្រុមគ្រួសារ ក្រោយចេញពីមណ្ឌលអប់រំកែប្រែទី៣ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។ (ហ្វេសប៊ុកកូនស្រីរបស់លោក ឈ្មោះ ចៅ រតនៈ)

​អ្នក​ឃ្លាំ​មើល​សង្គ​ម​មួយ​ចំ​នួនយល់ឃើ​ញថា​​ កា​រចូ​លរួ​ម​ក្នុង​ជី​​វភាព​ន​យោ​បាយរបស់ក្រុម​​គណបក្ស​​ជំទាស់​​កំ​ពុង​​ក្លាយជា​​គោលដៅនៃការផ្ដន្ទាទោ​​​សក្នុងកម្រិត​អតិបរមា ដោយ​​ពួកគេ​ត្រូវ​អនុវត្ត​ទោស​រហូត​ដល់​ចប់​ ដែលខុស​ពី​ជនជាប់ចោទមួយចំនួនដែលមានងារជា​ឧកញ៉ា

ការបង្ហាញទស្សនៈ​នេះបានកើតឡើងក្រោយពីអតីតចៅសង្កាត់រងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កូតាពីគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ លោក ចៅ វាសនា បានចេញពីពន្ធនាគារ​ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាលពីម្សិលមិញ ក្រោ​​យអនុវត្តទោស​ក្នុងពន្ធនាគាររហូត​ដល់​ចប់ដែលមានរយៈពេល​៥ឆ្នាំ។

លោក ចៅ វាសនា ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យផ្ដន្ទាទោសឱ្យគាត់​​ជាប់ពន្ធនាគារ៥ឆ្នាំ​ពី​បទ «ញុះ​ញង់» ខណៈគា​ត់​ពេល​នោះ​ចុះឃ្លាំមើលការ​តវ៉ា​របស់​កម្មករ​អូស​រទេះទៅច្រកទ្វារអន្តរជាតិប៉ោ​យប៉ែត អំឡុង​ឆ្នាំ​២០១៧។

​ប្រធា​ន​សមា​គម​កា​រពា​រ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក នី សុខា​ ​មើលឃើ​ញថា ករណីលោក ចៅ វាសនា មិនខុស​​គ្នាទៅនឹង​សកម្មជន និងមេដឹកនាំគណបក្សប្រឆាំងដែលតុលាការ​បានរំលាយ​​នេះប៉ុន្មាន​ទេ ក្រោយ​ពីមាន​វិបត្តិនយោបាយកើត​ឡើង។

លោកថា ការតម្រូវឱ្យលោក ចៅ វាសនា អនុវត្តទោសក្នុងពន្ធនាគាររហូត​ដល់​គ្រប់​រយៈពេល៥ឆ្នាំ​ ហាក់ខុស​គ្នា​ឆ្ងាយ​ពី​ជន​ជាប់​ចោទ​ផ្សេងទៀត​ដែល​មាន​ងារជា​ឧកញ៉ា​មួយ​ចំនួនពាក់ព័ន្ធ​នឹង​គ្រឿងញៀននិងសំណុំ​រឿងឃាតកម្មជាដើម ត្រូវ​បាន​ដោះលែងឱ្យនៅក្រៅឃុំមុនកាលកំណត់​ ឬទម្លាក់បទចោទ។ លោក​មើ​ល​ឃើញ​បញ្ហានេះថា​ សិទ្ធិ​ចូល​រួម​ក្នុង​ជីវភា​ពនយោបាយហាក់បានក្លាយជាគោលដៅចោទ​ប្រកាន់​ក្នុង​ក​​ម្រិត​ទោស​ខ្ពស់។

លោកថា៖ «អ៊ីចឹងបានថារឿងនេះ វាជារឿងអយុត្តិធម៌សម្រាប់​សកម្មជន​នយោបាយទាំងអស់ហ្នឹងណា៎! ពីព្រោះគេធ្វើនយោបាយក្នុងប្រទេសប្រជាធិបតេយ្យ ហើយបែរជាយើងចាប់គេមកដាក់គុក ពាក់ព័ន្ធ​ផ្លូវ​ច្បាប់ វាខុសទៅនឹងប្រទេសដែលប្រកាន់ប្រជាធិបតេយ្យសេរីនោះឯង»។

លោកបារម្ភថា បើបញ្ហានេះមិនត្រូវបានកែលម្អទេ នោះវានឹងរង​នូវការរិះគន់បន្ថែមទៀតថា រប​ត់នយោ​បា​យ​​នៅ​កម្ពុជាកំពុងដើរចេញពីស្មារតីរដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិមួយចំនួនទៀត ស្ដីពីការលើកកម្ពស់សិ​ទ្ធិ​​ពលរដ្ឋនិងសិទ្ធិនយោបាយ។

លោកថា៖ «ធ្វើឱ្យគេមើលឃើញថា កម្ពុជាហ្នឹងកាន់តែដើរប្រាសចាកឆ្ងាយពីគន្លងប្រជាធិបតេយ្យ មិនគួរថា​យើងទៅធ្វើទុក្ខបុកម្នេញអ្នកនយោបាយប្រឆាំង អ្នកដែលមានទស្សនៈ​មិនស្របនឹ​ង​យើង។ បើ​នៅ​ក្នុងប្រទេស​ប្រជាធិ​ប​តេយ្យ គេមិនយកទោស​អូស​ដំណើរទេ គេឱ្យសេរីភាពទៅឱ្យអ្នកទាំងអស់ហ្នឹង»។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ចាត់ទុកករណីលោក ចៅ វាសនា ថាជារឿងអយុត្តិធម៌ដែលមិនអាចទទួលយកបាន ដោយថា មុនការ​ចាប់ខ្លួន លោកចៅ វាសនា ​ជាចៅ​សង្កាត់​រង​​ទទួ​លប​ន្ទុកផែន​សន្តិ​សុខ ដូច្នេះរាល់ការតវ៉ា គាត់មានតួនាទី​ចុះឃ្លាំមើលក្នុងដែនសមត្ថកិច្ចរបស់​ខ្លួន តែបែរជា​ជាប់ចោទ​ថា​ញុះញង់​ទៅ​វិញ។

លោកថា៖ «គាត់ជាប់គុកនេះ គឺជាប់ដោយអយុត្តិធម៌​តែម្ដង យើងឃើញស្រាប់ហើយពាក់ព័ន្ធនឹងការបាញ់សម្លាប់ក្ដី គ្រឿងញៀនរាប់គីឡូទាំងអស់ហ្នឹង វាបានមកនៅយ៉ាងសុខស្រួល ជាប់គុកដូចជាមិនជាប់អ៊ីចឹង! ដល់​យើងអ្នកធ្វើការសង្គម អ្នកនយោបាយ វាទៅជាប់គុករហូតដល់៥ឆ្នាំ វាគ្មានតុល្យភាព»។

ឧកញ៉ា គិត ធាង អ្នក​ជំនួញ​ដ៏​លេច​ធ្លោ​ម្នាក់​ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនា​គារ​​រយៈ​ពេល៤ឆ្នាំ​ កាលពីខែមីនា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន​ជិត៥០​គីឡូ​ក្រាម នៅក្នុង​​មណ្ឌល​​កម្សាន្ត​រ៉ុក ​(ROCK) ក្នុងរាជធានីភ្នំពេញ ក្រោម​បទ «ចាត់​ចែងសម្រួល​ឱ្យ​មាន​ការ​ប្រើ​ប្រាស់​​ដោយ​ខុស​​ច្បាប់​នូវសារធាតុ​ញៀន» និងបទ «សម​គំនិត»។ ប៉ុន្តែ​លោក គិត ធា​ង​ ត្រូវ​បានសាលាឧទ្ធរណ៍​​សម្រេច​​​​កាត់​​តម្រឹមទោស​ត្រឹម២ឆ្នាំ ដោយ​ទោសនៅសល់ត្រូវព្យួរ និង​ដោះ​លែងលោក​​ឱ្យ​មាន​សេរីភាព​វិញនៅ​អំឡុងឆ្នាំ២០២១។​

ដោយឡែក ឧកញ៉ា ថោង សារ៉ាត់ ដែលជាប់ចោទ​ក្នុងសំណុំរឿងបាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ អំឡុង​ឆ្នាំ២០១៤ ហើយ​ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិ​តនោះ ក៏ត្រូវបាន​សា​លាឧទ្ធរណ៍​ទម្លាក់​បទ​ចោទ​វិញនៅឆ្នាំ២០២០ ដោយសម្អាងថា គាត់មិនជាប់ពាក់ព័ន្ធដូចកា​រ​រកឃើញ​រប​​​ស់សាលាដំបូង។

អ្នកវិភាគសង្គម កញ្ញា លី ស្រីស្រស់ មើលឃើញ​ថា ការកាត់ទោសឬទម្លាក់​បទ​ចោទ​ដល់​ជន​ជាប់​ចោទ​ណាម្នាក់​ជា​ឆន្ទានុសិទ្ធិរបស់ចៅក្រម ក៏ប៉ុន្តែថា សកម្មជនន​យោបាយត្រូវបានគេដាក់បន្ទុកខុសប្លែក​ពី​សំណុំរឿង​ទៅ​លើ​ជន​ជាប់ចោទដែល​មាន​ងារ​ជា​ឧកញ៉ា។ 

កញ្ញាថា៖ «អ៊ីចឹង​អ្វីដែលយើងមើលទៅការថ្លឹងថ្លែង​ចំពោះការផ្ដល់យុត្តិធម៌នៅក្នុងប្រទេសកម្ពុជា​ហ្នឹង គឺហាក់​ដូច​ជា​ផ្ដល់​បន្ទុកនៃការចូលរួមនយោបាយបាន​ហ្នឹង​ច្រើនជាងនៅក្នុងករណីផ្សេងទៀត»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ច្រានចោលការលើកឡើងនេះ ដោយសម្អាងថា នៅកម្ពុជា ចំណាត់​ការច្បាប់មិនបានផ្ដោតទៅលើការចូលរួមក្នុងជីវភាពនយោបាយឬមិនចូលរួម​នោះ​ទេ ហើយ​ស្ថាប័ន​តុលាការ​​បាន​ចាត់វិធានការ​ទៅ​លើ​តែ​អ្នក​ដែល​ល្មើស​ច្បាប់​ប៉ុណ្ណោះ។ លោកថា ​ការទម្លាក់បទចោទទៅលើ​ជន​ជាប់ចោទណាមួយ ក៏​អាស្រ័យ​លើ​ការ​រក​ឃើញ​របស់​ចៅ​ក្រម។

លោកថា៖ «រាល់ការចោទប្រកាន់និងផ្ដន្ទាទោសមិនមែនដោយសារតែធ្វើសកម្មភាពនយោបាយ​ទេ ដោ​យ​សា​​រ​តែ​ការ​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្មទណ្ឌ​ ហើយអាជ្ញាធរ​មាន​សមត្ថកិច្ច​គេ​មាន​ភស្តុ​តាងដែលបញ្ជាក់ច្បា​ស់ថាវាជាបទល្មើស ហើយការផ្ដន្ទាទោសវាខុសគ្នាទៅតាមស្ថានភាពនៃបទល្មើស និងបច្ច័យនៃបទល្មើសនីមួយៗ»។

យ៉ាងណានេះក្ដី អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២១ បាន​និយាយ​​ថា «តុលាការនៅកម្ពុជាត្រូវបានប្រើប្រាស់ជាមធ្យោបាយជាថ្មីទៀត ក្នុងការបំបិទសំឡេងរិះគន់របស់អ្នកដែលហ៊ាននិយាយរិះគន់» ក្នុងសេចក្ដីថ្លែងការណ៍រួមនោះ ក៏បាននិយាយផងដែរថា ការធ្លាក់ចុះលំហពលរដ្ឋ​និង​នយោបាយ​នៅ​កម្ពុជាមាន​ការរៀបចំច្បាស់លាស់និងមានលក្ខណៈជាប្រព័ន្ធ ដែលការណ៍នេះ ត្រូវបានឆ្លុះបញ្ចាំងជាថ្មីតា​ម​រយៈការផ្ដន្ទាទោសលើអ្នកការពារសិទ្ធិមនុស្សនិងសកម្មជនសរុប១៥​​នាក់នៅក្នុងសំណុំរឿងផ្សេងៗគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ