អភិបាលស្រុក​បន្ទាយស្រី​រង​បណ្ដឹង​រឿង​រំលោភ​លើ​ដី​កម្មសិទ្ធិ​ឯកជន​ទំហំ​២០០ហិកតា

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ក្នុងកិច្ចប្រជុំមួយកាលពីពេលកន្លងទៅ។ (ហ្វេសប៊ុក៖ ឃឹម ហ្វីណង់ – Khim Finan)

អភិបាលស្រុកបន្ទាយស្រី រងប​ណ្ដឹង​​​​នៅតុលាការខេត្តសៀមរាប​ ក្រោយ​ពីស្រ្តីជាអាជីវក​រ​ម្នាក់ប្ដឹង​​ពី​បទ «​រំលោភទ្រពសម្បត្តិដែលជាកម្មសិទ្ធិឯកជន» និងបំពានសេចក្ដីសម្រេចរបស់តុលាការស្ដីពី​ដី​កា​រក្សាការពារលើដី​ទំនាស់ប្រមាណ២០០ហិកតា។

អ្នកស្រី លី អ៊ុំអេង ដែលអះអាងថាជាអាជីវករនៅខេត្តសៀមរាប ប្រាប់​ វីអូឌី នៅថ្ងៃសុក្រនេះថា​ អ្នក​ស្រី​បាន​ប្ដឹង​​ចៅ​​ហ្វាយ​​ស្រុក​បន្ទាយស្រី គឺលោក ឃឹម ហ្វីណង់ ទៅតុលាការខេត្ត​​សៀម​​រាប​​រួច​​​ហើយ កាល​ពីថ្ងៃទី១៤ ខែកុម្ភៈ កន្លង​​ទៅ​​​នេះ​។

អ្នកស្រីបន្តថា មូលហេតុដែលនាំ​​ឱ្យអ្នក​​ស្រី​ប្ដឹង​​ទៅ​តុ​​លា​ការ ព្រោះ​​តែចៅហ្វាយស្រុករូបនេះ​បាន​​បំពាន​ទៅនឹងដីកា​រក្សា​ការ​ពារ ដែល​អ្នកស្រី​​ធ្លាប់​​​ឈ្នះ​​​ក្ដី​រួចមក​​ហើយ ជាមួយរដ្ឋបាល​ខណ្ឌ​ព្រៃឈើ​​កាល​ពី​ឆ្នាំ២០១៣។

អ្នកស្រីមានប្រសាសន៍ថា៖ «គាត់ធ្វើហ្នឹងខុសនីតិវិធីច្បាប់ ព្រោះដីខ្ញុំមានសាលក្រមពីតុលាការ និង​​មាន​​​​​​ដីការក្សាការពារ ហើយមានរបង​ព័ទ្ធ​ជុំវិញ ព្រមទាំងមានដំណាំអាស្រ័យផល​ជាក់ស្ដែង​១៩​ឆ្នាំ​ហើយ​​ »។

បើតាមអ្នកស្រី លី អ៊ុំអេង អ្វីដែលកាន់តែធ្វើ​​ឱ្យ​​អ្នក​​​ស្រីមិនអាច​នៅស្ងៀមបាននេះ ក៏ព្រោះតែ​​​អភិបាល​ស្រុកបាន​​កៀរគរមនុស្សពីតំបន់ផ្សេងឱ្យទៅ​ធ្វើរបងនិងបោះបង្គោល​​ព្រំ​​ដីអស់​ប្រមា​ណ​១៤៨ហិកតា ក្នុងចំណោមដីសរុប២០០ហិកតា​ដែលកំពុងមានវិវាទ។

ឆ្លើយតបនឹង​ការចោទប្រកាន់នេះ លោក ឃឹម ហ្វីណង់ អភិបាល​​ស្រុកបន្ទាយស្រី បាន​បដិសេធ​ចំពោះ​​​​​​​ការ​​​​ចោទ​ប្រកាន់​​ពី​អ្នកស្រី លី អ៊ុំអេង ដោយ​ចាត់ទុកបណ្ដឹង​ប្រឆាំង​រូប​លោក​នេះ​ថា ជានីតិវិធី​​ដែល​​​​មិន​​ស្រប​ទៅនឹ​ង​គោលការណ៍ច្បាប់ទេ។ ម្យ៉ាងវិញ​ទៀត លោកថា ការប្ដឹងចោទប្រកាន់​​រូប​លោកថា ក្នុ​ងឋានៈ​​​ជា​​ចៅហ្វាយ​ស្រុក ដើរកៀ​រគរ​មនុស្ស ដើម្បី​ទៅបំ​ពាន​ដីកម្មសិទ្ធិឯកជននេះ ក៏​រឹត​តែ​មិនមាន​​​​ថែម​​​ទៀត​ផង​​។

លោកបន្តថា ជាក់ស្ដែង ដីដែលកំពុងមានទំនាស់នេះជាដីគម្រប​​ព្រៃឈើរបស់រដ្ឋ​ឆ្នាំ​​២០០​​២នៅ​​ឡើយ ហេតុនេះពុំមានបុគ្គលណាម្នាក់មានសិទ្ធិទៅអាស្រ័យផល​បានឡើយ​ សូម្បីតុលាការ​ក៏​​មិន​​​​​អាចចាប់បង្ខំឱ្យ​បុគ្គលណាម្នាក់​ទទួលយកបានដែរ។ លោក​​បន្ថែម​ថា ការ​​កាន់​​​កាប់​​​​​​ទៅបាន លុះ​​​​ត្រា​រដ្ឋ​​ធ្វើ​​អនុ​​ប្រយោគពីដីសាធារណៈរបស់រដ្ឋ​ទៅ​ជាដីឯកជនរបស់​រដ្ឋជា​​មុន​​សិន ទើប​​អាច​​​​អនុ​វត្ត​​​​​​បាន​។

លោកបន្តថា៖ «តាមពិតទៅ ដីនេះជាដី​​ដែលមានទំនាស់នៅលើដី​របស់រដ្ឋនៅឡើយ។​​ រឿង​នេះ​មែន​ទែន​ទៅ​ វាមិន​មែន​ជា​ដីឯកជន​ទេ​ ហើយ​ដាច់​ខាត​មិន​អាច​មាន​សាល​ដីកា​នៃ​តុលាការ​ណា​មួយ​​កាត់​ក្ដីលើ​ដីរដ្ឋ ដើម្បី​ប្រគល់​ទៅ​ឱ្យ​បុគ្គល​ឯកជន​បាន​ទេ។ ច្បាប់​របស់​ព្រះរាជាណា​ចក្រ​កម្ពុជា​របស់​យើង​មិនអា​ចអនុញ្ញាត​ឱ្យមានទម្រង់បែបនេះបានឡើយ»។     

នៅក្នុងបណ្ដឹងដែលអ្នកស្រី លី អ៊ុំអេង បាន​ដាក់ប្ដឹងទៅតុលាការកា​លពីថ្ងៃទី១៤ ខែកុម្ភៈនោះ ធ្វើ​ឡើង​​​​បន្ទាប់​ពីចៅហ្វាយស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ ​កាល​​ពីខែ​មករា ឆ្នាំ២០២២ កន្លង​​ទៅ​​​នេះ​ បានអនុវត្តរំលោភលើ​ដីការក្សាការពាររបស់តុលាការផង និងប្រមូលប្រជាពលរដ្ឋមក​ពី​តំបន់​​​ផ្សេងឱ្យចូលមកចាប់ដីរបស់អ្នកស្រីធ្វើជាកម្មសិទ្ធិផង។

​ពាក្យបណ្ដឹងបង្ហាញទៀតថា អ្នកស្រី លី អ៊ុំអេង បាន​​​ទិញ​​ដី​​ដែលស្ថិតក្នុងទីតាំងកំពុង​មាន​វិវាទ ក្នុង​​ឃុំ​​​រំចេក ស្រុកបន្ទាយស្រី​នេះ​​​​​ តាំង​​​​ពីឆ្នាំ២០០៣ ក្នុងទំហំ២០០ហិកតា ពីអ្នកភូមិផ្សេង​​ៗគ្នា​​។ ​​ក្រោយ​​​​​ពីទិញរួច ដីនេះ អ្នកស្រី​បានផ្ទេរនិងដាក់ឈ្មោះទៅឱ្យកូនស្រីឈ្មោះ​ លី សេង​ឆៃ ជា​អ្នក​គ្រប់​គ្រង។ ​​គិត​​ចាប់ពីថ្ងៃទិញមកដល់សព្វថ្ងៃនេះ អ្នកស្រី លី អ៊ុំអេង អះអាងថា មានរយៈ​ពេល​១៩​ឆ្នាំ​ហើយ ហើយ​អ្នកស្រី​អាស្រ័យ​​ផល​​ជា​ប្រចាំ ដោយ​​មានរបងព័ទ្ធជុំវិញដី មានផ្លូវ និង​ដំណាំ​ហូប​ផ្លែ​ ជា​ដើម។

បើតាម​អ្នកស្រី លី អ៊ុំអេង ចាប់តាំងពីទិញរួច អភិបាល​ស្រុកបន្ទាយស្រីបានផ្លាស់ប្ដូរអស់៧រូប​មក​ហើយ ប៉ុន្តែ​ពុំមានបញ្ហាអ្វីទេ។ អ្នកស្រីបន្តថា ទើបតែនៅក្នុងអាណត្តិអភិបាល​​ស្រុក​​ថ្មី​​នេះប៉ុណ្ណោះ ទើប​មាន​បញ្ហាកើតឡើង។

វីអូឌី មិនអាចសុំការឆ្លើយតបពីអយ្យការអមសាលាដំបូងខេត្តសៀមរាប អ្នក​​ស្រី សាត ធីតា បាន​ទេ ​នៅ​ថ្ងៃសុក្រ​នេះ ខណៈមេឃុំ​រំចេក លោក ឌឹក អ៊ីង មិនអាចទាក់ទងបាន​។

​​ប៉ុន្តែតាមរយៈបណ្ដឹងប្រឆាំងអភិបាល​ស្រុកបន្ទាយស្រីដែលដាក់​ទៅ​តុលាការ គឺ​តំណាង​​​​អយ្យ​ការ​​បាន​ទទួល​រួច​ហើយកាល​​ពីថ្ងៃទី១៥ ខែ​កុម្ភៈ។ ទាក់​ទិនរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា យល់​​​ឃើញ​ថា បើ​​ផ្អែក​លើអង្គហេតុនេះ ទំនងម្ចាស់ភាគី​ទទួល​បាន​ឯកសារទិញលក់ត្រឹមត្រូវនិង​​ស្រប​​ទៅ​​​តាម​​​ច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ