រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន តាមរយៈវីដេអូអនឡាញ (Online) ពីបន្ទប់របស់លោក ក្រោយពីលោកត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅពេលមកដល់ប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានប្រាប់អ្នកសារព័ត៌មានតាមសារអេឡិចត្រូនិចតេឡេក្រាមថា រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានចូលរួមកិច្ចប្រជុំតាម Online បន្ទាប់ពីធ្វើតេស្តវិជ្ជមានកូវីដ-១៩ បន្ទាប់ពីលោកបានធ្វើដំណើរមកដល់កម្ពុជា កាលពីរសៀលថ្ងៃពុធម្សិលមិញ។
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលកម្ពុជាធ្វើជាប្រធាននេះ បានចាប់ផ្ដើមនៅថ្ងៃទី១៧ ខែកុម្ភៈនេះ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមផ្ទាល់ពីរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ឡាវ ម៉ាឡេស៊ី និងអគ្គលេខាធិការអាស៊ាន ខណៈរដ្ឋមន្ត្រីការបរទេសថៃ ប្រុយណេ និងវៀតណាម ចូលរួមប្រជុំតាមរយៈ Online។ ចំណែកប្រទេសមីយ៉ាន់ម៉ា មិនបានបញ្ជូនតំណាងមកចូលរួមប្រជុំនោះទេ។
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃនេះ បានផ្ដោតលើប្រធានបទពីរសំខាន់ គឺទាក់ទងនឹងជំងឺរាតត្បាតកូវីដ-១៩ និងការស្ដារឡើងវិញនូវសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩៕












