ក្រុមហ៊ុន Opennet នឹង​ត្រូវ​បិទ​ជា​បណ្ដោះ​អាសន្ន​នៅ​សប្ដាហ៍​ក្រោយ ដោយសារ​បំណុល​ជាង​៦លាន​ដុល្លារ

សាខាមួយនៃក្រុមហ៊ុន Opennet នៅខេត្តបាត់ដំបង។ (ហ្វេសប៊ុក៖ Opennet WiFi Cambodia)

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងចុះទៅបិទក្រុមហ៊ុន King Technologies (Opennet) ជាបណ្ដោះអាសន្ននៅសប្ដាហ៍ក្រោយនេះ បន្ទាប់ពីក្រុមហ៊ុនដែលផ្ដល់សេវាអ៊ីនធឺណិតនៅកម្ពុជាមួយនេះមិនព្រមចូលទៅទូទាត់បំណុលប្រមាណជា៦,៦លានដុល្លារអាមេរិក។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក សូ វិសុទ្ធី បានប្រាប់ វីអូឌី តាមរយៈសារអេឡិចត្រូនិច (តេឡេក្រាម) នៅថ្ងៃសុក្រនេះថា ក្រសួងបានរកឃើញបំណុលរបស់ក្រុមហ៊ុន King Technologies (Opennet) ជាង៦លានដុល្លារអាមេរិកដែលបានជំពាក់ចាប់តាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ និងវិភាគទានបន្ថែមចូលមូលនិធិ USO និង CBRD សរុបជាង១លាន៨សែនដុល្លារអាមេរិកដែលមិនបានប្រកាសពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។

លោកបានបន្ថែមថា ក្រុមហ៊ុន Opennet មិនបានធ្វើការទូទាត់ប្រាក់បំណុលឱ្យបានសព្វគ្រប់ទេ ដោយបានបង់បំណុលតែ១លាន៣សែនដុល្លារ (១,៣លានដុល្លារ) ហើយគេចវេះមិនបានបង់បំណុលដែលនៅសល់៦លាន៦សែនដុល្លារ (៦,៦លានដុល្លារ)ទៀត។

លោក សូ វិសុទ្ធី បានសរសរថា៖ «ក្រសួងបានអនុវត្តវិធានការ ដោយនិយ័តករទូរគមនាគមន៍កម្ពុជានឹងចេញលិខិតព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន។ ហើយនៅអាទិត្យក្រោយនេះ ក្រុមការងារក្រសួងនឹងចុះទៅបិទក្រុមហ៊ុនជាបណ្ដោះអាសន្ន»។

កាលពីថ្ងៃទី១០ ខែកុម្ភៈ ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញលិខិតរួមគ្នាមួយដោយបង្គាប់ឱ្យក្រុមហ៊ុន King Technologies (Opennet) ចូលមកទូទាត់ប្រាក់បំណុលក្នុងរយៈពេល៧ថ្ងៃ។

សេចក្ដីជូនដំណឹងរបស់ក្រសួងទាំងពីរបានព្រមានថា ក្នុងករណីក្រុមហ៊ុននៅតែគេចវេះមិនព្រមទូទាត់បំណុលជូនរដ្ឋ ក្រសួង​ទាំងពីរ​នឹង​ចាត់វិធានការដទៃទៀតស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ