កម្ពុជាបន្តរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី «អូមីក្រុង» ជាង៤១០នាក់បន្ថែមទៀត (យោងតាមលទ្ធផលបញ្ជាក់ដោយ PCR test) ខណៈមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេនៅថ្ងៃម្សិលមិញ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤១៤នាក់ទៀត ដែលសុទ្ធតែជាប្រភេទអូមីក្រុងទាំងអស់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន២៦នាក់ និងឆ្លងក្នុងសហគមន៍៣៨៨នាក់។ ចំណែកអ្នកជាសះស្បើយថ្មីវិញ ក្រសួងថាមានចំនួន២៤៧នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួ ១២៥ ២០១នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១១៩ ៨៨០នាក់ និងអ្នកស្លាប់ចំនួន៣ ០១៥នាក់ រួមទាំងករណីនាំចូលពីក្រៅប្រទេសចំនួន២០ ៥៥៣នាក់។ ចំណែក ករណីឆ្លងអូមីក្រុងក្នុងសហគមន៍វិញ ក្រសួងថា គិតមកដល់ពេលនេះបានកើនដល់៤ ០៦៤នាក់៕












