លោក ប្រាក់ សុខុន គ្រោង​ទៅ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា​នៅ​ដើម​ខែក្រោយ

លោកប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមដឹកនាំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (ASEAN Foreign Ministers’ Retreat) នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ Ministry of Foreign Affairs and International Cooperation – Cambodia)

រដ្ឋមន្ត្រីការបរទេស​កម្ពុជា និងជាប្រេសិតពិសេស​អាស៊ាន លោក ប្រាក់ សុខុន គ្រោង​នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​មីយ៉ាន់ម៉ា​នៅសប្ដាហ៍​ទី២​​​នៃ​​ខែ​​មីនាខាង​​មុខ​​នេះ ក្នុង​​នាម​​លោក​​ជា​ប្រេសិត​ពិសេស​ប្រធាន​អាស៊ានស្ដីពី «បញ្ហានៅមី​យ៉ាន់​ម៉ា»។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងនៅ​​ក្នុង​សន្និសីទកាសែត​ ក្រោយ​ពីបិទ​បញ្ចប់​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅរាជធានី​​ភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍​​នេះ​​​ថា លោកមានគម្រោង​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​មីយ៉ាន់ម៉ា​ នៅ​សប្ដាហ៍​ទី២​នៃខែមីនា​ខាងមុខនេះ។

យ៉ាងណាក្ដី លោកនៅមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទពិតប្រាកដ​នៅថ្ងៃណានៅឡើយទេ ដោយ​អាស្រ័យ​លើ​របប​សឹក​ភូមា​ជាអ្នក​កំណត់និង​ជា​អ្នក​រៀប​ចំ។

បើតាម​គម្រោង​ ក្នុងដំណើរទស្សនកិច្ចនេះ លោកនឹង​លើក​ឡើង​ពី​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង៥ចំណុចរប​ស់​​​អាស៊ាន​ទៅកាន់របបសឹកមីយ៉ាន់​ម៉ា និង​ស្នើសុំជួបមេដឹកនាំ​របប​សឹក​ភូមា លោក មីន អ៊ុង​ឡាំង, រដ្ឋមន្ត្រីការបរទេស​មីយ៉ាន់ម៉ា, ឯកអគ្គរដ្ឋទូតទាំងអស់​ប្រចាំនៅប្រទេស​មីយ៉ាន់ម៉ា រួមទាំងភាគីពាក់ព័ន្ធផ្សេងៗ​ទៀត។ ក៏ប៉ុន្តែលោករដ្ឋមន្ត្រីមិន​បាន​បញ្ជាក់ថា លោកមានគម្រោងស្នើសុំជួបលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​ប្រជាធិបតេយ្យ​មី​យ៉ាន់ម៉ា​នៅ​ឡើយ​ទេ។

រដ្ឋមន្ត្រីការបរទេស​នៃរបប​សឹក​មីយ៉ាន់ម៉ា មិនត្រូវបានអញ្ជើញឱ្យមកចូលរួមកិច្ចប្រជុំចង្អៀត​រដ្ឋមន្ត្រីការបរទេសអាស៊ាន​នៅកម្ពុជានៅថ្ងៃនេះទេ ដោយសារតែរបបសឹកមិនអាចអនុវត្ត​បាននូវកិច្ចព្រមព្រៀង៥ចំណុចរបស់អាស៊ាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ